The Cambodia Daily Khmer

ស្រីលង្កា​ដែល​ធ្លាក់​ក្នុង​បំណុល​ចិន​គរ​ដូច​ភ្នំ​ប្រកាស​អាសន្ន​ថា​សេដ្ឋកិច្ច​ជាតិ​ក្រឡាប់​ហើយ

ពលរដ្ឋ​ប្រទេស​ស្រីលង្កា តម្រង់​ជួរ​ចាំ​ទិញ​ហ្គាស៍។

នាយករដ្ឋមន្ត្រី​ស្រោចស្រង់​ជាតិ​នៃ​ប្រទេស​ស្រីលង្កា គឺ​លោក Ranil Wickremesinghe បាន​ប្រកាស​ជា​ផ្លូវការ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា ក្រឡាប់​ហើយ​នៅ​ពេលនេះ។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP លោក Wickremesinghe បាន​ប្រកាស​ដូចនេះ​នៅ​ពេល​លោក​ថ្លែង​ទៅ​កាន់​សមាជិក​សភា​កាលពី​ថ្ងៃ​អង្គា ទី​៥ កក្កដា។ លោក Ranil Wickremesinghe គឺជា​នាយករដ្ឋមន្ត្រី​ដែល​ឡើង​មក​ជំនួស​លោក Mahinda Rajapaksa ដែល​ត្រូវ​បាន​ប្រជាជន​ស្រីលង្កា ធ្វើ​បាតុកម្ម​បណ្ដេញ​ចេញពី​តំណែង។

នៅ​ចំពោះ​មុខ​សមាជិក​សភា នាយករដ្ឋមន្ត្រី Wickremesinghe បាន​ថ្លែង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា បាន​ដួល​ក្រឡាប់​ហើយ។ លោក​បញ្ជាក់​ថា ទោះជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បន្ត​ផ្ដល់​ប្រាក់កម្ចី​ដោយ​ពុំ​មាន​ការប្រាក់ ក៏​ពុំ​អាច​ស្រោចស្រង់​សេដ្ឋកិច្ច​ស្រីលង្កា បាន​ដែរ ព្រោះ​ប្រទេស​នេះ​បាត់បង់​ចំណូល​ជាតិ​ធ្ងន់ធ្ងរ​ណាស់។ លោក​ថា នៅ​ពេល​គណៈប្រតិភូ​ស្រីលង្កា កំពុងតែ​ពិភាក្សា​ខ្ចី​បុល​ពី IMF គឺ​សេដ្ឋកិច្ច​ជាតិ​ស្រីលង្កា បាន​ដួល​រលំ​ទៅ​ហើយ។ តែ​លោក Wickremesinghe ពុំ​បាន​និយាយ​ដាក់​កំហុស​ទៅ​លើ​គណៈរដ្ឋមន្ត្រី​របស់​លោក មាហិនដា នោះ​ទេ។

យ៉ាងណាក៏ដោយ ដើមចម​ធ្វើ​ឲ្យ​ទុន​បម្រុង​បរទេស និង​ទុន​បម្រុង​ក្នុង​ស្រុក​របស់​ប្រទេស​ស្រីលង្កា ធ្លាក់​ដល់​កម្រិត​ស្ដារ​លែង​រួច​នេះ គឺ​អាច​មកពី​កត្តា​ច្រើន​យ៉ាង​នៅ​ចំពោះ​មុខ​ប្រទេស ដែល​ពលរដ្ឋ​ភាគច្រើន​នៅតែ​ក្រីក្រ ហើយ​បែរ​ជា​គ្រួសារ​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល មាហិនដា មាន​ទ្រព្យសម្បតិ្ត​កប់​ពពក។

មាហិនដា គឺ​មិត្ត​ជិតស្និទ្ធ​នឹង​មេដឹកនាំ​ប្រទេស​ចិន។ លោក​ជា​មេដឹកនាំ​ស្រីលង្កា ដែល​ចិន​ផ្ដល់​ប្រាក់កម្ចី​តាមរយៈ​លោក គឺ​រាប់​ពាន់​លាន​ដុល្លារ ដោយ​ក្រុង​ប៉េកាំង មិន​ខ្វល់​អំពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​គ្រួសារ និង​បក្សពួក​លោក មាហិនដា ឡើយ។

សំណង់​កំពង់ផែ​សមុទ្រ និង​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​ស្ពាន សុទ្ធសឹងតែ​បាន​មកពី​ការ​ខ្ចី​បុល​ពី​ចិន។ តែ​សមិទ្ធផល​សំណង់​មួយ​ចំនួន​ត្រូវ​បាន​ចិន រឹបអូស ព្រោះ​តែ​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ដ៏​ក្រីក្រ​នេះ​ពុំ​មាន​លទ្ធភាព​សង​ការប្រាក់ និង​បង្វិល​ប្រាក់​ដើម​ឱ្យ​ចិន​វិញ គឺ​មិន​ទាន់​ពេលវេលា​កំណត់​នៃ​ការ​បង្វិល​សំណង។

ការពិត ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ត្រូវ​បង្វិល​ទាំង​ការប្រាក់ និង​ប្រាក់​ដើម​ទៅ​ឱ្យ​ចិន គឺ​ជាច្រើន​ឆ្នាំ​មក​ហើយ តែ​ប្រទេស​នេះ​ពុំ​មាន​លទ្ធភាព​ឡើយ។

ដោយសារ​ពុំ​មាន​លទ្ធភាព​សង​វិញ​នេះ​ហើយ​ដែល​កំពង់ផែ​សមុទ្រ​ដ៏​ធំ​មួយ​របស់​ប្រទេស​នេះ​ក្រោម​ប្រាក់កម្ចី​ជាង ១​ពាន់​លាន​ដុល្លារ ធ្លាក់​ក្រោម​ការ​កាន់កាប់​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន មាន​រយៈពេល ៩០​ឆ្នាំ។ មាន​ន័យ​ថា ប្រាក់ចំណូល​របស់​កំពង់ផែ​នេះ គឺ​ប្រទេស​ស្រីលង្កា ពុំ​មាន​សិទ្ធិ​ទទួល​បាន​អត្ថប្រយោជន៍​នោះ​ទេ គឺ​ក្រុមហ៊ុន​ចិន ជា​អ្នក​ស្រូប​យក​ប្រាក់ចំណូល​របស់​កំពង់ផែ​មួយ​នោះ។

តើ​សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា ជួប​វិបត្តិ​មកពី​កត្តា​អ្វី​ខ្លះ?

ការពិត វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា បាន​ធ្លាក់​ធ្ងន់ធ្ងរ គឺ​ច្រើន​ខែ​មក​ហើយ ដែល​ពលរដ្ឋ​ជិត ២២​លាន​នាក់​រស់នៅ​ដោយ​ខ្វះ​សព្វគ្រប់ ពិសេស​ខ្វះ​ភ្លើង​អគ្គិសនី ប្រេងសាំង ស្បៀង និង​ថ្នាំពេទ្យ។

រដ្ឋ​អស់​ថវិកា​ដើម្បី​ទិញ​ស្បៀង ទិញ​ប្រេង និង​ផលិតផល​ចាំបាច់​មួយ​ចំនួន​ដើម្បី​ទប់ទល់​នឹង​អតិផរណា។ នេះ​ជា​លើកដំបូង​ហើយ​ដែល​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​ជា​កូនបំណុល​ចិន​វ័ណ្ឌក ជួប​វិបត្តិ​សេដ្ឋកិច្ច​ដោយ​បាន​រុញច្រាន​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រឡាប់៕

Exit mobile version