29 C
Phnom Penh

អត្ថន័យ និងប្រសិទ្ធិភាពនៃច្បាប់ប្រឆាំងការលាងលុយ និងច្បាប់តម្លាភាពក្រុមហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស.រ.អាមានច្បាប់ផ្តន្ទាមនុស្សរំលោភសិទ្ធិមនុស្ស បន្ទាប់ពីសភាអនុម័តច្បាប់នោះ ហើយប្រធានាធិបតី ចុះហត្ថលេខានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ដាក់ច្បាប់ការពារសិទ្ធិមនុស្ស និង ប្រឆាំងអំពើពុករលួយនោះជា ធរមានបញ្ញត្តិ។ ច្បាប់នេះឈ្មោះថា ច្បាប ទទួលខុស ត្រូវខាងសិទ្ធិមនុស្ស ម៉ាគនីតស្គី សកលលោក (The Global Magnitsky Human Rights Accountability Act)ឬហៅដោយខ្លីថា ច្បាប់ ម៉ាគនីតស្គី សកលលោក  (The Global Magnitsky Act)។ 

ច្បាប់នេះ ផុសចេញពីការផ្តើមគំនិតរបស់លោក William Browder ពាណិជ្ជករអាមេរិកាំង ដាក់ទុនរក ស៊ីនៅក្នុងសហព័ន្ធរុស្ស៊ី ដោយជួលមេធាវី និង គណ នេយ្យករឈ្មោះ Sergei Magnitsky ឲ្យធ្វើតំណាងខាងច្បាប់ កាន់កាប់បញ្ជីគណនេយ្យ និង ពន្ធដារក្នុងសាជីវ កម្ម។ លោកSergei Magnitsky បានបង្ហើបឲ្យដឹងរឿងពុករលួយ ផ្ទេរប្រាក់របស់មន្រ្តីជុំវិញប្រធា នាធិបតី  Vladimir Putin ទៅលាក់ឯបរទេស។ រដ្ឋអំណាចលោក  Putin  ចាប់លោក Sergei Magnitskyដាក់ពន្ធនាគារ ធ្វើទារុណកម្មរហូតដល់ស្លាប់ក្នុងពន្ធនា គារ។ សមាជិកព្រឹទ្ធសភាពីររូបដែលយករឿងរំលោភ សិទ្ធិលោក Sergei Magnitsky

 ធ្វើជាច្បាប់សម្រាប់ស.រ.អា គឺលោក Benjamin Cardin ខាងបក្ស ប្រជា ធិបតេយ្យ ពីរដ្ឋ Maryland និង លោក John McCain ខាងបក្ស សាធារណរដ្ឋ ពីរដ្ឋ Arizona។ 

ច្បាប់ ម៉ាគនីតស្គី សកលលោក សំដៅអនុញ្ញាតឲ្យប្រធានាធិបតីរារាំងការចេញទិដ្ឋាការ ឬ ព្យួរទិដ្ឋាការ ឬ វីហ្សា ហើយនិងរារាំង ខ្ទប់ទ្រព្យសម្បត្តិ ឬ ផលប្រ យោជន៍លើអចលនទ្រព្យរបស់ជនបរទេសទាំងឡាយណា ជាបុគ្គលក្តី ជាអង្គភាពក្តី ដែលបានចូលរួមប្រ ព្រឹត្ត៖

ខ ១. ការសម្លាប់ក្រៅប្រព័ន្ធច្បាប់ ការធ្វើទារុណកម្ម ឬ ការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរប្រឆាំងនឹងបុគ្គល ទាំងឡាយ ដែលស្វះស្វែងវែកមុខ លាតត្រដាងសកម្ម ភាពខុសច្បាប់ អនុវត្តដោយមន្រ្តីរដ្ឋាភិបាលក្តី ឬ ស្វែងរក ប្រើប្រាស់ ការពារ លើកស្ទួយសិទ្ធិ សេរីភាពនានា ទទួលស្គាល់ជាអន្តរជាតិ ដូចជា សេរីភាពសាសនា សំដែងមតិ ចូលរួមចងក្រង ប្រមូលជួប ជុំ និង សិទ្ធិទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ និង តាមការ បោះឆ្នោតដោយប្រជាធិបតេយ្យ។

