លោក ហ៊ុន សែន ប្រកាសជាសាធារណៈលើកដំបូងនៅថ្ងៃទី០២ ខែធ្នូ នេះថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជនផ្សេងទៀតដែលនឹងឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោក។
មេដឹកនាំដែលព្យាយាមកាន់អំណាចតត្រកូលរូបនេះ បានអះអាងជាចំហនៅក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ទី២ ធ្នូ នេះថា លោកនឹងគាំទ្រកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃមុខ ព្រោះថាក្នុងនាមលោកជាឪពុក មានតួនាទីគាំទ្រ និងបណ្តុះបណ្តាលកូនរបស់ខ្លួន មិនមែនជារឿងខុសឆ្គងនោះទេ។
អតីតមេកម្មាភិបាលខ្មែរក្រហមដែលក្រាញអំណាចជិត ៤០ឆ្នាំរូបនេះ គំរាមថា លោកនឹងចាំមើលថា តើអ្នកណាហ៊ានចេញមុខប្រឆាំង បើលោកចេញមុខគាំទ្រកូនប្រុសច្បងរបស់លោកឱ្យឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលនេះ។ លោក ហ៊ុន សែន លើកឡើងថា អ្នកដទៃគេអាចបណ្តុះបណ្តាល និងគាំទ្រកូនគេឱ្យធ្វើនេះ ឬធ្វើនោះបាន ចុះហេតុអ្វីលោកគាំទ្រកូនខ្លួនឯងឱ្យធ្វើជានាយករដ្ឋមន្ត្រីមិនបាន។
លោក ហ៊ុន សែន គំរាមថា ចាប់ពីពេលនេះទៅ លោកនឹងបន្តពង្រឹងអំណាចរបស់លោកទៅមុខទៀត ព្រោះថាបើធ្វើជានាយករដ្ឋមន្ត្រីមិនពង្រឹងអំណាច មិនមែនជានាយករដ្ឋមន្ត្រីនោះទេ។ ជាងនេះទៀត លោក ហ៊ុន សែន រិះគន់ថា អ្នកដែលរិះគន់ថាលោកធ្វើនយោបាយពង្រឹងអំណាច គឺពួកគេក៏កំពុងពង្រឹងអំណាចដែរ ជាពិសេសក្រុមអង្គការសង្គមស៊ីវិលតែម្តង។

សាររបស់លោក ហ៊ុន សែន គឺដើម្បីឆ្លើយតបទៅនឹងអ្នកដែលតែងតែរិះគន់លោកកាលពីពេលកន្លងមកថា លោកកំពុងពង្រឹងអំណាចខ្លួនឯង និងដើម្បីបន្តតំណែងឱ្យកូនប្រុសរបស់ខ្លួនទៅថ្ងៃមុខ។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហ៊ុន សែន បានអះអាងក្នុងពិធីសម្ពោធផ្លូវ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ថា លោកនឹងគាំទ្របេក្ខភាពកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឱ្យឈរឈ្មោះជាបេក្ខភាពជានាយករដ្ឋមន្ត្រី ហើយអ្នកដែលធ្លាប់បានចោទថាលោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់មេដឹកនាំវៀតណាម លោក ឡេ ឌឹកថ នឹងមិនរួចខ្លួនជាដាច់ខាត។
ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនក៏បានបង្ហោះសារលើបណ្ដាញសង្គម ដោយគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ដោយត្រូវឆ្លងកាត់ការបោះឆ្នោត ដើម្បីបង្ហាញនូវការដឹកនាំតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅក្រោមដំបូលរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ កន្លងទៅ លោក ហ៊ុន សែន បានផ្ញើលិខិតមួយច្បាប់ជូនអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វូជុង ដោយលើកសរសើរពីលោក ហ៊ុន ម៉ាណែត ក្នុងការដឹកនាំកិច្ចការជាតិធំៗ ដែលបង្ហាញឱ្យឃើញពីក្តីសង្ឃឹមដល់ប្រជាជនកម្ពុជា ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។
