ប្រទេសឡាវ ឬលាវ ជាប្រទេសមួយដែលមានព្រំដែនជាប់នឹងប្រទេសកម្ពុជា ហើយក៏ជាប្រទេសមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាសមាគមអាស៊ាន។
ប្រទេសនេះប្រកាន់របបកុម្មុយនីស្ត ដែលការជ្រើសតាំងមេដឹកនាំចេញពីបក្ស ហើយគណបក្សមកសុំការអនុម័តពីសមាជិកសភាដែលជាសភាឯកបក្ស។ មានន័យថា មានតែបក្សកុម្មុយនីស្តមួយគត់ជាក្បាលម៉ាស៊ីនដឹកនាំប្រទេស។
យ៉ាងណា បក្សកុម្មុយនីស្តឡាវ បានចងអាណត្តិនាយករដ្ឋមន្ត្រី និងប្រធានាធិបតីឱ្យកាន់តំណែងបានរយៈពេល ១០ឆ្នាំ គឺពីរអាណត្តិប៉ុណ្ណោះ។ តែជាមួយគ្នានេះ បក្សកុម្មុយនីស្តឡាវ ក៏បានបើកឱកាសឱ្យនាយករដ្ឋមន្ត្រី ឬប្រធានាធិបតី អាចលាលែងពីតំណែងបានដែរ បើពួកគាត់ចង់ចូលនិវត្តន៍ពីមុខនាទី ឬឋានៈដ៏កំពូលរបស់បក្ស និងប្រទេស។
អ្វីជាការធ្វើឱ្យមានការភ្ញាក់ផ្អើលសម្រាប់អ្នកសង្កេតការណ៍ និងមេដឹកនាំប្រទេសក្នុងតំបន់នៃសមាគមអាស៊ាន គឺនាយករដ្ឋមន្ត្រី Phankham Viphavanh កំពុងកាន់តំណែង បានស្នើសុំទៅបក្សលាលែងពីតំណែង ហើយឧបនាយករដ្ឋមន្ត្រីទី១ លោក Sonexay Siphandone បានឡើងមកជំនួសបុរសវ័យ ៧១ឆ្នាំរូបនេះ។
លោក Phankham Viphavanh នៅក្នុងសុន្ទរកថារបស់លោកទៅកាន់សភាជាតិកាលពីថ្ងៃសុក្រ ទី៣០ ធ្នូ ឆ្នាំ២០២២ សប្ដាហ៍មកនេះ លោកបានប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រីឡាវ ក្រោមហេតុផលបញ្ហាសុខភាព និងដល់អាយុចូលនិវត្តន៍។
លោក Phankham Viphavanh កើតនៅឆ្នាំ១៩៥១ ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីឡាវ ដោយសភាជាតិកាលពីខែមីនា ឆ្នាំ២០២១។ លោកក៏ធ្លាប់បានកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីអប់រំ និងជាអភិបាលខេត្ត Huaphan។
ការដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនោះ ដោយសារលោក Phankham បានប្រាប់សភាថា លោកត្រូវការចូលនិវត្តន៍ ហើយម្យ៉ាងទៀតគឺកត្តាសុខភាពដែលរុញឱ្យលោកសុំសម្រាកពីភារកិច្ច និងមុខតំណែងនាយករដ្ឋមន្ត្រី។
សមាជិកសភាប្រទេសឡាវដែលមានការភ្ញាក់ផ្អើល ហើយក៏អនុម័តតាមសំណើរបស់សាមីខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។
ទីបំផុត បេក្ខជនមានតែម្នាក់គត់ដែលបក្សកុម្មុយនីស្តឡាវ បញ្ជូនឈ្មោះមកសុំការអនុម័តពីសភា គឺលោក Sonexay Siphandone។ លោក Sonexay ត្រូវបានសភាអនុម័តឱ្យឡើងកាន់តំណែងនាយករដ្ឋមន្ត្រីថ្មីនៃសាធារណរដ្ឋប្រជាមានិតឡាវ។ នៅក្នុងការបោះឆ្នោតនោះ មានសំឡេងជំទាស់តែ ២ប៉ុណ្ណោះ។ ចំណែកសំឡេងគាំទ្រ គឺលើសលប់មានរហូតដល់ទៅ ១៤៩សំឡេង។
