លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២១។ (រូបថត​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន)

នយោបាយ

លោក ហ៊ុន សែន ឌឺដង​ទៅ​អាមេរិក​ថា លោក​មិន​ខ្វល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​មហាអំណាច​មួយ​នេះ​ទេ

By ឌឹ ខេមបូឌា ដេលី

December 10, 2021

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និយាយ​ផ្លែផ្កា​ឌឺដង​ទៅ​កាន់​មហាអំណាច​សហរដ្ឋ​អាមេរិក ថា​លោក​មិន​ខ្វល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​មហាអំណាច​នេះ​នោះ​ទេ ហើយ​ទណ្ឌកម្ម​នេះ​គ្រាន់តែ​ជា​លេស​នយោបាយ​ប៉ុណ្ណោះ។

បុរស​ខ្លាំង​នៅ​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២១ ថា លោក​នឹង​ទៅ​ចូលរួម​ធ្វើជា​សហប្រធាន​ដឹកនាំ​អង្គប្រជុំ​ជាមួយ​លោក ចូ បៃដិន នៅ​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ពេល​នោះ។

មេដឹកនាំ​ដែល​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​រូប​នេះ ទាមទារ​ឱ្យ​សហរដ្ឋ​អាមេរិក​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​កាន់តែ​ឆាប់ ព្រោះ​លោក ហ៊ុន សែន អះអាង​ថា គ្មាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ណា​ម្នាក់​យក​លុយ​ទៅ​រក្សា​ទុក​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នោះ​ឡើយ។

លោក ហ៊ុន សែន ព្រមាន​សហរដ្ឋ​អាមេរិក​ថា ប្រសិនបើ​អនុម័ត​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​បិទ​ផ្លូវ​មិន​ឱ្យ​លោក​ចូល​ទៅកាន់​ទឹកដី​សហរដ្ឋ​អាមេរិក ពេល​នោះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក៏​មិន​អាច​ដំណើរការ​បាន​ដែរ ហើយ​លោក​ក៏​មាន​សិទ្ធិ​បិទ​ផ្លូវ​មន្ត្រី​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ចូល​មក​កម្ពុជា​វិញ​ដូច​គ្នា។ ដូច្នេះ លោក​មិន​ញញើត​នឹង​ការ​គំរាម​របស់​សហរដ្ឋ​អាមេរិក ដោយ​ប្រើ​ច្បាប់​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ទាំងនោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២១។ (រូបថត​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន)

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រភព​ដ៏​ជឿ​ទុកចិត្ត​មួយ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​ថ្មីៗ​នេះ​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន និង​សហរដ្ឋ​អាមេរិក​នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ នឹង​មាន​ជំនួប​ក្រៅ​ផ្លូវការ​មួយ​ផ្សេង​ទៀត​រវាង​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន និង​តំណាង​មេដឹកនាំ​ប្រទេស​ទាំងអស់ ដើម្បី​ពិភាក្សា​លើ​ការ​អនុវត្ត​គោលការណ៍​សិទ្ធិមនុស្ស​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងនោះ​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា នៅ​ក្នុង​ជំនួប​នោះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នឹង​ដាក់​សម្ពាធ​លើ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ឱ្យ​ដោះស្រាយ និង​ស្ដារ​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។ ជាង​នេះ​ទៀត ក៏​នឹង​ទាមទារ​ឱ្យ​លោក ហ៊ុន សែន បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​អំពី​បញ្ហា​កំពង់ផែ​រាម ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ទីតាំង​ធ្វើជា​មូលដ្ឋាន​យោធា​ជើងទឹក​របស់​ចិន​ថែម​ទៀត។