ក្រុមអ្នកសង្កេតការណ៍ពេលនោះបានរិះគន់ថា ការរំលេចឈ្មោះកូនប្រុសរបស់ខ្លួន គឺលោក ហ៊ុន ម៉ាណែត ទៅកាន់បក្សកុម្មុយនីស្តវៀតណាម ទំនងជាលោក ហ៊ុន សែន មានចេតនាចង់ឲ្យចៅហ្វាយចាស់ជួយជ្រោមជ្រែងកូនរបស់គាត់ឡើងកាន់អំណាចបន្តពីខ្លួនទៅថ្ងៃមុខ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគីលោក សម រង្ស៊ី លោក អ៊ុំ សំអាន បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២ ធ្នូ នេះថា លោក ហ៊ុន សែន ចង់រៀបចំការបោះឆ្នោតក្លែងក្លាយមួយដើម្បីឲ្យលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីបន្តពីលោក ក្នុងបំណងកាន់កាប់អំណាចបន្តវង្សត្រកូលដូចប្រទេសកូរ៉េខាងជើងដែរ។
ចំណែកអ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រតិកម្មនៅលើគណនី Facebook របស់លោកនៅថ្ងៃទី២ ធ្នូ នេះដែរថា ពលរដ្ឋខ្មែរអាចនឹងមានវាសនាបាត់បង់ភាពជាម្ចាស់ប្រទេសទាំងស្រុង ក្រោមកណ្ដាប់ដៃកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត នៅពេលដែលលោក ហ៊ុន ម៉ាណែត បន្តកាន់កាប់អំណាចពីឪពុករបស់ខ្លួន។
លោក គឹម សុខ អះអាងថា ការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ទៅកូនប្រុស អាចនឹងធ្វើឡើងនៅចន្លោះអាណត្តិទី៧ ឬនៅអាណត្តិទី៨ អំឡុងឆ្នាំ២០២៣ ទៅឆ្នាំ២០៣៣ ខាងមុខនេះ ដោយយោងតាមឱកាសជាក់ស្តែងដែលលោក ហ៊ុន សែន អាចគ្រប់គ្រងបាន។ ប៉ុន្តែបើស្ថានភាពសុខភាពរបស់លោក ហ៊ុន សែន មិនអំណោយផលទេ ការផ្ទេរអំណាចនេះក៏អាចនឹងធ្វើឡើងឆាប់ជាងនេះដែរ។
ដោយឡែកនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ ធ្នូ នេះថា ការប្រកាសរបស់មេដឹកនាំបក្សកាន់អំណាចគាំទ្រកូនប្រុសខ្លួនឯងជាបេក្ខភាពជានាយករដ្ឋមន្ត្រី មិនចម្លែកនោះទេ ព្រោះកន្លងមក បើទោះបីជាគាត់មិនប្រកាស តែសកម្មភាពគាត់បានបង្ហាញយ៉ាងច្បាស់រួចហើយ ដូចជាការនាំលោក ហ៊ុន ម៉ាណែត ទៅជួបមេដឹកនាំប្រទេសចិន លោក ស៊ី ជីនពីង កាលពីពេលកន្លងទៅ ជាដើម។
លោក មឿន តុលា បញ្ជាក់ថា ការប្រកាសគាំទ្រកូនខ្លួនឯងបែបនេះ មិនមែនជាបញ្ហានោះទេ តែសំខាន់នៅត្រង់ថា តើការបោះឆ្នោតជ្រើសរើសបេក្ខភាពនៅផ្ទៃក្នុងបក្សរបស់ខ្លួន ធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែរឬក៏អត់ប៉ុណ្ណោះ ព្រោះថាអ្នកដែលមានសមត្ថភាព មិនមែនមានតែកូនលោកនាយករដ្ឋមន្ត្រីតែម្នាក់នោះទេ កូនអ្នកផ្សេងក៏អាចមានសមត្ថភាពកាន់តំណែងជានាយករដ្ឋមន្ត្រីបានដែរ។
នាយកប្រតិបត្តិរូបនេះគូសបញ្ជាក់ថា លោកក៏ចង់បាននាយករដ្ឋមន្ត្រីដែលមានសមត្ថភាពដឹកនាំប្រទេសឱ្យរីកចម្រើនដែរ ប៉ុន្តែមុននឹងមកដឹកនាំប្រទេស ពួកគេត្រូវតែបំពេញលក្ខខណ្ឌតាមបែបលទ្ធិប្រជាធិបតេយ្យ ដោយឆ្លងកាត់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលមិនមែនជាការបោះឆ្នោតដោយការកេងបន្លំសន្លឹកឆ្នោត ឬការគំរាមកំហែងណាមួយនោះទេ៕