ក្រោយពីទទួលបានសំឡេងលើសលប់គាំទ្រជានាយករដ្ឋមន្ត្រី លោក Sonexay បានថ្លែងអរគុណសមាជិកសភាដោយសន្យាដើរតាមគោលការណ៍បក្ស និងខិតខំប្រមូលធនធានមនុស្ស និងធនធានហិរញ្ញវត្ថុដើម្បីអភិវឌ្ឍប្រទេសជាតិ។ អ្វីដែលមានការចាប់អារម្មណ៍ គឺនាយករដ្ឋមន្ត្រីថ្មីរូបនេះជាកូនប្រុសរបស់អតីតប្រធានាធិបតី Khamtay Siphandone។
ក្រោយពីសភាអនុម័តឱ្យលោក Sonexay បានឡើងតំណែងនាយករដ្ឋមន្ត្រី គឺភ្លាមៗនោះគណៈរដ្ឋមន្ត្រីក៏ត្រូវបានរុះរើ ដោយសុំការអនុម័តពីសភានៅថ្ងៃកិច្ចប្រជុំនៃសម័យប្រជុំពេញអង្គលើកទី៤ តែម្ដង។
បច្ចុប្បន្ន លោក Thongloun Sisoulith គឺជាប្រមុខរដ្ឋនៃសាធារណរដ្ឋឡាវ តែការងារសកម្មប្រចាំថ្ងៃគេហៅថានីតិប្រតិបត្តិ ស្ថិតនៅក្រោមនាយករដ្ឋមន្ត្រី។
ជីវប្រវត្តិសង្ខេបរបស់លោក Sonexay
លោក Sonexay Siphandone កើតនៅខែមករា ឆ្នាំ១៩៦៦។ លោក Sonexay ជាសមាជិកការិយាល័យនយោបាយគណៈមជ្ឈិមនៃគណបក្សបដិវត្តន៍ប្រជាជនឡាវ។ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកគណៈកម្មាធិការមជ្ឈិមឡាវ នៅឯសភាជាតិនីតិកាលទី៨ ក្នុងឆ្នាំ២០០៦ និងជាសមាជិកការិយាល័យនយោបាយនៅឯសភាជាតិនីតិកាលទី១០ ក្នុងឆ្នាំ២០១៦។
មេដឹកនាំនៃសមាគមអាស៊ានចាប់ផ្ដើមបញ្ជូនសារអបអរសាទរលោក Sonexay។ នាយករដ្ឋមន្ត្រីវៀតណាម លោក Phạm Minh Chính បានបញ្ជូនសារមុនគេទៅជូនលោក Sonexay។ សាររបស់នាយករដ្ឋមន្ត្រីវៀតណាម សង្កត់ធ្ងន់អំពីការពង្រឹងចំណងទាក់ទងមិត្តភាព និងសហប្រតិបត្តិការទ្វេភាគី រួមទាំងការពង្រឹងស្ថិរភាព និងសន្តិសុខតំបន់អាស៊ានកាន់តែរឹងមាំ។
ចំណែកឯសារនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ក៏មិនខុសនឹងសាររបស់នាយករដ្ឋមន្ត្រីវៀតណាមដែរ។ សមាគមអាស៊ានមាន ១០ប្រទេស។ ប្រទេសកម្ពុជាក៏ជាសមាជិកអាស៊ានផងដែរ។ គេពុំទាន់ឃើញមានការចុះផ្សាយអំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបុរសខ្លាំងកម្ពុជាបានបញ្ជូនសារអបអរសាទរលោក Sonexay ដែលបានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសឡាវនៅឡើយនោះទេ។ តែលោក ហ៊ុន សែន បានប្រកាសថា លោកក៏មានផែនការលាលែងពីតំណែងដែរ បើមិននៅឆ្នាំ២០២៣ ឬក៏ឆ្នាំ២០២៥ លោកនឹងលាលែងពីតំណែងដែលលោកបានកាន់កាប់តំណែងនេះតាំងពីឆ្នាំ១៩៨៥ មក។
យ៉ាងណា តំណែងនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន គឺលោកត្រៀមផ្ទេរទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលធ្វើឡើងតាមការស្នើសុំរបស់លោកឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយមិនចាំបាច់ផ្ទេរទៅតាមការចាត់តាំងរបស់បក្សទម្លាក់ទៅឧបនាយករដ្ឋមន្ត្រីទី១ នោះទេ។ លោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទប្រទេសកម្ពុជា៕