លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិខ្មែរយ៉ាងសម្បូរបែប ដែលមានប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយសរុបជិត ៥លាននាក់ក្នុងរយៈពេលបីថ្ងៃនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងបណ្ដាញសង្គមនៅថ្ងៃទី២៩ ខែវិច្ឆិកា នេះថា ភាពជោគជ័យអាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំងគ្រប់ប្រភេទដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ធ្វើយ៉ាងណាធានាឱ្យបានសេចក្តីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត។
លោកនាយករដ្ឋមន្ត្រីស្នងត្រកូលបានលើកឡើងថា ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញ និងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា បានចូលរួមយ៉ាងច្រើនកុះករក្នុងរយៈពេល ៣ថ្ងៃនេះ។ លោក និងភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំង ដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣ នេះ។
លោកសូមធ្វើការកោតសរសើរចំពោះបងប្អូនគណៈកម្មការគ្រប់គ្រងការប្រកួត ក៏ដូចជាកីឡាករ កីឡាការិនី ដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ បានបញ្ចប់ដោយមានប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយសរុបជិត ៥លាននាក់។
របាយការណ៍ដដែលថា ថ្ងៃទីមួយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់មានភាពល្អប្រសើរ មានប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករប្រមាណ ១លាន ២សែននាក់។ ចំណែកនៅថ្ងៃទីពីរ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានបងប្អូនប្រជាពលរដ្ឋមកកម្សាន្តសប្បាយប្រមាណ ១លាន ៧សែននាក់។ រីឯនៅថ្ងៃទីបី ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានបងប្អូនប្រជាពលរដ្ឋមកកម្សាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រមាណ ២លាននាក់។
ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មកម្ល៉េះ។ ក្នុងអំឡុងឆ្នាំ១១៧៧ ពួកចាមបានលើកទ័ពមកធ្វើការលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ ៤ឆ្នាំ។ គ្រានោះ ព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងចំពោះពួកចាម រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិនៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនរុងរឿងដល់កម្រិតកំពូលថែមទៀត។
ប្រវត្តិសាស្ត្រត្រង់នេះហើយ ទើបនាំឲ្យប្រជាពលរដ្ឋកម្ពុជាប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរ ដែលបានរំដោះទឹកដីឲ្យរួចផុតពីការជិះជាន់របស់ពួកចាម ដែលជាខ្មាំងសត្រូវរបស់ខ្មែរនាសម័យនោះ។
ពិធីនេះបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយតែងនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី។ ពិធីបុណ្យអុំទូកនេះ ក៏បានភ្ជាប់នឹងពិធីផ្សេងៗទៀតផងដែរ គឺការបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ ក្នុងឱកាសបុណ្យអុំទូក ប្រជាពលរដ្ឋតាមបណ្ដាខេត្ត-ក្រុងមួយចំនួន បានយកទូកមកប្រណាំងនៅទន្លេសាបមុខព្រះបរមរាជវាំង ដើម្បីដណ្ដើមយកជ័យជម្នះឱ្យខេត្តរបស់ខ្លួនទៀតផង។
ពិធីបុណ្យប្រណាំងទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា។ ការប្រណាំងទូក មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ និង១៥កើត ដល់ថ្ងៃ ១រោច ខែកត្តិក ហើយពេលយប់ ក៏មានការបណ្តែតប្រទីបផងដែរ។ ចំណែកឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ ប្រារព្ធឡើងនៅថ្ងៃទីពីរតែប៉ុណ្ណោះ ពោលគឺនៅពាក់កណ្តាលរាត្រីនៃថ្ងៃ ១៥កើត ខែកត្តិក។
កម្ពុជាបានខកខានមិនបានប្រារព្ធពិធីបុណ្យអុំទូកអស់រយៈពេលបីឆ្នាំមកហើយគិតចាប់តាំងឆ្នាំ២០២០ មក ដោយរដ្ឋាភិបាលបានលើកឡើងហេតុផលនៃបញ្ហាប្រឈមនានាដែលកើតចេញពីវិបត្តិកូវីដ-១៩ ហើយកាលពីឆ្នាំ២០២២ ការអាក់ខានប្រារព្ធពិធីនេះ គឺដោយសារកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន៕