សហរដ្ឋអាមេរិក គ្រោងនឹងប្រកាសដាក់ទណ្ឌកម្មចំពោះអ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យដោយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអ្នកដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។
ព័ត៌មាន Reuters បានដកស្រង់សម្ដីរបស់មន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកមួយរូបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៤ ធ្នូ ថា អាមេរិកនឹងដាក់ទណ្ឌកម្មមន្ត្រីពុករលួយរបស់រដ្ឋាភិបាលផ្ដាច់ការមួយចំនួនក្នុងពិភពលោកនៅសប្តាហ៍ក្រោយ អំឡុងពេលប្រារព្ធកិច្ចប្រជុំកំពូលរបស់សហរដ្ឋអាមេរិក ស្តីអំពីលទ្ធិប្រជាធិបតេយ្យ ដែលនឹងដឹកនាំដោយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden)។
ប្រភពដដែលឲ្យដឹងថា ប្រធានាធិបតីអាមេរិក នឹងប្រកាសនូវសំណើដែលបានរៀបចំឡើង ដើម្បីបិទចន្លោះប្រហោងដែលអនុញ្ញាតឱ្យមន្ត្រីពុករលួយកេងប្រវ័ញ្ចទីផ្សារអចលនទ្រព្យ និងដោះស្រាយចន្លោះប្រហោងក្នុងបណ្ដាញតម្លាភាពសាជីវកម្ម ដែលអនុញ្ញាតឱ្យមានអំពើពុករលួយរីកចម្រើន រួមទាំងដំណើរការដោយខុសច្បាប់ជាច្រើនហូរចូលសហរដ្ឋអាមេរិកថែមទៀត។
លើសពីនេះ ក្រសួងហិរញ្ញវត្ថុអាមេរិកនឹងចាត់វិធានការជាបន្តបន្ទាប់ ដើម្បីកំណត់បុគ្គលដែលចូលរួមក្នុងសកម្មភាពអាក្រក់ដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងស្ថាប័នប្រជាធិបតេយ្យនៅជុំវិញពិភពលោក រួមទាំងអំពើពុករលួយ ការគាបសង្កត់ ឧក្រិដ្ឋកម្មដែលបានរៀបចំ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាដើម។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាចំនួន ២រូប ក្នុងនោះមានលោក ចៅ ភិរុណ និងលោក ទៀ វិញ ដោយចោទថាបានប្រើប្រាស់តួនាទីរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងគម្រោងសាងសង់ និងកែលំអកំពង់ផែកងទ័ពជើងទឹករាម នៅក្រុងព្រះសីហនុ។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជាន់ខ្ពស់យោធាកម្ពុជា ៤នាក់ និងឧកញ៉ាម្នាក់ ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្រោមច្បាប់ Global Magnitsky Act ដោយបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការចូលទឹកដីសហរដ្ឋអាមេរិក។ មន្ត្រី ៤នាក់ និងឧកញ៉ាម្នាក់នោះមាន៖
- លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
- លោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
- និងឧកញ៉ា ទ្រី ភាព។
ក្រៅពីមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា ៤រូប និងឧកញ៉ាម្នាក់នោះ សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មក្រុមហ៊ុនរដ្ឋចិន UDG នៅខេត្តកោះកុង ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ប្រភពដ៏គួរឲ្យទុកចិត្ត បានប្រាប់សារព័ត៌មាន The Cambodia Daily ថា អាមេរិកនឹងបន្តដាក់ទណ្ឌកម្មលើមន្ត្រីពុករលួយ និងរំលោភសិទ្ធិមនុស្សរបស់លោក ហ៊ុន សែន ថែមទៀត ប្រសិនបើកម្ពុជាមិនព្រមស្ដារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឲ្យបានល្អប្រសើរទេនោះ៕