ខ ២. មន្រ្តីរដ្ឋាភិបាល ឬ ដៃគូជាន់ខ្ពស់រូបណានៃមន្រ្តីនោះ ដែលចូលរួមប្រព្រឹត្ត ឬ ទទួលខុសត្រូវក្នុងអំពើពុករលួយធំធេងនានា។ បុគ្គលទាំងឡាយ ដែលធ្វើជាភ្នាក់ងាររបស់អ្នករំលោភសិទ្ធិមនុស្ស ឬ ក្នុងនាមអ្នករំលោភសិទ្ធិមនុស្ស ឬ ដែលបានជួយសម្រួលមន្រ្តីពុករលួយ ក៏អាចទទួលទណ្ឌកម្មដូចគ្នាដែរ។

អនុលោមតាមច្បាប់ ម៉ាគនីតស្គី សកលលោក ប្រធា នាធិបតី Donald Trump បានប្រើសិទ្ធិ អំណាចសាខា ប្រតិបត្តិ ចេញបញ្ជាប្រតិបត្តិ ឬ បញ្ជាប្រធានាធិបតី ហៅថា Executive Order (EO) លេខ ១៣៨១៨ នៅថ្ងៃទី១២ មិថុនា ២០១៨ ដាក់ទណ្ឌកម្មលើឧត្តម សេនីយ៍ ហ៊ីង ប៊ុនហ៊ាង។ តាមរយៈបទបញ្ជាលេខ ១៣៨១៨ លោកបានដាក់ទណ្ឌកម្មនៅថ្ងៃទី៩ ខែធ្នូ ២០១៩ លើដង្ខៅឈើ ទ្រី ភាព និង ក្រុមហ៊ុនរបស់ ទ្រី ភាព ចំនួន ១១ ព្រមទាំងឧត្តមសេនីយ៍ គន់ គីម និង សាច់ញាតិ រួមទាំងបណ្តាញក្រុមហ៊ុនចំនួន ៥។ ប្រធានាធិបតីស.រ.អា បន្តប្រើបទបញ្ជាដដែល ដាក់ ទណ្ឌកម្មនៅថ្ងៃទី១៥ ខែកញ្ញា ២០២០ លើក្រុមហ៊ុនចិន UDG អភិវឌ្ឍតំបន់តារាសាគរ ខេត្តកោះកុង។ ថ្ងៃទី៩ ខែធ្នូ ២០២០ ដាក់ទណ្ឌកម្មលើថៅកែចិនឈ្មោះ វ៉ាន គួកគួយ (Wan Kuok Koi) ហៅថៅកែ ធ្មេញបាក់ និង ក្រុមហ៊ុន ដែលក្លែងខ្លួនថាអភិវឌ្ឍផែន 

ការរដ្ឋាភិបាលចិន ហៅថា ផែនការខ្សែក្រវ៉ាត់ និង ផ្លូវថ្នល់។ ក្រសួង ហិរញ្ញវត្ថុអាមេរិក ចាត់ទុកថៅកែ ធ្មេញបាក់ ជាមេម៉ាហ៊្វីយ៉ាចិន ហើយបានអនុវត្តបទ បញ្ជាលេខ ១៣៨១៨ រួមនឹងអនុញ្ញាអ.ស.បប្រឆាំងអំពើពុករលួយ អនុម័តដោយមហាសន្និបាតអ.ស.ប ឆ្នាំ២០០៣ ហៅកាត់ថា អ៊ុនកាក់ (United Nations Convention Against Corruption=UNCAC)។

ដោយឡែកពីច្បាប់ ម៉ាគនីតស្គី សកលលោក សភាស.រ.អាបានអនុម័តច្បាប់ថ្មីមួយទៀត បន្ថែមទៅនឹង កម្មវិធីប្រឆាំងការលាងលុយកខ្វក់ (Anti-Money Laundering Programs = AML) នៅក្នុង ច្បាប់ស្នេហា ជាតិសហរដ្ឋអាមេរិក ឆ្នាំ២០០១ ហៅតាមអង់គ្លេសថា The USA Patriot Act

