ប្រទេសថៃ នឹងបោះឆ្នោតសភាអាណត្តិថ្មីរបស់ខ្លួននៅថ្ងៃទី១៤ ឧសភា ដែលខណៈនេះ សភានេះត្រូវបានរំលាយហើយ។ គណបក្សនយោបាយជាច្រើនបានកំពុងធ្វើសកម្មភាពនយោបាយរបស់ខ្លួនជាបណ្ដើរៗហើយ។ មានគណបក្សចំនួន១១ ដែលមានឈ្មោះបោះឆ្នោតក្នុងបេះដូងរបស់មហាជនថៃ ប៉ុន្តែមានតែបក្សចំនួន៣ ប៉ុណ្ណោះដែលស្ថិតក្នុងក្រសែភ្នែករបស់អ្នកបោះឆ្នោតខ្លាំងជាងគេ។
គណបក្ស៣ នេះ រួមមាន៖
- ទី១ គណបក្សភឿថៃ របស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវាត្រា ដែលកូនស្រីរបស់លោក គឺអ្នកស្រី ប៉ាងទុងតាន ស៊ីណាវាត្រា ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ។
- ទី២ គឺគណបក្សចលនាឆ្ពោះទៅមុខ ដឹកនាំដោយលោក ភីតា លីមចារឿងរ៉ាត។
- ចំណែកទី៣ គឺគណបក្សរួមរួបជាតិថៃ ជាគណបក្សថ្មីរបស់លោក ប្រាយុទ្ធ ចាន់អូចា ដែលបំបែកចេញពីគណបក្សបល្ល័ង្គប្រាចារ៉ាត។
តាមការស្ទង់មតិមួយដោយវិទ្យាស្ថានជាតិរដ្ឋបាលអភិវឌ្ឍន៍ ហៅកាត់ថា Nida បានឱ្យដឹងថា ក្នុងចំណោមគណបក្សទាំង១១ និងបេក្ខជនដែលឈរឈ្មោះសម្រាប់តំណែងនាយករដ្ឋមន្ត្រីរបស់បក្សនៅក្នុងការបោះឆ្នោតថ្ងៃទី១៤ ឧសភា ដែលនៅសល់តែជាង ៤០ថ្ងៃប៉ុណ្ណោះ ការបោះឆ្នោតចាប់ផ្ដើមហើយ គឺបក្ស៣ នេះមានការគាំទ្រច្រើនជាងគេ។
តាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ មានតែបក្ស៣ ប៉ុណ្ណោះដែលមានសំឡេងគាំទ្រលើសគេមានពីរវាង ១១ភាគរយដល់ជាង ៤៥ភាគរយ។
ក្នុងចំណោមបក្សទាំង៣ នេះ គឺបក្សភឿថៃ របស់អតីតនាយករដ្ឋមន្ត្រីដែលជាប់ទោស ហើយកំពុងរស់នៅនិរទេសខ្លួន គឺលោក ថាក់ស៊ីន មានសំឡេងគាំទ្រជិត ៤៦ភាគរយ។ ទី២ គឺបក្សចលនាឆ្ពោះទៅមុខ មានការគាំទ្រជិត ២៦ភាគរយ និងបក្សរួមរួបជាតិថៃ របស់លោក ប្រាយុទ្ធ មានការគាំទ្រជិត ១២ភាគរយ។ អ្នកសង្កេតការណ៍មានជំនឿថា ការស្ទង់មតិរបស់វិទ្យាស្ថានជាតិរដ្ឋបាលអភិវឌ្ឍន៍ ហៅកាត់ថា Nida កម្រនឹងខុសណាស់។
យោងតាមលទ្ធផលនៃការស្ទង់របស់វិទ្យាស្ថាន Nida ដែលមើលទៅជាការរុញទឹកចិត្តលោក ថាក់ស៊ីន ធ្វើការប្ដេជ្ញាចិត្តត្រឡប់ទៅប្រទេសថៃវិញ។
លោក ថាក់ស៊ីន ថាលោកមានអាយុ ៧៣ឆ្នាំហើយ ដែលធ្វើឱ្យលោកនឹកប្រទេសកំណើតរបស់លោក និងចៅរបស់លោកយ៉ាងខ្លាំង។ មហាសេដ្ឋីថៃរូបនេះកំពុងរស់នៅក្នុងស្ថានភាពជាអ្នកភៀសខ្លួនមានរយៈពេល ១៧ឆ្នាំហើយ។
ការដកហូតតំណែងរបស់លោកនៅខែកញ្ញា ឆ្នាំ២០០៦ ដោយរដ្ឋប្រហារយោធា ហើយព្រឹត្តិការណ៍នេះកើតឡើងនៅក្រុងបាងកក ខណៈលោកកំពុងស្ថិតនៅក្នុងសាលប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។
នៅអំឡុងឆ្នាំ២០០៨ លោកត្រូវបានតុលាការថៃកាត់ទោសពីបទកិបកេងប្រាក់រដ្ឋ និងបំពានអំណាចកាលដែលលោកកាន់តំណែងនាយករដ្ឋមន្ត្រី។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន ក្យូដូ កាលពីពេលថ្មីៗនេះ លោកបាននិយាយថា នៅឆ្នាំ២០២៣ នេះ លោកត្រូវតែត្រឡប់ទៅប្រទេសថៃ ទោះជាលោកត្រូវដេកក្នុងគុកដ៏តូចមួយក៏ដោយ។
