លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​១១ និង​សាងសង់​គន្លង​ផ្លូវ​ថ្មី​វាង​ក្រុង​ព្រៃវែង នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១។ (រូបថត​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន)

នយោបាយ

លោក ហ៊ុន សែន គំរាម​ថា​អ្នក​ដែល​ចង់​ផ្លាស់ប្ដូរ​ទិសដៅ​នយោបាយ​របស់​លោក គឺ​ត្រូវ​ធ្វើ​ឃាត​លោក​ជា​មុន​សិន

By ឌឹ ខេមបូឌា ដេលី

December 07, 2021

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ថា អ្នក​ណា​ដែល​ចង់​ផ្លាស់ប្ដូរ​ទិសដៅ​នយោបាយ​របស់​លោក គឺ​ត្រូវ​ធ្វើ​ឃាត​លោក​ជា​មុន​សិន ប៉ុន្តែ​អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​លោក ពួកគេ​ក៏​មិន​ប្រាកដ​ថា​នៅ​មាន​ជីវិត​ដែរ។

អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​មេដឹកនាំ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក​រូប​នេះ បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​១១ និង​សាងសង់​គន្លង​ផ្លូវ​ថ្មី​វាង​ក្រុង​ព្រៃវែង នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១ ថា អ្នក​ដែល​មាន​បំណង​ចង់​សម្លាប់​រូបលោក​កាល​ពី​មុន ហើយ​ចង់​ធ្វើ​ឃាត​លោក​នៅ​ពេលនេះ​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី​ទៀត​នោះ ពួកគេ​ក៏​មិន​រួច​ខ្លួន​ដែរ ព្រោះ​ថា​លោក ហ៊ុន សែន ស្គាល់​អ្នក​ទាំងនោះ​អស់​ហើយ គ្រាន់តែ​លោក​មិន​ធ្វើ​អ្វី​លើ​ពួកគេ​ប៉ុណ្ណោះ។

លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

បុរស​ខ្លាំង​រូប​នេះ​អះអាង​ថា ដើម្បី​ឱ្យ​កូនប្រុស​របស់​លោក​ឡើង​ជា​នាយករដ្ឋមន្ត្រី​បាន លុះណាតែ​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​ចាស់ៗ​គ្រប់​គ្នា​អស់​តួនាទី​ពី​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​មុន​សិន ហើយ​ត្រូវ​ដាក់​សមាសភាព​អ្នក​ជំនាន់​ក្រោយ​ចូល​ទាំងអស់ នោះ​ទើប​លោក ហ៊ុន ម៉ាណែត អាច​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន។

ការ​អះអាង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​ជា​លើក​ទី​ពីរ​នេះ ត្រូវ​គេ​មើលឃើញ​ថា ជា​ការ​ព្រមាន​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ដែល​មិន​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក​នៅ​ពេល​ខាង​មុខ។

កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ លោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​បេក្ខភាព​កូនប្រុស​ច្បង​ខ្លួនឯង គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក ក្នុង​នោះ​លោក ហ៊ុន សែន ក៏​បាន​គំរាម​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន គឺ​លោក ស ខេង ផង​ដែរ​ថា លោក​មិន​ស័ក្ដិសម​មក​ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​កម្ពុជា​នោះ​ទេ ដោយសារ​អាយុ​លោក ស ខេង កាន់តែ​ចាស់​ណាស់​ទៅ​ហើយ​នោះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។

ក្រោយ​ការ​ប្រកាស​ជា​ចំហ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គាំទ្រ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល​មួយ​សប្តាហ៍​កន្លងមក​នេះ មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​ដូចជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង ប្រធាន​រដ្ឋសភា​ជាតិ លោក ហេង សំរិន អគ្គលេខាធិការ​បក្ស​លោក សាយ ឈុំ និង​អ្នកស្រី ម៉ែន សំអន ដែល​សុទ្ធសឹងតែ​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​កាន់​អំណាច មិន​បាន​ចេញ​ញត្តិ​គាំទ្រ​តាម​ការ​ប្រកាស​របស់​លោក ហ៊ុន សែន នោះ​ឡើយ។

ដោយឡែក​មន្ត្រី​បក្ស​កាន់​អំណាច​ដែល​ចេញ​មុខ​គាំទ្រ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា ដូចជា​អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន និង​កូនប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី និង​លោក ហ៊ុន ម៉ានិត ជាដើម ក្នុង​នោះ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ក៏​បាន​ចេញ​ញត្តិ​គាំទ្រ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ផង​ដែរ ដូចជា​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាដើម ដោយឡែក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​កាន់​អំណាច មិន​ទាន់​ចេញ​លិខិត​ផ្លូវការ​គាំទ្រ​នៅឡើយ​ទេ​លើ​បញ្ហា​នេះ។

