អ្នកធ្វើអត្ថាធិប្បាយម្នាក់ឱ្យសារព័ត៌មាន Think China លោក Chen Kuohsiang ចាប់យកមុំមួយចេញពីមហាសន្និបាតនៃបក្សកុម្មុយនីស្តចិន មកធ្វើការបរិយាយ ទាក់ទងនឹងការបញ្ចេញមតិនៃនាយករដ្ឋមន្ត្រីចិន ដែលចាប់ពីពេលនេះទៅត្រូវបានបិទសិទ្ធិហើយ។
តាមលោក Chen Kuohsiang នាយករដ្ឋមន្ត្រីចិន ដែលត្រូវដកសិទ្ធិបញ្ចេញមតិជាសាធារណៈតាមរយៈការអនុម័តដោយសភាប្រជាជនចិន ដែលធ្វើឡើងរយៈពេល ៣ថ្ងៃមកនេះ។
ក្រោមបន្ទាត់នយោបាយ លោក ស៊ី ជីនពីង ដែលជាប្រធានាធិបតីផង ជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ផង គេសង្កេតឃើញកម្មាភិបាលជាន់ខ្ពស់មានទាំងនាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាព លី ឈាង រដ្ឋមន្ត្រីការបរទេស លោក លី ខឺឈាង និងរដ្ឋមន្ត្រីការពារជាតិ លី ស្ហាងហ៊្វូ ត្រូវបានដកតំណែងក្រោយបាត់មុខពីទីសាធារណៈជាច្រើនថ្ងៃ។
នៅក្នុងសមាជិកបក្សកុម្មុយនីស្តកាលពី ២ឆ្នាំមុន អតីតប្រធានាធិបតី ហ៊ូ ជីនតាវ ដែលអង្គុយក្នុងសាលប្រជុំក្បែរលោក លី ខឺឈាង ត្រូវបានកងសន្តិសុខបក្សក្រៀកស្មាដើរចេញពីសាលប្រជុំ ខណៈសម័យប្រជុំកំពុងប្រព្រឹត្តទៅ។
ក្នុងគ្រានោះ លោក ហ៊ូ ជីនតាវ ព្យាយាមនិយាយទៅកាន់លោក ស៊ី តែលោកមិនឃើញនិយាយអ្វីទេ គ្រាន់តែប្រើទឹកមុខញញឹមដោយខកចិត្ត។ តែជាមួយគ្នានោះ លោក ហ៊ូ ជីនតាវ ក៏បាននិយាយដាក់ត្រចៀកលោក លី ខឺឈាង បន្តិច ហើយអង្អែលស្មាលោក លី ខឺឈាង រួចកងសន្តិសុខនាំខ្លួនចេញពីសាលប្រជុំភ្លាមៗតែម្ដង។
សមាជិកបក្សជាកម្មាភិបាលដែលអង្គុយតាមជួរពីថ្នាក់ទាបដល់ខ្ពស់បំផុត មានទាំងអង្គុយក្នុងជួរលោក ស៊ី ជីនពីង ផងដែរ ហាក់ដូចជាសម្ដែងភាពស្រឡាំងកាំង។ អ្វីដែលសង្ស័យ គឺគេថាអតីតប្រធានាធិបតី ហ៊ូ ជីនតាវ អាចឡើងបញ្ចេញមតិប្រឆាំងមិនឱ្យលោក ស៊ី បន្តអាណត្តិប្រធានាធិបតីបន្ថែមទៀត ដែលមួយអាណត្តិមានរយៈពេល ៥ឆ្នាំ។
ប្រធានាធិបតីចិន លោក ស៊ី ដែលត្រូវបានគេចាត់ទុកថាជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតនៅប្រទេសចិន តាំងពីសម័យលោក Mao Zedong ធ្វើជាប្រធានាធិបតីចិន មក ត្រូវបានសមាជបក្សកុម្មុយនីស្តចិន កាលពីឆ្នាំ២០២២ ជ្រើសរើសឱ្យធ្វើជាអគ្គលេខាធិការបក្សនេះនៅអាណត្តិទី៣ ជាបន្តទៀត។ មានន័យថា លោក ស៊ី ត្រូវបន្តកាន់តំណែងប្រធានាធិបតីក្នុងអាណត្តិទី៣ ផងដែរ។
ការជ្រើសរើសលោក ស៊ី ឡើងកាន់អំណាចដំបូងកាលពីឆ្នាំ២០១២ ឱ្យធ្វើជាអគ្គលេខាធិការបក្សសម្រាប់អាណត្តិ ៥ឆ្នាំបន្តទៀតនេះ គឺជាការបោះបង់ចោលនូវទម្លាប់កន្លងមកក្នុងបក្សកុម្មុយនីស្តចិន ដែលជាទូទៅ មេដឹកនាំមុនៗក្នុងបក្សដឹកនាំតែ ២អាណត្តិ គឺរយៈពេល ១០ឆ្នាំតែប៉ុណ្ណោះ ហើយនឹងចាកចេញពីតំណែង។ អ្នកខ្លះថាលោក ស៊ី ព្យាយាមកាន់អំណាចឱ្យបានពេញមួយជីវិតលោក ទាំងឋានៈជាអគ្គលេខាធិការបក្ស និងប្រធានាធិបតី។
ចាប់ពីថ្ងៃនេះតទៅ ឋានៈជានាយករដ្ឋមន្ត្រីចិន ចង់បញ្ចេញមតិបានត្រឹមនៅពេលទទួលទានបាយជាមួយក្រុមគ្រួសារប៉ុណ្ណោះ។
