មេដឹកនាំតវង្សត្រកូលនៅកម្ពុជា គឺលោក ហ៊ុន សែន គំរាមមិនឱ្យអនុប្រធានគណបក្សកាន់អំណាច លោក ស ខេង ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីខ្លួននោះទេ បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសខ្លួនឯង គឺលោក ហ៊ុន ម៉ាណែត ជាអ្នកបន្តតំណែងនាយករដ្ឋមន្ត្រីដើម្បីថែរក្សាអំណាចត្រកូល «ហ៊ុន» ទៅថ្ងៃមុខបន្តទៀត។
បុរសខ្លាំងនៅកម្ពុជា ដែលក្រាញអំណាចយូរជាងគេក្នុងពិភពលោករូបនេះ ក៏បានព្រមានជាចំហទៅកាន់អ្នកវិភាគទាំងអស់នៅក្នុងពិធីសម្ពោធផ្លូវក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២ ធ្នូ ថា សូមកុំគិតថាលោកនឹងគាំទ្រលោក ស ខេង ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីរូបលោកឱ្យសោះ ព្រោះអនុប្រធានបក្សរូបនេះហួសអាយុឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីហើយ។

លោក ហ៊ុន សែន លើកហេតុផលថា លោក ស ខេង មានអាយុច្រើនជាងលោកទៅហើយ ដូច្នេះបើលោក ស ខេង មានអាយុច្រើនជាងលោក ហើយចង់មកប្រជែងតំណែងជានាយករដ្ឋមន្ត្រីជាមួយកូនប្រុសរបស់លោក អ៊ីចឹងឱ្យលោកបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរហូតតែម្តងទៅ ព្រោះលោកនៅមានអាយុតិចជាងលោក ស ខេង នៅឡើយ។
លោក ហ៊ុន សែន បញ្ជាក់ថា លោក ស ខេង នឹងមិនអាចធ្វើជានាយករដ្ឋមន្ត្រីបានទេ ព្រោះក្មេងៗរួមទាំងកូនប្រុសរបស់លោកផង មានសមត្ថភាពអាចកាន់កាប់តំណែងជានាយករដ្ឋមន្ត្រីនេះបានហើយ។ លោកបន្តថា លោកនឹងបន្តកាន់អំណាច ១០ឆ្នាំទៀត ខណៈមន្ត្រីក្នុងបក្សកាន់អំណាចនឹងមានវ័យចាស់ទាំងអស់ទម្រាំដល់ពេលនោះ។
ការថ្លែងសាររបស់លោក ហ៊ុន សែន ត្រូវគេមើលឃើញថា ជាការប្រកាសដើម្បីបញ្ជាក់ប្រាប់ផ្ទៃក្នុងបក្សកាន់អំណាចផង និងដើម្បីឆ្លៀតឱកាសស្ទាបស្ទង់សភាពការណ៍ផង ថាតើមានមន្ត្រីរបស់ខ្លួនគាំទ្រលោក ហ៊ុន ម៉ាណែត ឱ្យឡើងជានាយករដ្ឋមន្ត្រីច្រើនប៉ុនណា និងអ្នកដែលជំទាស់ ហើយគាំទ្រលោក ស ខេង ច្រើនប៉ុនណាដែរនោះ។

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហ៊ុន សែន បានអះអាងថា លោកនឹងគាំទ្របេក្ខភាពកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឱ្យឈរឈ្មោះជាបេក្ខភាពជានាយករដ្ឋមន្ត្រី ដោយឡែកលោក ស ខេង នឹងមិនអាចធ្វើជានាយករដ្ឋមន្ត្រីបន្តពីលោកបានទេ។ លោក ហ៊ុន សែន គំរាមថា លោកនឹងរង់ចាំមើលថា តើអ្នកណាខ្លះហ៊ានប្រឆាំងនឹងការប្រកាសគាំទ្រកូនប្រុសរបស់លោកនៅពេលនេះ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៣ ធ្នូ នេះថា បក្សកាន់អំណាចនៅកម្ពុជាបច្ចុប្បន្ននេះបានក្តោបក្តាប់ស្ថាប័នរដ្ឋ និងដំណើរការប្រព្រឹត្តទៅជាក់ស្តែងនៃស្ថាប័នទាំងនេះយ៉ាងណែន ដើម្បីបង្កើតរបបយោធាតត្រកូលរបស់ខ្លួន ជាជាងបង្កើតរបបប្រជាធិបតេយ្យ សេរី ពហុបក្ស។
បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា របបប្រជាធិបតេយ្យសេរីពហុបក្សកំណត់ក្នុងរដ្ឋធម្មនុញ្ញ អាចក្លាយទៅជារបបយោធាតវង្សត្រកូលមិនអាចប្រកែកបាន ក្រោយពេលលោក ហ៊ុន សែន សម្រេចតែងតាំងកូនខ្លួនឯងជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីស្នងអំណាចពីរូបលោកបែបនេះ។

