ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍នៅមុនថ្ងៃបុណ្យឯករាជ្យជាតិថា បើខ្មែរចេះគោរពសិទ្ធិគ្នាមិនបង្កឱ្យមានការឈឺចាប់ និងមិនយកខ្មែរណាជាសត្រូវ នោះនឹងនាំមកនូវសាមគ្គីភាពជាតិ និងឯករាជភាពជាតិពិតប្រាកដ។
លោក កឹម សុខា បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ មុនថ្ងៃទិវាបុណ្យឯករាជ្យជាតិមួយថ្ងៃ ដោយបានផ្ញើសារអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣ ដែលជាខួបអនុស្សាវរីយ៍លើកទី៦៩។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា លើកឡើងថា ឯករាជ្យជាតិ គឺជាមោទកភាពជាតិ ដូច្នេះដើម្បីឲ្យប្រទេសជាតិមានឯករាជ្យជាតិពិតនោះ ខ្មែរត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក។ លោកបញ្ជាក់ថា បើខ្មែរចេះគោរពសិទ្ធិគ្នាទៅវិញទៅមក មិនបង្កឲ្យមានការឈឺចាប់ ដោយការមិនយកខ្មែរណាជាសត្រូវ នោះនឹងនាំមកនូវសាមគ្គីភាពជាតិ។
លោកបន្តថា សាមគ្គីភាពជាតិនាំឲ្យមានឯកភាពជាតិ និងនាំមកនូវឯករាជ្យជាតិរឹងមាំថែមទៀតផងដែរ។
ការលើកឡើងរបស់លោក កឹម សុខា នាពេលនេះ ស្របពេលដែលតុលាការក្រុងភ្នំពេញបិទបញ្ចប់នីតិវិធីនៃការសួរដេញដោលលើអង្គសេចក្តី កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅនេះ និងកំណត់ឱ្យភាគីក្នុងរឿងក្ដីធ្វើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ និងទាញហេតុផលផ្ទាល់មាត់នៅថ្ងៃទី២១ ខែធ្នូ ខាងមុខនេះ។
គិតពីថ្ងៃដែលសមត្ថកិច្ចចាប់ខ្លួនទាំងពាក់កណ្តាលអធ្រាត្រកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ អ្នកនយោបាយរូបនេះត្រូវបានតុលាការកម្ពុជាដកសិទ្ធិធ្វើនយោបាយជាង ៥ឆ្នាំមកហើយ។
កម្ពុជាបានទទួលឯករាជ្យពេញបរិបូរណ៍ពីអាណានិគមនិយមបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
នៅពេលបានទទួលឯករាជ្យ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បានសរសេរលិខិតផ្លូវការទៅរដ្ឋាភិបាលបារាំង ដោយអះអាងថា ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ តទៅ គឺកម្ពុជាជាប្រទេសឯករាជ្យមួយមិនស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសណាមួយនោះឡើយ ហើយកម្ពុជានឹងស្រឡាញ់រាប់អានបារាំងក្នុងឋានៈជាប្រទេសឯករាជ្យដូចគ្នា។
ក្រោយពីទទួលបានឯករាជ្យ កម្ពុជាតែងតែប្រារព្ធពិធីបុណ្យឯករាជ្យឡើងយ៉ាងអធិកអធមជារៀងរាល់ឆ្នាំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ និងវត្តមានរបស់ប្រមុខដឹកនាំរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា នាហ្មឺនសព្វមុខមន្ត្រី ព្រមទាំងមហាជនយ៉ាងច្រើនកុះករ ដើម្បីដាក់កម្រងផ្កានៅវិមានឯករាជ្យនាទីក្រុងភ្នំពេញ។
ពិធីបុណ្យឯករាជ្យជាតិឆ្នាំនេះក៏មានការរៀបចំប្រារព្ធធ្វើដូចឆ្នាំមុនៗដែរ ហើយផ្លូវមួយចំនួននៅរាជធានីភ្នំពេញ អាចនឹងត្រូវបិទជាបណ្ដោះអាសន្ន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញកាលពីថ្ងៃទី០៤ ខែវិច្ឆិកា៕