ច្បាប់ថ្មីនេះ ពុំសូវមានមនុស្សម្នាដឹងច្រើនទេ ព្រោះថា ព្រឹទ្ធសភាទើបនឹងអនុម័តកាលពីខែធ្នូ ឆ្នាំ២០២០ ដោយបញ្ជូលទៅក្នុង ច្បាប់ ការអនុញ្ញាតកិច្ចការពារជាតិ ឆ្នាំ២០២១ (National Defense Authorization Act 2021) ដោយមានខ្លឹមសារស្របតាម ការអនុម័តច្បាប់ក្នុងរដ្ឋសភាកាលពីឆ្នាំ២០១៩ ឈ្មោះថា ច្បាប់តម្លា ភាពសាជីវកម្ម (Corporate Transparency Act) ផ្តើមគំនិតដោយសមាជិករដ្ឋសភាខាងបក្ស ប្រជាធិប តេយ្យ ពីរដ្ឋញីវយ៉ក អ្នកស្រី Carolyn Maloney។ ច្បាប់នេះ មិននិយាយអំពីរឿងរំលោភសិទ្ធិមនុស្សទេ គឺនិយាយអំពី ការទប់ស្កាត់ដាក់អន្ទាក់ពួកកាន់អំណាចផ្តាច់ការប្រើវិធី មធ្យោបាយផ្ទេរ បញ្ចេញបញ្ចូលលុយបិទបាំងប្រភពដើម ហើយក៏សំដៅផ្តន្ទាអ្នកធ្វើការ រក ស៊ីជាមួយពួកផ្តាច់ការដែរ។

សមាជិកសភាអាមេរិកាំង ដឹងថា មេដឹកនាំ ពួកនាហ្មឺន មន្រ្តី និង ពាណិជ្ជករពុករលួយក្នុងរបបផ្តាច់ការលើពិភពលោកនេះ ប្រើសមាជិកក្រុមគ្រួសារ សាច់ញាតិ បរិវារ មិត្តភក្តិ ក្លើម្រាក់របស់គេឲ្យជួយទុកដាក់លុយ កាក់បានមកពីអំពើទុច្ចរិតតាមរបៀបណាមួយ ព្រោះ ថា គេមិនដឹងជាចាយយ៉ាងណាអស់ ហើយយកលុយសុទ្ធគរដូចដំបូកនោះទៅទុកដាក់ឯណា។

ពួកពុករលួយប្រើមនុស្សដែលគេទុកចិត្ត ឲ្យបង្កើតបណ្តាញទាក់ទង រកស៊ីអ្វីមួយ ដោយមិន ចេញឈ្មោះ ចេញមុខពិតខ្លួនឯង ។ ពួកប្រព្រឹត្តិអំពើទុច្ចរិត ជាមន្រ្តីក្តី ជាឈ្មួញរកស៊ីខុសច្បាប់ក្តី ដូចជា ពួករត់ពន្ធគ្រឿងញៀន រត់ពន្ធមនុស្ស ជាដើម បញ្ចេញលុយពីរបរខ្មៅងងឹត ឲ្យបើកក្រុមហ៊ុនធ្វើអាជីវកម្ម ទិញអច លនទ្រព្យ ដូចជាដីធ្លី អគារ ផ្ទះសម្បែង ឬ ទៅលេងល្បែងតាមកាស៊ីណូស្របច្បាប់ ដើម្បីផ្លាស់ប្តូរលុយគគ្រិចឲ្យមកជាលុយស្អាតវិញ។ ការផ្ទេរលុយហូរចូលទៅស.រ.អាក្តី ទៅសហភាពអឺរ៉ុបក្តី អូស្រ្តាលីក្តី នូវ៉ែលហ្សេឡង់ដ៍ក្តី  ភាគច្រើនយកអ្នករស់នៅប្រ ទេសទាំងនោះ ចេញមុខ ឈរឈ្មោះ ចុះឈ្មោះក្នុងបញ្ជីតាមច្បាប់ទិញអចលនទ្រព្យ ឬ ចូលហ៊ុនបើកអាជីវកម្ម ហើយឲ្យផលចំណេញទៅម្ចាស់លុយជាមន្រ្តីពុករលួយ ឬ ឈ្មួញទុច្ចរិតវិញ។ នេះហៅថា ក្រុមហ៊ុនស្នូក shell company ពោលគឺលាក់បាំងប្រភពដើមទុន។

ច្បាប់លេខ ៤០៤៩ ផ្នែក ៥៥០៧ មានចំណងជើងថា៖ ការសិក្សារបស់ក្រសួង ហិរញ្ញវត្ថុ និង ក្រសួង យុត្តិធម៌ លើការប្រឹងប្រែងនៃ របបផ្តាច់ការទាំងអស់ ដើម្បីគៃ ប្រវ័ញ្ចប្រព័ន្ធហិរញ្ញវត្ថុស.រ.អា ចែងថា៖

រដ្ឋមន្រ្តី ក្រសួង ហិរញ្ញវត្ថុ និង ក្រសួង យុត្តិធម៌ ដោយពិគ្រោះយោបល់ជាមួយនាយភ្នាក់ងារ ផ្នែក សន្តិសុខជាតិ ផ្នែកស៊ើបការណ៍សម្ងាត់ ផ្នែកពង្រឹងច្បាប់គ្រប់មុខការ ត្រូវធ្វើការសិក្សាមួយ រួចដាក់ជូនសភាជាតិនូវសេចក្តីរាយការណ៍មួយ ដែលពិចារណា ថាតើរបបផ្តាច់ការទាំងឡាយ និង បរិវាររបស់គេនៅឯបរទេស ប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអាមរិករបៀបណា៖