ជុំវិញ​បញ្ហា​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​រិះគន់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ស្នើ​បេក្ខភាព​នាយករដ្ឋមន្ត្រី​ណា​ម្នាក់​មិនមែន​ជា​រឿង​ខុស​នោះ​ទេ ព្រោះ​ជា​កិច្ចការ​ផ្ទៃក្នុង​បក្ស​នយោបាយ​របស់​ពួកគេ ហើយ​ក៏​មិន​ខុស​ដែរ​ដែល​សមាជិក​បក្ស​ចេញ​មុខ​ប្រកាស​គាំទ្រ​បេក្ខភាព​នោះ​ជា​ចំហ។ ប៉ុន្តែ​រឿង​ដែល​មិន​ត្រឹមត្រូវ គឺ​ការ​យក​ស្ថាប័ន​រដ្ឋ​ទៅ​ប្រកាស​គាំទ្រ​បេក្ខភាព​ដែល​បាន​ស្នើ​ឡើង​នោះ ព្រោះ​ស្ថាប័ន​រដ្ឋ​មិនមែន​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​បក្ស​ណា​មួយ​ឡើយ វា​ជា​ស្ថាប័ន​របស់​ជាតិ​ប៉ុណ្ណោះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​គំរាម​របស់​លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​១១ នៅ​ថ្ងៃ​ទី​៦ ធ្នូ នេះ មិន​បាន​សំដៅ​ទៅលើ​ក្រុម​ប្រឆាំង​នោះ​ទេ ព្រោះ​ការ​រិះគន់​របស់​ក្រុម​ប្រឆាំង​ក៏​មិន​មាន​ឥទ្ធិពល​ដល់​ការ​បន្ត​អំណាច​របស់​លោក ហ៊ុន ម៉ាណែត នោះ​ដែរ ប៉ុន្តែ​ការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន នឹង​ជួប​ឧបសគ្គ​ខ្លាំង​ណាស់ ប្រសិនបើ​មាន​ការ​ជំទាស់​ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​របស់​ខ្លួន។

ដូច្នេះ រាល់​ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន ទៅកាន់​ក្រុម​ប្រឆាំង​អំពី​ការ​រិះគន់​ចំពោះ​ផែនការ​ផ្ទេរ​អំណាច​របស់​លោក​នេះ គឺ​លោក ហ៊ុន សែន មាន​ចេតនា​សំដៅ​ដល់​មន្ត្រី​បក្ស​កាន់​អំណាច​ខ្លួនឯង​ប៉ុណ្ណោះ ត្បិត​លោក ហ៊ុន សែន ដឹង​យ៉ាង​ច្បាស់​ថា មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​កាន់​អំណាច​ភាគច្រើន​មិន​យល់ស្រប​ចំពោះ​ផែនការ​បន្ត​វេន​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត នោះ​ឡើយ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ​ចោទ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជា​មនុស្ស​សង្គ្រាម ហើយ​គាត់​ត្រូវការ​សង្គ្រាម​ដើម្បី​រក្សា​អំណាច​បន្ត​ទៀត ប៉ុន្តែ​បើ​គាត់​ធ្វើ​សង្គ្រាម​ប្រឆាំង​ប្រជារាស្ត្រ​ខ្លួនឯង​ដូច​សព្វថ្ងៃ​នេះ គាត់​មិន​អាច​ផ្ទេរ​អំណាច​ឲ្យ​កូន​គាត់​បាន​ជាដាច់ខាត។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន មិន​អាច​ឲ្យ​កូន​ខ្លួនឯង​ឡើង​មក​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​គាត់​បាន​ទេ ពីព្រោះ​កម្ពុជា​មិនមែន​ជា​កម្មសិទ្ធិ​ដាច់ថ្លៃ​របស់​ត្រកូល «ហ៊ុន» នោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បក្ស​កាន់​អំណាច​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ បាន​ក្តោប​ក្តាប់​ស្ថាប័ន​រដ្ឋ និង​ដំណើរការ​ប្រព្រឹត្ត​ទៅ​ជាក់ស្តែង​នៃ​ស្ថាប័ន​ទាំងនេះ​យ៉ាង​ណែន ដើម្បី​បង្កើត​របប​យោធា​ត​ត្រកូល​របស់​ខ្លួន ជាជាង​ការ​បង្កើត​របប​ប្រជាធិបតេយ្យ សេរី ពហុ​បក្ស។

បណ្ឌិត ឡៅ ម៉ុងហៃ

បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា របប​ប្រជាធិបតេយ្យ សេរី ពហុ​បក្ស កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ អាច​ក្លាយ​ទៅ​ជា​របប​យោធា​ត​វង្ស​ត្រកូល​មិន​អាច​ប្រកែក​បាន ក្រោយ​ពេល​លោក ហ៊ុន សែន សម្រេច​តែងតាំង​កូន​ខ្លួនឯង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ដើម្បី​ស្នង​អំណាច​ពី​រូបលោក​បែប​នេះ។

ក្រុម​អ្នកឃ្លាំមើល​ខ្លះ​និយាយ​ថា ប្រសិនបើ​លោក ហ៊ុន សែន ចង់​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី លុះត្រាតែ​លោក ហ៊ុន ម៉ាណែត ត្រូវ​ជម្រុះ​ចោល​តួនាទី​កងទ័ព​របស់​លោក​ជា​មុន​សិន ពីព្រោះ​កម្ពុជា​មិន​អាច​មាន​របប​យោធា​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ស្ដាំ) និង​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។

ចំណែក​អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាល​ថ្ងៃ​ទី​៥ ធ្នូ ថា បើ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី កម្ពុជា​នឹង​ធ្លាក់​ចូល​អាណានិគម​វៀតណាម​កាន់តែ​ជ្រៅ​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​កម្ពុជា​ស្ថិតនៅ​ក្រោម​រណសិរ្ស​ឈ្លានពាន​ក្នុង​សម័យ​ទំនើប​របស់​វៀតណាម​បន្ត​ទៀត​ជាមិនខាន ដូចជា​រណសិរ្ស​ប្រជាសាស្ត្រ រណសិរ្ស​សេដ្ឋកិច្ច និង​រណសិរ្ស​វប្បធម៌ ជាដើម៕