អភិបាលខេត្តបន្ទាយមានជ័យ អះអាងថា អាជ្ញាធរបានជួសជុលកែលំអស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលមានទីតាំងស្ថិតនៅខាងលិចគល់ស្ពានទឹកថ្លា ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ រួចរាល់ហើយ ក្រោយពីជនមិនស្គាល់មុខដុតបំផ្លាញនៅយប់ថ្ងៃបុណ្យឆ្លងឆ្នាំសកល។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានចេញរបាយការណ៍ទៅកាន់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៥ មករា នេះថា កាលថ្ងៃទី១ ខែមករា វេលាម៉ោង ២រំលងអាធ្រាត្រ សមត្ថកិច្ចទទួលបានការរាយការណ៍ថាមានភ្លើងឆេះលើខឿនស្តូបមិត្តភាពកម្ពុជា-វៀតណាមយ៉ាងសន្ធោសន្ធៅ។ លោកបន្ថែមថា បន្ទាប់ពីទទួលដំណឹង សមត្ថកិច្ចបានដាក់កម្លាំងចុះទៅពន្លត់ភ្លើងបានភ្លាមៗ។
លោក អ៊ុំ រាត្រី អះអាងថា សមត្ថកិច្ចបានស្រាវជ្រាវរកឃើញវត្ថុតាងជាច្រើននៅកន្លែងកើតហេតុ ដូចជាបំណែកប៊ីដុងដែលច្រៀកតូចៗ សារធាតុរាវនៅជាប់បាតប៊ីដុងដែលមានក្លិនប្រេងម៉ាស៊ូត កំណាត់ និងកម្ទេចកម្ទីឈើមួយពំនូក និងដែកកេះថែមទៀត។
អភិបាលខេត្តបន្ទាយមានជ័យរូបនេះបញ្ជាក់ថា សកម្មភាពលួចដុតបំផ្លាញស្តូបមិត្តភាពកម្ពុជា-វៀតណាមនេះ បានធ្វើឱ្យខូចខាតផ្ទាំងអក្សរក្រោមរូបសំណាកនៃស្តូប ប៉ុន្តែក្រោយហេតុការណ៍នេះកើតឡើង និងស្រាវជ្រាវរួចរាល់ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានជួសជុលកែលំអស្តូបនេះឡើងវិញរួចរាល់ហើយនៅពេលនេះ។
ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលត្រូវបានសាងសង់តាំងពីឆ្នាំ១៩៨០ តាមបណ្តាខេត្តនានាមានចំនួន ២៣ខេត្តហើយនៅទូទាំងប្រទេសសព្វថ្ងៃនេះ ដូចជាខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ និងនៅរាជធានីភ្នំពេញ ជាដើម សុទ្ធតែមានទីតាំងនៅកណ្តាលក្រុងទាំងអស់។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងឆ្នាំ២០១៧ សារព័ត៌មានវៀតណាម VN បានចុះផ្សាយថា រដ្ឋាភិបាលវៀតណាម បានចំណាយទឹកប្រាក់ចំនួន ៧លាន ៨សែនដុល្លារអាមេរិក ដើម្បីជួសជុលស្តូបមិត្តភាពកម្ពុជា-វៀតណាមចំនួន ១៧កន្លែងនៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
កាលពីអំឡុងខែមករា ឆ្នាំ២០២២ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ស្តូបអនុស្សាវរីយ៍ទាំងអស់ត្រូវសរសេរឲ្យមានគ្រប់លក្ខណៈក្នុងខ្លឹមសារសំដៅឲ្យឃើញអំពីការដែលប្រជាជនកម្ពុជាជួយប្រជាជនវៀតណាម ទៅរកការឯកភាពជាតិ និងការអភិវឌ្ឍ ហើយស្តូបនេះក៏កសាងឡើងដើម្បីឲ្យឃើញអំពីការជួយរបស់វៀតណាម ឲ្យប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែរ។
យ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលលើកឡើងថា អត្ថន័យនៃការសង់ស្តូបទាំងនេះ គឺវៀតណាមចង់ឲ្យកម្ពុជាដឹងគុណខ្លួនមិនចេះចប់ ហើយការដឹងគុណនេះ គឺធ្វើឡើងតាមរយៈនៃការកាត់ទឹកដី និងការធ្វើឲ្យជនជាតិវៀតណាមរស់នៅដោយស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរដ្ឋាភិបាល និងគណបក្សកាន់អំណាចបានទាត់ចោលនូវការរិះគន់នេះទាំងស្រុង។
ជុំវិញបញ្ហានេះ គ្រូបង្រៀនខេត្តប៉ៃលិនម្នាក់ត្រូវសាលាដំបូងខេត្តប៉ៃលិន ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ១ឆ្នាំពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ខណៈសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ក៏បានចេញសាលដីកាចោទប្រកាន់មន្ត្រីរាជការស៊ីវិលរូបនេះពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ផងដែរ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីលោក យ៉ង សូដា បង្ហោះរូបស្តូបមិត្តភាពកម្ពុជា-វៀតណាម ដោយរៀបរាប់ថា កម្ពុជានឹងមានទង់ជាតិ ២បង្ហូតឡើងក្នុងពេលតែមួយដូចប្រទេសឡាវដែរទៅថ្ងៃមុខ៕