គណបក្សចលនាទៅមុខ (MFP) បានប្រាប់តុលាការរដ្ឋធម្មនុញ្ញថៃ ថាបើតុលាការសម្រេចចេញសាលដីការំលាយគណបក្សប្រឆាំងធំទីពីរនេះជាថ្មីម្ដងទៀត ដោយព្រមានថា សង្គមថៃនឹងកើតមានចលាចលនយោបាយធ្ងន់ធ្ងរ។
ក្រុមអ្នកគាំទ្រវ័យក្មេងរបស់បក្សនេះព្រមានថា អាចបង្កឱ្យមានការផ្ទុះចលាចលសង្គម ហើយបានស្នើឱ្យអ្នកកាន់អំណាចកុំចាត់ទុកយុវជនជំនាន់ក្រោយជាសត្រូវ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ ដែលបានចុះផ្សាយកាលពីថ្ងៃទី១១ ខែវិច្ឆិកា។
អគ្គលេខាធិការបក្សចលនាទៅមុខ (MFP) របស់លោក Chaithawat Tulaton កាលពីថ្ងៃព្រហស្បតិ៍ ទី១១ វិច្ឆិកា បានដឹកនាំសមាជិកសភាគណបក្សធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងបណ្ដឹងរបស់លោក Natthaporn Toprayoon ជាទីប្រឹក្សាច្បាប់របស់ការិយាល័យរដ្ឋអាជ្ញាដែលស្វែងរកការរំលាយគណបក្ស MFP តាមសាលដីការបស់តុលាការរដ្ឋធម្មនុញ្ញ ក្រោមបទចោទថាបក្សនេះមានផែនការផ្ដួលរំលំរបបរាជាធិបតេយ្យ។
លោក Natthaporn ដែលបានដាក់បណ្ដឹងទៅតុលាការបានថ្លែងក្នុងបទសម្ភាសន៍សារព័ត៌មានមួយដោយបានបង្ហើបថា លោកនឹងដាក់ភស្តុតាងទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត ដើម្បីស្វែងរកការរំលាយគណបក្សប្រឆាំងធំទីពីរនេះ ដោយយោងលើសាលដីការបស់តុលាការរដ្ឋធម្មនុញ្ញ។
អគ្គលេខាធិការគណបក្ស MFP បាននិយាយថា សេចក្តីសម្រេចរបស់តុលាការអាចបង្កើនភាពតានតឹងផ្នែកនយោបាយ ដោយសារតែរដ្ឋាភិបាល មន្ត្រីរដ្ឋ និងក្រុមនយោបាយមួយចំនួនចាប់ពីពេលនេះតទៅ នឹងប្រើប្រាស់សេចក្តីសម្រេចរបស់តុលាការជាមូលដ្ឋាន ដើម្បីគាបសង្កត់សេរីភាពនៃការបញ្ចេញមតិ ដោយអះអាងថាការនិយាយបែបនេះគឺស្មើនឹងការព្យាយាមផ្តួលរំលំរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។
លោក Chaithawat Tulaton អះអាងថា បក្សរបស់លោកបានប្រកាន់ខ្ជាប់នូវការបន្ធូរបន្ថយជម្លោះនយោបាយ ប៉ុន្តែលោកស្នើកុំឱ្យចាត់ទុកជាការគំរាមកំហែងដល់ប្រទេស និងកុំចាត់ទុកយុវជនជំនាន់ក្រោយជាសត្រូវ។
លោក Chaithawat អះអាងថា សមាជិកសភាបក្ស MFP ដែលបានដើរសង្កេតមើលការតវ៉ាតាមដងផ្លូវ និងបានជួយដោះលែងបាតុករដែលត្រូវបានឃុំខ្លួនក្នុងសំណុំរឿងនយោបាយ រួមជាមួយនឹងសំណើរបស់គណបក្សដើម្បីកែប្រែក្រមព្រហ្មទណ្ឌ រួមទាំងមាត្រា ១១២ មិនអាចក្លាយជាភស្តុតាងដើម្បីរំលាយគណបក្ស MFP ឡើយ។ លោកបានបន្ថែមថា សមាជិកសភាគណបក្សដែលបាននៅក្រៅឃុំ និងអ្នកត្រូវបានចាប់ខ្លួន បានបំពេញតួនាទីជាសមាជិកសភា និងធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ។
តែយ៉ាងណា លោកអគ្គលេខាធិការទទូចថា គណបក្សមិនបារម្ភអំពីការប៉ុនប៉ងរំលាយគណបក្សនេះជាថ្មីទៀតនោះទេ ប៉ុន្តែបានត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ណាមួយ បើឈានដល់ដំណាក់កាលចុងក្រោយ។
លោក Chaithawat បញ្ជាក់ថា លោកនិងអ្នកគាំទ្របក្ស MFP នឹងតស៊ូដល់ទីបញ្ចប់ដោយមិនគិតពីសម្ពាធ ហើយបក្ស MFP ប្ដេជ្ញាប្រឆាំងនឹងរបបផ្ដាច់ការរបស់អ្នកធ្វើរដ្ឋប្រហារឆ្នាំ២០១៤។ លោកបន្តថា បក្សនឹងតស៊ូដើម្បីការពារលទ្ធិប្រជាធិបតេយ្យ។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ តុលាការរដ្ឋធម្មនុញ្ញបានសម្រេចរំលាយគណបក្សប្រឆាំងធំទីពីរនេះម្ដងហើយ ដែលពីមុនមានឈ្មោះថាបក្សអនាគតឆ្ពោះទៅមុខ (FFP) ដឹកនាំដោយសេដ្ឋីវ័យក្មេង Thanathorn Juangroongruangkit។ មូលហេតុដែលនាំឱ្យបក្សប្រឆាំងធំទីពីរនៅរាជាណាចក្រថៃ ត្រូវបានរំលាយ គឺដោយសារតែបក្សនេះត្រូវបានចោទថាបានប្រើប្រាស់មូលនិធិដោយខុសច្បាប់ រំលោភច្បាប់បោះឆ្នោត និងច្បាប់គណបក្សនយោបាយ ឆ្នាំ២០១៧។ ច្បាប់នេះ បានហាមបក្សនយោបាយទាំងអស់ និងគណៈកម្មាធិការនាយកទទួលមូលនិធិ ឬទ្រព្យសម្បត្តិ ឬផលប្រយោជន៍ណាមួយដែលជាការខុសនឹងច្បាប់បោះឆ្នោត។
ការប្រើប្រាស់មូលនិធិនេះ គឺជាប្រាក់កម្ចីដែលលោក Thanathorn បានបញ្ចេញប្រាក់របស់លោកសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងការបោះឆ្នោតសភា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ គឺជាការបំពានច្បាប់ដែលបានដាក់កំហិតឱ្យបក្សនយោបាយនីមួយៗមានឱកាសប្រើប្រាស់ ដើម្បីឃោសនាបោះឆ្នោតនូវមូលនិធិត្រឹមតែ ១០លានបាតប៉ុណ្ណោះ។
ប៉ុន្តែបក្សអនាគតឆ្ពោះទៅមុខ (FFP) ត្រូវបានរកឃើញថាបានប្រើប្រាស់មូលនិធិកម្ចីរបស់លោក Thanathorn ដល់ទៅ ១៩១លានបាត ឬស្មើនឹង ៦លានដុល្លារអាមេរិក ដែលចៅក្រមតុលាការរដ្ឋធម្មនុញ្ញថៃ ព្រមានថាជាការប្រព្រឹត្តខុសធ្ងន់ធ្ងរ។
បណ្ដឹងដែលនាំឱ្យតុលាការធម្មនុញ្ញរំលាយគណបក្សប្រឆាំងមួយនេះ ដោយសារមានបណ្តឹងពីគណៈកម្មការបោះឆ្នោតដែលបានប្ដឹងបក្សនេះតាំងពីអំឡុងនៃការឃោសនាបោះឆ្នោតនៅដើមឆ្នាំ២០១៩។
យោងតាមសាលដីការបស់តុលាការរដ្ឋធម្មនុញ្ញ គឺគណៈកម្មាធិការនាយករបស់បក្សនេះចំនួន ១៦នាក់ ត្រូវបានហាមធ្វើនយោបាយរយៈពេល ១០ឆ្នាំ ដោយចាប់ផ្ដើមពីថ្ងៃទី២១ ខែកុម្ភៈ នេះ គឺមានន័យថា រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០៣០ ទើបមានសេរីភាពធ្វើនយោបាយឡើងវិញ។ អ្នកទាំងនោះក៏មិនអាចរត់ទៅចូលរួមគណបក្សផ្សេងទៀត ឬពួកគេទៅបង្កើតបក្សថ្មីអ្វីនោះឡើយ។ តែសាលក្រមបានបើកភ្លើងខៀវឲ្យថ្នាក់ដឹកនាំបក្សដែលមិនមានឈ្មោះហាមធ្វើនយោបាយ មានសិទ្ធិបង្កើតបក្សថ្មី ហើយក៏បានរក្សាទុកអាសនៈរបស់បក្សនេះចំនួន៨០ ដែលចេញពីការបោះឆ្នោតខែមីនា ឲ្យទៅបក្សថ្មីជាបក្សស្នងតំណែងរបស់បក្សអនាគតឆ្ពោះទៅមុខ (FFP)។
មានន័យថា តុលាការមិនបានចេញសាលក្រមរំលាយអាសនៈសភារបស់បក្សនេះទេ ហើយបក្សថ្មីនេះគឺបក្សចលនាទៅមុខ (MFP) ដែលលោកអគ្គលេខាធិការ Chaithawat ព្រមានតុលាការថា បើបក្សថ្មីត្រូវបានរំលាយ គឺសង្គមថៃនឹងធ្លាក់ក្នុងភាពចលាចលនយោបាយធ្ងន់ធ្ងរ៕