ក្រុមអ្នកឃ្លាំមើលសង្គម ត្អូញត្អែរថា បើនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចេញមុខដោះស្រាយការរំលោភដីធ្លីឱ្យប្រជាពលរដ្ឋទាំង ១៣គ្រួសារក្នុងភូមិសំបូរ ឃុំស្រយង់ គាត់ក៏គួរចេញមុខដោះស្រាយករណីរំលោភដីធ្លីក្នុងភូមិក្តាក់ ឃុំត្បែងពីរ និងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ឱ្យពលរដ្ឋរងគ្រោះ ១៣១គ្រួសារដែរ ព្រោះពួកគេកំពុងរងនូវការរំលោភបំពានដោយការដុតបំផ្លាញផ្ទះសម្បែងយ៉ាងព្រៃផ្សៃពីអាជ្ញាធរខេត្តព្រះវិហារ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ មីនា ដោយជំរុញឱ្យលោក ហ៊ុន ម៉ាណែត ដោះស្រាយវិវាទដែលកើតឡើងពីការរំលោភដីធ្លី និងការរំលោភសិទ្ធិលំនៅឋានដែលកំពុងរងនូវការបណ្តេញចេញពីសំណាក់អាជ្ញាធរស្រុកគូលែន ខេត្តព្រះវិហារ ជាង ១០០គ្រួសារសព្វថ្ងៃនេះ ដើម្បីធានានូវការរស់នៅឱ្យមានភាពសុខសាន្តសម្រាប់ពលរដ្ឋក្រីក្រ និងដើម្បីឱ្យស័ក្តិសមនឹងពាក្យដែលរដ្ឋាភិបាលតែងប្រកាសថា ឱ្យពលរដ្ឋរស់ក្នុងសន្តិភាពក្រោមការដឹកនាំរបស់ខ្លួននោះ។
លោក ម៉ែន ណាត លើកឡើងថា ជាទង្វើដ៏អាម៉ាស់បំផុតសម្រាប់រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ដែលប្រកាសពីការការពារសន្តិភាព តែបែរជាបើកដៃឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនប្រព្រឹត្តអំពើតាមរបៀបក្រុមឧទ្ទាមដោយការដុតបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ក្រោមបទចោទផ្សេងៗ ដែលទង្វើបែបនេះគេប្រើតែនៅក្នុងប្រទេសដែលគ្មានច្បាប់ប៉ុណ្ណោះ ហើយទង្វើអាជ្ញាធរដែលបានប្រព្រឹត្តនោះ ក៏គេអនុវត្តសម្រាប់តែក្រុមឧទ្ទាមក្រៅច្បាប់ដែរ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត មិនត្រូវបន្តដឹកនាំតាមឪពុករបស់គាត់លោក ហ៊ុន សែន ដោយការគប់គិតជាមួយក្រុមហ៊ុនឯកជន និងប្រើមន្ត្រីក្រោមឱវាទឱ្យទៅបណ្តេញប្រជាពលរដ្ឋចេញពីលំនៅឋាននោះទេ ព្រោះថាការដឹកនាំបែបនេះ គឺជាទង្វើរបស់មេដឹកនាំក្រុមឧទ្ទាមប៉ុណ្ណោះ ត្បិតមេដឹកនាំដែលគ្រប់គ្រងប្រទេសដោយមានច្បាប់ត្រឹមត្រូវ មិនអាចឱ្យទង្វើដ៏ព្រៃផ្សៃនេះកើតឡើងក្នុងប្រទេសរបស់ខ្លួនឡើយ ដោយសារតែទង្វើបែបនេះ គឺជាការរំលោភលើសិទ្ធិមនុស្សដ៏ឃោរឃៅ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចេញមុខដោះស្រាយការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋចំនួន ១៣គ្រួសារក្នុងខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យជំនួយការរបស់ខ្លួន គឺលោក កែវ ផុង និងលោក គង់ លីវ៉ា ចុះទៅកាន់ខេត្តព្រះវិហារ សហការជាមួយអភិបាលខេត្តព្រះវិហារ លោក គឹម រិទ្ធី ដើម្បីស្រាវជ្រាវ និងដោះស្រាយវិវាទដីធ្លីរវាងក្រុមហ៊ុនឯកជនជាមួយនឹងប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ដែលស្ថិតនៅភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ទាក់ទិននឹងបញ្ហានេះ អភិបាលខេត្តព្រះវិហារ លោក គឹម រិទ្ធី បានហៅគ្រួសារយោធា និងប្រជាពលរដ្ឋទាំង ១៣គ្រួសារទៀតដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជន មកជួបជជែកពិភាក្សាដោយផ្ទាល់។ បន្ទាប់ពីជួបជជែកគ្នា លោក គឹម រិទ្ធី អះអាងទៅកាន់គ្រួសារយោធា និងប្រជាពលរដ្ឋទាំង ១៣គ្រួសារទាំងនោះថា អាជ្ញាធរខេត្តនឹងរិះរកវិធីបញ្ចប់រឿងក្តីនេះជាមួយក្រុមហ៊ុនឱ្យបាន។