ទី១. ដើម្បីធ្វើប្រតិបត្តិការបង្កើនឥទ្ធិពលនយោបាយនៅស.រ.អា

ទី២. ដើម្បីបន្តវិធីសាស្រ្តលួចជាតិក្នុងការរក្សាអំ ណាចរបស់គេ

ទី៣. ដើម្បីនាំចេញរបៀបពុករលួយរបស់គេ

ទី៤. ដើម្បីឧបត្ថម្ភធនធានដល់អង្គការក្រៅរដ្ឋាភិបាល អង្គការសារព័ត៌មាន ការផ្តើមគំនិតផ្នែកសិក្សាអប់រំនៅស.រ.អា ដើម្បីជំរុញ បង្កើនប្រយោជន៍របបផ្តាច់ការទាំងនោះ ហើយ ទី៥. ឬបើផ្ទុយពីហ្នឹង ដើម្បីបំផ្លាញរបៀបគ្រប់គ្រងបែបប្រជាធិបតេយ្យក្នុងស.រ.អា ដៃគូ និង 

សម្ព័ន្ធមិត្តរបស់ស.រ.អានោះ ច្បាប់ថ្មីនេះ តម្រូវឲ្យអ្នកឈរឈ្មោះ ចុះឈ្មោះបើកអា ជីវកម្ម ឬ ក្រុមហ៊ុន ឬ ទិញអចលនទ្រព្យនៅស.រ.អា បង្ហាញអត្តសញ្ញាណភាពអ្នកមានហ៊ុន មានចំណែកនៅពីក្រោយទាំងអស់ ជាឯកសារផ្លូវការបញ្ជាក់ឈ្មោះ បញ្ជាក់រូបថត បញ្ជាក់អាយុ បញ្ជាក់អសយដ្ឋានពិត ប្រាកដ មិនអាចលាក់បានដូចមុនៗឡើយ។

អាជីវករ ឬ ពាណិជ្ជករ បានបើកក្រុមហ៊ុនរួចហើយ មានពេលពីរឆ្នាំ ដើម្បីរាយការណ៍តាមច្បាប់ថ្មីតម្រូវ។ រីឯអ្នកផ្តើមបើកក្រុមហ៊ុន ត្រូវបំពេញលក្ខខណ្ឌភ្លាមតាមច្បាប់ជាធរមាន។ ជនណារំលោភច្បាប់ថ្មីនេះ នឹងត្រូវរដ្ឋផាកពិន័យមួយថ្ងៃ ៥០០ដុល្លារ ហើយនិងអាចជាប់ ពន្ធនាគារពីរឆ្នាំ។ នរណាដឹងព័ត៌មានពិតនូវអំពើខុសច្បាប់ ហើយលបបង្ហើប ខ្សឹបឲ្យការណ៍ដល់ភ្នាក់ងារមានសមត្ថកិច្ចអាមេរិក នឹងបានកម្រៃ ៣០% ពីទ្រព្យ សម្បត្តិ លុយកាក់លួចលាក់ រឹបអូសបានពីជនល្មើសតាមផ្លូវច្បាប់។

នាយកដ្ឋាន ឬ ការិយាល័យ ក្នុងក្រសួង ហិរញ្ញវត្ថុអាមេរិក ដែលទទួលបន្ទុកធ្វើកិច្ចការនេះ ឈ្មោះថា ហ្វិនសិន (FinCEN) ដែលប្រែថា បណ្តាញបង្រ្កាបឧក្រិដ្ឋកម្មហិរញ្ញវត្ថុ (Financial Crimes Enforcement Network)។ នាយកដ្ឋាន ឬ ការិយាល័យនេះ តាមដាន និង រាយការណ៍សកម្មភាពមន្ទិលសង្ស័យ (Suspicious Activity Report=SAR) ដោយមានថវិកាជិត ១២៧ លានដុល្លារ។ 

សប្តាហ័ក្រោយ សូមជូនសេចក្តីរាយការណ៍អំពី ក្រុមហ៊ុនឯកជន ស្ថាប័នស៊ីវិល ចងមេត្រីភាពជាមួយ អង្គភាពកងទ័ពការពារប្រយោជន៍គ្នាទៅវិញទៅមក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស