លោក Emmanuel Macron ដែលជាប្រធានាធិបតីបារាំងវ័យក្មេង ត្រូវបានបុរសម្នាក់អាយុ ២០ឆ្នាំស្រែកជេរនៅឯពិធីពិព័រណ៍ចំណីអាហារ និងបដិសណ្ឋារកិច្ចនៅក្រុងលីយ៉ុង។ ពងមាន់មួយគ្រាប់បានហោះចំក្បាលប្រធានាធិបតីបារាំងរូបនេះ ក្នុងអំឡុងលោកកំពុងទស្សនាពិព័រណ៍ពាណិជ្ជកម្មមួយនៅទីក្រុងលីយ៉ុង។
សារព័ត៌មានក្នុងស្រុកមួយឈ្មោះ លីយ៉ុងម៉ាក បានបញ្ចេញវីដេអូមួយដែលបង្ហាញពីស៊ុតមួយគ្រាប់គប់ចំក្បាលរបស់ប្រធានាធិបតីបារាំង ខណៈដែលលោកកំពុងធ្វើដំណើរក្នុងហ្វូងមនុស្សនៅមជ្ឈមណ្ឌលតាំងពិព័រណ៍។ ពេលត្រូវចំក្បាលលោក Macron គឺពងមាន់នោះមិនបែកទេ ហើយពងមាន់នោះខ្ទាតធ្លាក់លើឥដ្ឋទើបវាបែក។
វីដេអូនោះបានបង្ហាញរូបភាពលោក Macron ត្រូវបានការពារដោយអង្គរក្ស តែមានជនដៃដល់ម្នាក់អាយុ ២០ឆ្នាំដែលស្រែកថាបដិវត្តន៍រស់ឡើងវិញហើយ ក៏គប់លោក ម៉ាក្រុង មួយពងមាន់តែម្ដង។ បុរសរូបនោះត្រូវបានចាប់ខ្លួនដោយប៉ូលិសនៅកន្លែងកើតហេតុ។
ទីភ្នាក់ងារសារព័ត៌មាន France Press បានរាយការណ៍ថា លោក Macron បានស្នើសុំឱ្យទីប្រឹក្សារបស់លោកតាមសួរអ្នកគប់ពងមាន់លើរូបលោក។ លោក Macron ផ្ដាំថា ប្រសិនបើម្នាក់នោះមានអ្វីចង់និយាយមករករូបលោក គឺសូមឱ្យគាត់មកនិយាយមក។
លោក Macron បានទៅទស្សនាការតាំងពិព័រណ៍នេះ ដើម្បីពិភាក្សាជាមួយអ្នកជំនាញឧស្សាហកម្មភោជនីយដ្ឋាន និងបដិសណ្ឋារកិច្ច។ ប្រជាជនទាំងនោះបានសរសើរលោក Macron ជាខ្លាំងចំពោះការបញ្ជូនមូលនិធិរដ្ឋាភិបាលការពារជំងឺរាតត្បាតមកជួយឧស្សាហកម្មនេះក្នុងតំបន់។
ហេតុការណ៍ដូចនេះ បានកើតឡើងពីរលើកមកហើយ ដែលបានកើតឡើងកន្លងមកឃើញថាការដឹកនាំរបស់លោក Macron មានកម្សោយ និងសម្អប់ ព្រោះឧបទ្ទវហេតុនេះកើតក្រោយតែ ៣ខែប៉ុណ្ណោះដែលបុរសម្នាក់មិនទាន់ចេញរួចពីពន្ធនាគារដោយការដាក់ទោសបួនឆ្នាំករណីទះកំផ្លៀងលោក Macron មួយដៃយ៉ាងធ្ងន់។
ប្រធានាធិបតី Macron ត្រូវបានបុរសម្នាក់នៅក្នុងហ្វូងមហាជនទះកំផ្លៀង ខណៈដែលលោកបម្រុងនឹងនិយាយទៅកាន់សាធារណជនក្នុងដំណើរទស្សនកិច្ចនៅភាគអាគ្នេយ៍ប្រទេសបារាំង។
រូបភាពដែលបានចែករំលែកពេញបណ្ដាញសង្គម គឺ CNN កាលណោះបានបង្ហាញរូបភាពឃើញលោក Macron ដើរទៅរកហ្វូងមនុស្ស ហើយចាប់ដៃបុរសម្នាក់នៅក្នុងហ្វូងមហាជន គឺមួយរំពេច លោកត្រូវបានស្វាគមន៍ភ្លាមៗដោយការទះមួយកំផ្លៀងរបស់បុរសនោះ។
ពេលនោះ អង្គរក្សរបស់លោក Macron ក៏ស្ទុះអន្តរាគមន៍យ៉ាងឆាប់រហ័សដោយចាប់បុរសនោះ ហើយការពារប្រធានាធិបតី ប៉ុន្តែលោក Macron រងមួយកំផ្លៀងយ៉ាងធ្ងន់ទៅហើយ៕