អ្នកវិភាគរូបនេះបញ្ជាក់ថា ដើម្បីទប់ស្កាត់កុំឱ្យរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញក្លាយទៅជារបបយោធាតវង្សត្រកូល កម្លាំងកងយោធពលខេមរភូមិន្ទដែលជាកងទ័ពជាតិទាំងអស់ មិនត្រូវឱ្យជាប់ពាក់ព័ន្ធនឹងបក្សនយោបាយនោះទេ។ កងទ័ពត្រូវមានតួនាទីតែមួយគត់ គឺបំពេញតួនាទី និងករណីយកិច្ចការពារបូរណភាពទឹកដីរបស់ប្រទេស ហើយមន្ត្រីយោធាទាំងនោះមិនអនុញ្ញាតឱ្យចូលរួមជាសមាជិកគណបក្សនយោបាយណាមួយឡើយ។

ចំណែកអ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៣ ធ្នូ នេះផងដែរថា ការអះអាងរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ចង់បញ្ជាក់ទៅមន្ត្រីផ្ទៃក្នុងគណបក្សរបស់ខ្លួន ជាជាងព្រមានទៅក្រុមប្រឆាំង និងសាធារណជន ហើយក៏ជាយុទ្ធសាស្ត្រនយោបាយកៀរគរឱ្យគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងជួរបក្សរបស់ខ្លួនដែរ។
ដោយឡែកអ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៣ ធ្នូ នេះដែរថា បើលោក ហ៊ុន សែន ហ៊ានប្រកាសគាំទ្រកូនខ្លួនឯងធ្វើជានាយករដ្ឋមន្ត្រីទៅហើយនោះ ក៏គួរបើកឱកាសឲ្យអ្នកផ្សេងទៀត រួមទាំងលោក គឹម សុខ ផងដែរ ឱ្យមានឱកាសចូលរួមប្រកួតប្រជែងដើម្បីរកការគាំទ្រពីពលរដ្ឋម្ចាស់ឆ្នោតក្លាយទៅជានាយករដ្ឋមន្ត្រីសម្រាប់កម្ពុជាទៅថ្ងៃមុខ។

លោក គឹម សុខ លើកឡើងថា បើលោក ហ៊ុន សែន បង្រៀនកូនប្រុសគាត់ឲ្យទុកភាពជាបញ្ញវន្តចោល ហើយថតចម្លងចរិតមិនចេះខ្មាសអៀនចេញពីព្រៃរបស់លោក យកទៅប្រើដើម្បីដណ្ដើមតំណែងនាយករដ្ឋមន្ត្រី ដោយមិនធ្វើឡើងតាមការប្រកួតប្រជែងដោយសមត្ថភាពតាមការបោះឆ្នោតត្រឹមត្រូវនោះ គឺប្រៀបបីដូចជាមាន់សម្លដែលរត់តែឯងក្នុងសង្វៀន រងាវឮៗ ហើយប្រកាសជោគជ័យធ្វើនាយករដ្ឋមន្ត្រីដូចឪពុករបស់ខ្លួនធ្លាប់ធ្វើកន្លងមកដូច្នោះដែរ។
គិតចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ លោក ហ៊ុន សែន បានកាន់កាប់អំណាចក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជាអស់រយៈពេល ៣៦ឆ្នាំហើយ ដូច្នេះបើលោក ហ៊ុន សែន ប្ដេជ្ញាកាន់អំណាច ១០ឆ្នាំទៀត នោះរយៈពេលនៃការកាន់អំណាចរបស់មេដឹកនាំរូបនេះ គឺមានរយៈពេលដល់ទៅជិត ៥០ឆ្នាំឯណោះ ដែលជាប់ជាមេដឹកនាំផ្ដាច់ការកាន់អំណាចយូរបំផុតលើពិភពលោក។
តំណែងនេះ លោក ហ៊ុន សែន ក៏ប្រកាសថានឹងបន្តទៅវង្សត្រកូលរបស់លោកដែរ គឺលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់គាត់តែម្តង៕