ស្រប​ពេល​ដែល​កម្ពុជា​កំពុង​មាន​វិបត្តិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ ក្រសួង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក បាន​ប្រកាស​អំពី​ការ​រឹត​បន្តឹង ត្រួតពិនិត្យ​ការ​នាំចេញ​របស់​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ដាក់​សម្ពាធ​ដល់​កម្ពុជា​ដោះស្រាយ​ការ​រំលោភ​សិទ្ធិមនុស្ស និង​អំពើពុករលួយ រួម​ទាំង​កម្លាំង​យោធា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​លើ​ទឹកដី​កម្ពុជា​ផង​ដែរ។

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក អះអាង​ថា សហរដ្ឋ​អាមេរិក​នៅតែ​ប្ដេជ្ញា​ចិត្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​អំពើពុករលួយ ការ​រំលោភ​សិទ្ធិមនុស្ស និង​អធិបតេយ្យភាព​របស់​ប្រជាជន​ខ្លួន​ជានិច្ច ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ដោះស្រាយ​អំពើពុករលួយ ការ​គំរាមកំហែង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​បញ្ហា​នានា​ដែល​បង្ក​ឱ្យ​មាន​អសន្តិសុខ​ក្នុង​តំបន់​ផង​ដែរ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ទោះបី​លោក ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ​ធ្វើ​ដូច​មិន​ខ្លាច​ទណ្ឌកម្ម​របស់​មហាអំណាច​សហរដ្ឋ​អាមេរិក​ក៏​ពិត​មែន ប៉ុន្តែ​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ​តែង​បញ្ជូន​មន្ត្រី​សំខាន់ៗ​របស់​ខ្លួន ដូចជា​រដ្ឋមន្ត្រី​ការបរទេស លោក ប្រាក់ សុខុន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​សហរដ្ឋ​អាមេរិក ជាដើម ឱ្យ​ដើរ​បញ្ចុះបញ្ចូល​តំណាងរាស្ត្រ​អាមេរិក​ជា​បន្តបន្ទាប់​កាលពី​ពេល​កន្លងមក ក្នុង​នោះ​មាន​ទាំង​ការ​ចំណាយ​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ក្រុម​លោក ហ៊ុន សែន ឲ្យ​បញ្ចុះបញ្ចូល​អាមេរិក​ដើម្បី​ជួយ​ទប់ស្កាត់​ការ​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ថែម​ទៀត។

របាយការណ៍​ក្រសួង​យុត្តិធម៌​អាមេរិក បង្ហាញ​ថា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន លោក ជុំ សុន្ទរី បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន Qorvis Communications កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​បង់​ប្រាក់​ជិត ៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែៗ​ជា​ថ្នូរ​នឹង​ការ​ផ្តល់​សេវាកម្ម​ជួយ​លុបលាង​ទង្វើ​ឧក្រិដ្ឋកម្ម និង​កេរ្តិ៍ឈ្មោះ​អាស្រូវ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដើម្បី​គេច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​នានា​ពី​សហរដ្ឋ​អាមេរិក។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ ធ្នូ នេះ​ថា លោក​សោកស្តាយ​ចំពោះ​ការ​ចំអក​ឡកឡឺយ​របស់​លោក ហ៊ុន សែន ជុំវិញ​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​លើ​ក្រុម​មេដឹកនាំ​ក្នុង​បញ្ជី​ខ្មៅ​នៅ​កម្ពុជា គឺជា​ការ​និយាយ​បែប​ប្រជាភិថុតិ​សុទ្ធសាធ ក្នុង​គោលដៅ​បន្ត​ភូតភរ​ពលរដ្ឋ​ផង និង​គោលដៅ​ក្តោប​ក្តាប់​អំណាច​ត្រកូល ហ៊ុន ផង។

លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD)។

លោក ម៉ែន ណាត អះអាង​ថា ការ​ផ្ទេរ​លុយ​របស់​ក្រុម​មេដឹកនាំ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​លើ​ប្រព័ន្ធ​ធនាគារ​អន្តរជាតិ​ដើម្បី​គេច​ផុត​ពី​ទណ្ឌកម្ម​អាមេរិក គឺ​ពួកគេ​ធ្វើឡើង​តាម​របៀប​ម៉ាហ្វីយ៉ា​រួច​អស់​ហើយ​តាំងពី​ប៉ុន្មាន​ឆ្នាំ​មុន​មក​ម្ល៉េះ។ ដូច្នេះ​នៅ​ពេលនេះ លោក ហ៊ុន សែន ខ្វល់ខ្វាយ​តែ​វិធី​ក្តោប​ក្តាប់​អំណាច​សម្រាប់​បន្ត​ត្រកូល ហ៊ុន ប៉ុណ្ណោះ គាត់​មិនសូវ​ខ្វល់ខ្វាយ​ពី​មុខមាត់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ប៉ុន្មាន​ទេ។

លោក​បន្ត​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន គឺជា​ការ​គំរាម​ដល់​ក្រុម​មន្ត្រី​ពុករលួយ​នានា​នៅ​ក្នុង​រដ្ឋាភិបាល​របស់​គាត់ រួម​ទាំង​លោក ស ខេង ផង​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​ទាំងនោះ​ងាករេ​ចេញពី​ខ្លួន ក្នុង​ផែនការ​ផ្ទេរ​អំណាច​ឲ្យ​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ ព្រោះ​ថា​ពួកគេ​ក៏​ប្រព្រឹត្ត​អំពើពុករលួយ និង​រំលោភ​អំណាច​នៅ​ក្នុង​កញ្ចប់​ជាមួយ​គ្នា​ដែល​ស្ថិតនៅ​ក្រោម​ការ​តាម​ឃ្លាំមើល​នៃ​ប្រព័ន្ធ​ច្បាប់​ទណ្ឌកម្ម​អន្តរជាតិ​ដែរ​នោះ។

ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ចៅ ភិរុណ និង​ឧត្ដមនាវី​ផ្កាយ​មាស​បួន​ដែល​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក ទៀ វិញ

យ៉ាងណាក៏ដោយ គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ មាន​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចំនួន ៥​នាក់​ហើយ រួម​ទាំង​ឈ្មួញ​ទុច្ចរិត​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ផង​ដែរ ដែល​បាន​ទទួល​រង​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​ពី​សហរដ្ឋ​អាមេរិក រួម​មាន​លោក ចៅ ភិរុណ លោក ទៀ វិញ លោក ហ៊ីង ប៊ុនហៀង លោក គន់ គីម លោក ទ្រី ភាព។ បន្ថែម​ពី​នេះ សហរដ្ឋ​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​ឈ្មោះ UDG ដែល​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​តារា​សាគរ​ក្នុង​ខេត្ត​កោះកុង ផង​ដែរ។

ច្បាប់​សម្រាប់​ដាក់​ទណ្ឌកម្ម​ទាំង​មាន​ស្រាប់ និង​កំពុង​ស្នើ​ដោយ​រដ្ឋសភា​នៃ​រដ្ឋាភិបាល​លោក ចូ បៃដិន ដែល​សហរដ្ឋ​អាមេរិក​ប្រើ​សម្រាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​ពុករលួយ​របស់​រដ្ឋាភិបាល​ឯក​បក្ស​លោក ហ៊ុន សែន កាន់តែ​មាន​ច្រើន​ហើយ​នៅ​ពេលនេះ ដូចជា​ច្បាប់ Cambodia Democracy Act លេខ H.R 4686 សេចក្តី​ព្រាងច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សិទ្ធិមនុស្ស​លេខ S.3052 និង​ជាពិសេស​ច្បាប់​ស្ដីពី​ការ​ទទួល​ខុសត្រូវ​ខាង​ផ្នែក​សិទ្ធិមនុស្ស Global Magnitsky Human Rights Accountability Acts លេខ​១៣៨១៣ ដែល​កំពុង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ២​រូប គឺ​លោក ចៅ ភិរុណ និង​លោក ទៀ វិញ ក្នុង​ពេលនេះ​ជាដើម៕