ក្រុមស្ត្រីថ្ងៃសុក្រដែលជាភរិយាសកម្មជនគណបក្សសង្គ្រោះជាតិ ស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយបញ្ជូនស្វាមីមកឃុំខ្លួននៅពន្ធនាគារព្រៃសវិញ ដោយថាប្ដីរបស់ពួកគេត្រូវបានអ្នកទោសអ្នកគ្រឿងញៀនវាយដំ បន្ទាប់ពីបញ្ជូនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ។
ភរិយា និងសាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១ កញ្ញា នេះ បាននាំគ្នាយកញត្តិទៅដាក់នៅក្រសួងមហាផ្ទៃ ដើម្បីស្នើឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជួយដោះស្រាយបញ្ហាចំនួន ៧ចំណុចដែលស្វាមីពួកគេកំពុងជួប។
បើតាមខ្លឹមសារញត្តិរបស់ក្រុមស្ត្រីថ្ងៃសុក្រដែលដាក់ទៅក្រសួងមហាផ្ទៃ បានរៀបរាប់ថា ស្ថានភាពរូបរាងកាយស្វាមីពួកគេមានសភាពទ្រុឌទ្រោមខ្លាំង ដោយសារកន្លែងចង្អៀតណែន ខ្វះខាតចំណីអាហារ ខ្វះអនាម័យ ដោយសារខ្វះខាតទឹក មានការរឹតត្បិតការចូលសួរសុខទុក្ខ មានការរឹតត្បិតការផ្ដល់ចំណីអាហារពីក្រុមគ្រួសារ និងសាច់ញាតិ ការរឹតត្បិតទំនាក់ទំនងគ្រួសារ និងសាច់ញាតិ ព្រមទាំងមានការវាយដំផងដែរ។
ភរិយារបស់លោក កាក់ កុម្ភារ គឺអ្នកស្រី ព្រំ ចាន់ថា ប្រាប់អ្នកសារព័ត៌មានមុខក្រសួងមហាផ្ទៃ នាថ្ងៃទី១ កញ្ញា នេះថា មន្ត្រីពន្ធនាគារត្រពាំងផ្លុង បានបើកដៃឲ្យក្រុមអ្នកទោសគ្រឿងញៀនវាយធ្វើបាបស្វាមីពួកគាត់រហូតដល់ទ្រុឌទ្រោម។ អ្នកស្រីបន្តថា ពួកគាត់មានក្ដីបារម្ភ ទើបរកកិច្ចអន្តរាគមន៍ពីលោក ស ខេង ឲ្យជួយយកប្ដីរបស់ពួកគាត់មកព្យាបាលជំងឺនៅខាងក្រៅ ឬបញ្ជូនមកឃុំនៅពន្ធនាគារព្រៃសវិញ។
អ្នកស្រី ព្រំ ចាន់ថា បន្តថា បើមន្ត្រីពន្ធនាគារមិនបញ្ជូនមកវិញទេ គ្រួសារពួកគាត់នឹងធ្លាក់ខ្លួនឈឺខ្លាំង ខណៈពន្ធនាគារត្រពាំងផ្លុងនៅឆ្ងាយ ហើយពិបាកចូលសួរសុខទុក្ខ និងមិនមានគ្រូពេទ្យអង្គការលីកាដូដែរ។
ស្ត្រីរូបនេះស្នើទៅរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រួសាររបស់គាត់ដែលជាអ្នកទោសនយោបាយបន្តទៀត ដោយថាការធ្វើបែបនេះ នឹងធ្វើឲ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលកាន់តែខ្លាំង។
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ មន្ត្រីពន្ធនាគារបានផ្ទេរសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១៤នាក់ពីពន្ធនាគារព្រៃស ទៅឃុំពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាមវិញ ក្រោយពីឃុំខ្លួននៅពន្ធនាគារព្រៃសរាជធានីភ្នំពេញម្នាក់ៗ ២ឆ្នាំ។
យ៉ាងណាក៏ដោយ បើតាមស្ត្រីថ្ងៃសុក្រអះអាងថា ញត្តិដែលពួកគេបានដាក់ទៅ គឺមន្ត្រីក្រសួងមហាផ្ទៃបានទទួលរួចហើយ។
សូមបញ្ជាក់ថា សកម្មជនគណបក្សសង្គ្រោះជាតិទាំង ១៤នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសម្នាក់ៗចន្លោះពី ៣ ទៅ ៦ឆ្នាំ ក្រោមបទចោទប្រកាន់ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងដំណើរការវិលត្រឡប់របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