ទាក់ទិននឹងវិវាទដីធ្លីរវាងក្រុមហ៊ុនឯកជន និងពលរដ្ឋរងគ្រោះនេះ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នេះ អាជ្ញាធរខេត្ត និងអាជ្ញាធរស្រុកគូលែន នៃខេត្តព្រះវិហារ បានចាប់ឃុំខ្លួនប្រជាពលរដ្ឋប្រមាណជា ៣០នាក់នៅស្នងការដ្ឋាននគរបាលខេត្ត ដោយចោទថាពលរដ្ឋដែលមកធ្វើខ្ទមរស់នៅតំបន់ភ្នំម្រេច ក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានចូលទៅរស់នៅដោយរំលោភលើដីក្រុមហ៊ុន សីលាដាម៉ិច។
ជាងនេះទៀត អាជ្ញាធរខេត្តព្រះវិហារ ក៏បានដុតបំផ្លាញផ្ទះសម្បែង និងឈូសឆាយបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋក្នុងភូមិម្រេច និងភូមិក្តាក់ ឃុំស្រយង់ ស្រុកគូលែន យ៉ាងព្រៃផ្សៃផងដែរ ខណៈប្រជាពលរដ្ឋរងគ្រោះទាំងនោះបានស្រែកយំអង្វរសុំឱ្យនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍រកយុត្តិធម៌ជុំវិញករណីនេះ។
ប្រជាពលរដ្ឋក្នុងភូមិម្រេច ឃុំស្រយង់ បានប្រាប់សារព័ត៌មាន The Cambodia Daily អំឡុងពេលអាជ្ញាធរចុះបង្ក្រាបថា ពួកគាត់បានទៅរស់នៅលើដីនោះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ខណៈក្រុមហ៊ុន សីលាដាម៉ិច មកអភិវឌ្ឍនៅតំបន់ភ្នំម្រេច នេះ ក្រោយពលរដ្ឋមករស់នៅ និងអាស្រ័យផលនោះទេ ប៉ុន្តែបន្ទាប់ពីក្រុមហ៊ុននេះបានទៅកាន់កាប់តំបន់នោះ ស្រាប់តែមន្ទីរបរិស្ថានខេត្តព្រះវិហារក៏ចុះទៅគ្រប់គ្រងតំបន់នោះដំណាលគ្នាដែរ ក្រោយមក ពួកគេក៏សហការគ្នាដេញប្រជាពលរដ្ឋដែលរស់នៅតំបន់នោះតែម្តង។
ប្រជាពលរដ្ឋខាងលើបញ្ជាក់ថា ក្រុមហ៊ុន សីលាដាម៉ិច បានផ្អាកសកម្មភាពអភិវឌ្ឍន៍នៅតំបន់នោះតាំងពីឆ្នាំ២០១៧ មកម្ល៉េះ បន្ទាប់ពីក្រុមហ៊ុននេះបានកាប់ឈើក្នុងតំបន់នោះលក់អស់គ្មានសល់ ប៉ុន្តែក្រោយមក ក្រុមហ៊ុនបានដាំដើមកៅស៊ូបានប្រហែល ១០ហិកតា ខណៈដីដែលនៅទំនេរក៏បានជួលឱ្យពលរដ្ឋតម្លៃ ១លានរៀលក្នុង ១ឆ្នាំលើទំហំផ្ទៃដី ១ហិកតា។
កាលពីចុងខែមករា ឆ្នាំ២០២៤ ប្រជាពលរដ្ឋរងគ្រោះខាងលើបានអង្វរសុំឱ្យអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ជួយកាត់ឆ្វៀលដីដែលពួកគាត់កាន់អស់រយៈពេលជាច្រើនកន្លងមកធ្វើជាកម្មសិទ្ធិស្របច្បាប់ដែរ ប៉ុន្តែរហូតដល់ពេលនេះ ពួកគេមិនទទួលបានការអន្តរាគមន៍ ឬការដោះស្រាយណាមួយពីលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅឡើយទេ ខណៈអាជ្ញាធរខេត្តព្រះវិហារ ក៏បាននាំគ្នាដុតបំផ្លាញផ្ទះរបស់ពួកគាត់ជាបន្តបន្ទាប់ដែរ។
តាមឯកសារចុះបញ្ជី ក្រុមហ៊ុន សីលាដាម៉ិច ជាក្រុមហ៊ុនស្រាវជ្រាវអភិវឌ្ឍន៍ មានទីស្នាក់ការនៅក្រុងភ្នំពេញ ចុះបញ្ជីនៅឆ្នាំ២០០៨ មានប្រធានក្រុមប្រឹក្សាភិបាលស្ត្រីឈ្មោះ អ៊ុក ហេឡែន និងបុរសឈ្មោះ សំណាង សីមា មាននាយកឈ្មោះ អ៊ុក សុភ័គ។ ក្រុមហ៊ុននេះមានអ្នកចូលភាគហ៊ុនឈ្មោះ ដួង វ៉ារី គង់ ចាន់ ប៉ាន់ គឹមសាន សំណាង ផល្លា សំណាង ធីតា សំណាង សីមា ទេព សំអាន និង ម៉ី វ៉ាន់ធា៕