គណបក្សភ្លើងទៀន ចាត់ទុកសកម្មភាពរបស់អាជ្ញាធរកម្ពុជាដែលធ្វើសកម្មភាពចាប់ខ្លួនសកម្មជនរបស់ខ្លួនកាលពីពេលថ្មីៗនេះ និងរយៈពេលកន្លងមក គឺជាការគំរាមកំហែង និងជាការធ្វើទុក្ខបុកម្នេញគ្រប់រូបភាព ក្នុងគោលបំណងរារាំងការធ្វើសកម្មភាពនយោបាយស្របច្បាប់របស់សមាជិក និងសកម្មជនគណបក្សភ្លើងទៀន នៅទូទាំងប្រទេស។
គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសកម្មជនរបស់គណបក្សភ្លើងទៀន ធ្វើសកម្មភាពនយោបាយដោយប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ជាធរមាននានារបស់ប្រទេសកម្ពុជាជានិច្ច ជាពិសេសច្បាប់ស្ដីពីគណបក្សនយោបាយតែម្តង ដូច្នេះការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន គឺស្មើនឹងការគំរាមកំហែងចំពោះការអនុវត្តច្បាប់នៅកម្ពុជា។
គណបក្សក្រៅរដ្ឋាភិបាលនេះ អំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះលែងសកម្មជនគណបក្សភ្លើងទៀនទាំងអស់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកន្លងមក ឱ្យមានសេរីភាពពេញលេញឡើងវិញ ដើម្បីលើកស្ទួយការគោរពសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាដើម ព្រមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាពទៅលើសកម្មជនគណបក្សភ្លើងទៀន តទៅទៀត។
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បេក្ខជនពេញសិទ្ធិសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម របស់គណបក្សភ្លើងទៀន លោក យិន ភាន និងលោក ស្រ៊ី មាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាំទៅសាកសួរនៅសាលាស្រុកស្ទឹងត្រង់ ភ្លាមៗដោយមិនដឹងពីមូលហេតុពិតប្រាកដ។
ជុំវិញបញ្ហានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោក ហេង វុទ្ធី បានអះអាងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ថា ការចាប់ខ្លួនសមាជិកគណបក្សភ្លើងទៀន លោក យិន ភាន និងលោក ស្រ៊ី មាន កាលពីថ្ងៃទី០៩ ខែមេសា ធ្វើឡើងតាមដីកាបង្គាប់ពីសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីក្លែងបន្លំឯកសារ។
នៅអំឡុងខែមេសា ឆ្នាំ២០២៤ នេះ គេសង្កេតឃើញថា សមាជិកគណបក្សភ្លើងទៀន បានរងនូវការចាប់ខ្លួនពីបទចោទផ្សេងៗជាបន្តបន្ទាប់ ក្នុងនោះ អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ លោក ដាង ប៊ុនហាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៥ ខែមេសា រួមជាមួយចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី២ លោក គឹម ថាយមុនី ផងដែរ។
ចំណែកចៅសង្កាត់រងទី២ នៃសង្កាត់ផ្សារអូរឫស្សីទី២ លោក គឹម ហុង ក៏ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៦ ខែមេសា ថែមទៀត ខណៈលោក សាន សឿង អតីតអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តកំពង់ចាម និងជាបេក្ខជនក្រុមប្រឹក្សាខេត្តលេខរៀងទី៥ របស់គណបក្សឆន្ទៈខ្មែរ នៅពេលនេះ ក៏ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះដែរ។
សមាជិកគណបក្សភ្លើងទៀន និងសមាជិកគណបក្សឆន្ទៈខ្មែរ ទាំង ៤រូបនេះ រួមមានលោក ដាង ប៊ុនហាក់ លោក គឹម ថាយមុនី លោក គឹម ហុង និងលោក សាន សឿង សុទ្ធសឹងតែជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈសមាជិក និងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនផ្សេងទៀត ក៏កំពុងរងនូវពាក្យបណ្ដឹង និងកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារដែរសព្វថ្ងៃនេះ។
ជុំវិញបញ្ហានេះ អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះថា ចាប់ពីដើមឆ្នាំ២០២៣ រហូតដល់ខែមេសា ឆ្នាំ២០២៤ នេះ មន្ត្រីគណបក្សភ្លើងទៀន ជិត ២០នាក់ហើយ (១៧នាក់) ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារ ដូចជាលោក ថាច់ សេដ្ឋា កំពុងត្រូវបានឃុំខ្លួនចាប់តាំងពីអំឡុងខែមករា ឆ្នាំ២០២៣ មក ជាដើម ខណៈលោក សុន ឆ័យ ត្រូវរងនូវបណ្តឹងគណបក្សប្រជាជនកម្ពុជា និងលោក គង់ គាំ ក៏បានរងនូវការគំរាមកំហែងដកហូតទ្រព្យសម្បត្តិពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន រហូតដកខ្លួនចេញពីគណបក្សភ្លើងទៀនថែមទៀត ដោយឡែកលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ក៏កំពុងជាប់បណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា នៅពេលនេះផងដែរ។
គណបក្សនយោបាយដែលនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់អាណត្តិទី៤ នេះ គឺមានតែ ៣គណបក្សប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន ប៉ុន្តែគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន ដែលជាគណបក្សសម្ព័ន្ធភាព កំពុងរងនូវការធ្វើទុក្ខបុកម្នេញពីគណបក្សប្រជាជនកម្ពុជាតាមរយៈនៃការចោទប្តឹង និងការចាប់ខ្លួនសមាជិកគណបក្សទាំងពីរនេះ ពីបទចោទមិនសមហេតុផលផ្សេងៗជាបន្តបន្ទាប់សព្វថ្ងៃនេះ។
ទិន្នន័យសង្គមស៊ីវិល បង្ហាញថា សព្វថ្ងៃនេះមានសកម្មជនគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលប្រមាណជា ៥០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ ក្រោមបទចោទមួយចំនួន ដូចជារួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាដើម បន្ទាប់ពីអ្នកទាំងនោះបានអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា៕