អ្នកធ្វើអត្ថាធិប្បាយឱ្យសារព័ត៌មាន Think China បន្តថា ប្រទេសចិន លែងមានតម្លាភាពនៃសេរីភាពនយោបាយហើយសម្រាប់នាយករដ្ឋមន្ត្រីដែលកាន់កាប់កិច្ចការជាតិធំៗបន្ទាប់ពីប្រធានាធិបតី។
អ្នកនាំពាក្យនៃសមាជសភាប្រជាជនចិន Lou Qinjian និយាយថា បច្ចុប្បន្ន នាយករដ្ឋមន្ត្រី Li Qiang មិនអាចថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានបានទៀតទេ។
សភាប្រជាជនចិន បើកសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួនក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាបញ្ហាសេដ្ឋកិច្ច និងបញ្ហាសំខាន់ៗមួយចំនួនទៀតដែលប្រទេសនេះកំពុងប្រឈម ដែលក្នុងនោះក៏រួមមានវិបត្តិអចលនទ្រព្យ ក្រោយពីមានការរីកចម្រើនអស់ ៤ទសវត្សរ៍កន្លងទៅ ដែលបានរុញប្រទេសនេះទៅក្នុងមហាអំណាចសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។
បញ្ហាដ៏សំខាន់បំផុតមួយដែលគ្របដណ្ដប់លើសម័យប្រជុំសភាប្រជាជនចិន សម្រាប់ឆ្នាំ២០២៤ គឺបញ្ហាសេដ្ឋកិច្ចជាតិ។ សមាជសភាប្រជាជនចិន ដែលបានបើកសម័យប្រជុំកាលពីថ្ងៃទី៥ ខែមីនា នេះ ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ក្រែងមានសញ្ញាបង្ហាញណាមួយទៅលើអ្វីដែលបក្សកុម្មុយនីស្តចិន អាចនឹងអនុវត្តដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវសេដ្ឋកិច្ចជាតិដែលកំពុងធ្លាក់ចុះនៅក្រោមទម្ងន់នៃការគ្រប់គ្រងកាន់តែខ្លាំងឡើងនៃរដ្ឋាភិបាលដឹកនាំដោយលោក ស៊ី។
សមាជសភាប្រជាជនចិន ជាទូទៅគ្រាន់តែជានិមិត្តរូបតែប៉ុណ្ណោះ ដែលវាមិនមានអំណាចពិតប្រាកដដើម្បីសម្រេចលើច្បាប់ណាមួយទេ។ ទោះជាសមាជិកសភាចិន ធ្វើការបោះឆ្នោតលើច្បាប់ក៏ដោយ ក៏ប៉ុន្តែគ្រាន់តែជាការអនុម័តបង្គ្រប់កិច្ចក្នុងសំឡេងជាឯកច្ឆន្ទគ្មានសំឡេងជំទាស់ ដែលត្រូវបានស្នើឡើងដោយមេដឹកនាំបក្សកុម្មុយនីស្តចិន នៅក្នុងកិច្ចប្រជុំបិទទ្វារ។
កិច្ចប្រជុំនៃក្រុមកម្មាភិបាលជាន់ខ្ពស់ចិន ដែលគេហៅថាក្រុមធ្វើសេចក្ដីសម្រេច ក៏មានអគ្គលេខាធិការបក្ស លោក ស៊ី ជីនពីង ផងដែរ។ របៀបវារៈដែលអ្នកនាំពាក្យសមាជសភាប្រជាជនចិន នាំមកនិយាយក្រោយពីបិទបញ្ចប់សម័យប្រជុំប្រចាំឆ្នាំ ដែលគេថាជាប្រធានបទមិនប្រក្រតីខុសពីការលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ច គឺការបិទសិទ្ធិរបស់នាយករដ្ឋមន្ត្រីមិនឱ្យបញ្ចេញមតិជាសាធារណៈ ឬការបញ្ចេញមតិនៅចំពោះមុខអ្នកសារព័ត៌មាន។
គួរកត់សម្គាល់ថា តាមអ្នកជំនាញភាសាចិន Nikhil Sonnad ដែលសរសេរពន្យល់ពាក្យចិន ក្នុងព្រឹត្តិបត្រ Quartz Economics នៅក្រៅប្រទេស គេនាំគ្នាហៅងារលោក ស៊ី ជីនពីង ថាប្រធានាធិបតីចិន ដែលភាសាចិន ហៅថា zongtongs។
នៅក្នុងប្រទេសចិន វិញ លោកបានតម្រូវឲ្យទាហាននៃកងទ័ពរំដោះចិន ហៅលោកថា zhuxi ឬ zongshuji ដែលប្រែថា លេខាបក្ស។ គេមិនហៅលោកថា zongtongs ប្រធានាធិបតី ឬ shouzhang មេដឹកនាំ ឬក៏ហៅលោកថា guojia zhuxi ដែលប្រែថា ប្រធានរដ្ឋនោះដែរ ពីព្រោះងារនោះ ប្រធាន ម៉ៅ សេទុង បានលុបចោលនៅឆ្នាំ១៩៧៥ ក្រោយពីប្រមូលផ្ដុំក្តោបក្តាប់អំណាចតែម្នាក់ឯង៕