លោកថា លោកគ្មានសេរីភាពទេ ទោះជាលោកនៅក្រៅប្រទេសក៏ដោយ។ លោកបានហៅខ្លួនឯងថាជាអ្នកទោសដែលដេកក្នុងគុកដ៏ធំ តែពេលនេះលោកចង់ទៅដេកក្នុងគុកមួយដ៏ចង្អៀតនៅក្នុងប្រទេសថៃ។
លោកថា លោកបានប្រាប់ទៅកូនស្រីរបស់លោក អ្នកស្រី ប៉ាងទុងតាន ស៊ីណាវាត្រា ថា បើលោកត្រឡប់ទៅវិញ សូមបក្សភឿថៃ និងកូនស្រីមិនត្រូវស្វះស្វែងឱ្យមានការលើកលែងទោសដល់រូបលោកនោះទេ ព្រោះលោកមិនត្រូវការការពាររូបលោកនោះទេ ហើយថាឱ្យតែលោកបានជាន់ទឹកដីថៃវិញជាប្រទេសកំណើតរបស់លោក គឺលោកសប្បាយទៅហើយ។
លោក ថាក់ស៊ីន តែងតែប្រកាសវិលចូលប្រទេសថៃវិញ តែរដ្ឋាភិបាលថៃមិនបើកផ្លូវឱ្យលោកនោះទេ ខណៈលិខិតឆ្លងដែនរបស់លោកក៏អស់សុពលភាពទៀត។ លោកថា មិនដែលក្បត់អ្នកគាំទ្រ ក្បត់អ្នកស្រឡាញ់គាំទ្របក្សភឿថៃម្ដងណានោះទេ។
លោក ថាក់ស៊ីន មានជំនឿថា ការបោះឆ្នោតខាងមុខនេះ គណបក្សភឿថៃ អាចនឹងបានអាសនៈយ៉ាងតិច ២៥០ក្នុងអាសនៈសរុបនៃរដ្ឋសភាថៃ ៥០០អាសនៈ ហើយអាចហក់ឡើង ៣១០អាសនៈ ព្រោះពេលនេះ ប្រជាជនថៃគេមិនត្រូវការបក្សរបស់លោក ប្រាយុទ្ធ ឬបក្សរណបលោក ប្រាយុទ្ធ ឱ្យដឹកនាំរដ្ឋាភិបាលនោះទេ។ យ៉ាងណា លោកថា ទោះជាបក្សភឿថៃ ឈ្នះឆ្នោតក៏ដោយ គឺរដ្ឋាភិបាលក្រោយនេះគឺជារដ្ឋាភិបាលចម្រុះ។
លោកអះអាងថា កូនស្រីរបស់លោក គឺនាង ប៉ាងទុងតាន ស៊ីណាវាត្រា មានបទពិសោធន៍កិច្ចការនយោបាយតាំងពីនាងនៅវ័យក្មេង ព្រោះលោកជាអ្នកបង្ហាត់បង្រៀននាង។ លោកសង្ឃឹមថា កូនស្រីលោកនឹងក្លាយជានាយករដ្ឋមន្ត្រីល្អជាងរូបលោកទៅទៀត ហើយគឺជាអ្នកនយោបាយដែលមានភាពអំណត់ និងអត់ធ្មត់មិនគុំកួនអ្វីឡើយ។
លោកក៏បានឆ្លៀតឃោសនាឱ្យបក្សភឿថៃ ទៀតថា ភឿថៃជាបក្សប្រជាធិបតេយ្យដែលមានកម្លាំងនយោបាយធំជាងគេ ហើយអាចផ្ដួលបក្សប្រជែងបានយ៉ាងងាយ។ តែលោកបញ្ជាក់ថា សូម្បីបក្សបល្ល័ង្គប្រាចារ៉ាត របស់ពួកយោធាដែលជាបក្សកាន់អំណាច ក៏បក្សភឿថៃ អាចសហការគ្នាជាកម្លាំងនយោបាយចម្រុះក្នុងរដ្ឋាភិបាលរបស់បក្សភឿថៃ បានដែរ។
តែជាមួយគ្នានេះ ប្អូនស្រីម្នាក់របស់លោក ថាក់ស៊ីន គឺអ្នកស្រី យីងឡាក់ ស៊ីណាវាត្រា ក៏កំពុងរស់នៅជាអ្នកនយោបាយនិរទេសខ្លួនដែរ។ អ្នកស្រី យីងឡាក់ ក៏ជានាយករដ្ឋមន្ត្រីថៃដែរមកពីគណបក្សភឿថៃ តែអ្នកស្រីត្រូវបានតុលាការធម្មនុញ្ញថៃដកហូតតំណែងពីបទបណ្ដោយឱ្យក្រុមគណៈរដ្ឋមន្ត្រីប្រព្រឹត្តអំពើពុករលួយ។
អ្នកស្រី យីងឡាក់ សម្រេចចាកចេញពីប្រទេសថៃភ្លាមៗនៅមុនតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ដែលពួកយោធាដឹកនាំដោយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ធ្វើរដ្ឋប្រហារទម្លាក់គណៈរដ្ឋមន្ត្រីបក្សភឿថៃ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤៕