The Cambodia Daily Khmer

កិច្ច​សម្ភាសន៍​ពិសេស​អំពី​ដំណើរ​ជីវិត​នយោបាយ​របស់​លោក តាក់ ម៉េងហ៊ាង តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ

តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង។

ដោយ តាំង សារ៉ាដា

ពលរដ្ឋ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង គឺជា​អ្នក​នយោបាយ​បន្ត​វេន​ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ​ពី​លោក ហុង លីម ក្នុង​គណបក្ស​ពលករ (Labor party) ដែល​មាន​ប្រជាប្រិយភាព​មួយ​រូប​ដែល​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ក្នុង​តំបន់​អាស៊ី ដែល​ភាគច្រើន​ជា​ជន​ភៀសខ្លួន​ទៅ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី សព្វថ្ងៃ​នេះ ដូចជា​ពលរដ្ឋ​ខ្មែរ ពលរដ្ឋ​វៀតណាម ពលរដ្ឋ​ថៃ ពលរដ្ឋ​ចិន និង​ពលរដ្ឋ​ភូមា ជាដើម។

លោក តាក់ ម៉េងហ៊ាង ដែល​បច្ចុប្បន្ន​មាន​វ័យ ៤៣​ឆ្នាំ គឺជា​កូន​របស់​គ្រួសារ​អន្តោប្រវេសន៍​មាន​ដើមកំណើត​ពី​ស្រុក​ឈូក ខេត្ត​កំពត។ លោក​បាន​មក​រស់នៅ​ប្រទេស​អូស្ត្រាលី នៅ​ឆ្នាំ​១៩៩៦ តាមរយៈ​កម្មវិធី​មនុស្សធម៌​របស់​រដ្ឋាភិបាល​អូស្ត្រាលី។ លោក តាក់ ម៉េងហ៊ាង គឺជា​កូន​ច្បង​ក្នុង​ចំណោម​បងប្អូន​ចំនួន ៥​នាក់។ នៅ​ពេល​លោក​មក​ដល់​ប្រទេស​អូស្ត្រាលី ក្នុង​វ័យ ១៦​ឆ្នាំ​នោះ លោក​បាន​ចូល​រៀន​សាលា​ភាសា​អង់គ្លេស​មួយ​រយៈ​ពេល​សិន មុន​នឹង​បន្ត​ចូល​រៀន​ថ្នាក់​វិទ្យាល័យ​ឡើងវិញ។

បន្ទាប់​មក លោក​បាន​បន្ត​ចូល​រៀន​នៅ​សាកលវិទ្យាល័យ វិចតូរីយ៉ា (Victoria University) រហូត​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ចំនួន​ពីរ គឺ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ឆ្នាំ​២០០៦។

មុន​នឹង​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ លោក តាក់ ម៉េងហ៊ាង ធ្លាប់​ធ្វើជា​មេធាវី​រយៈពេល ៥​ឆ្នាំ បន្ទាប់​មក​លោក​បាន​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​មួយ​ដែល​ផ្តល់​សេវា​ផ្នែក​ច្បាប់​ទៅ​ដល់​ពលរដ្ឋ​នៅ​ឆ្នាំ​២០០៨។

ក្រៅពី​នេះ លោក​ក៏​ធ្លាប់​ធ្វើជា​អ្នក​អត្ថាធិប្បាយ​នៅ​វិទ្យុ SBS ខ្មែរ រយៈពេល ១០​ឆ្នាំ​ដែរ និង​ធ្វើ​ជា​អ្នក​បកប្រែ​ភាសា​នៅ​តាម​មន្ទីរពេទ្យ តាម​សាលារៀន និង​តុលាការ​ថែម​ទៀត។

នៅ​ពេល​នោះ​ហើយ​ដែល​ធ្វើ​ឱ្យ​លោក​បាន​ដឹង​អំពី​សេចក្តី​ត្រូវការ​របស់​សហគមន៍​ខ្មែរ​កាន់តែ​ខ្លាំង​ឡើងៗ ហើយ​ក៏​ដោយសារតែ​កត្តា​នេះ​ដែរ ដែល​ជំរុញ​ឱ្យ​រូបលោក​ចូលរួម​សកម្មភាព​ក្នុង​សង្គម​កាន់តែ​ខ្លាំង ដើម្បី​បាន​ដឹង​ឱ្យ​កាន់តែ​ច្រើន​អំពី​សេចក្តី​ត្រូវការ​របស់​សហគមន៍​ខ្មែរ​ថែម​ទៀត។

ដោយសារតែ​មាន​ការ​គាំទ្រ និង​លើក​ទឹកចិត្ត​ពី​អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​លោក ហុង លីម និង​ប្រធាន​សមាគម​ខ្មែរ​សាជីវកម្ម លោក ជា យូរហ៊ន លោក តាក់ ម៉េងហ៊ាង បាន​ចាប់ផ្តើម​ចូល​ប្រឡូក​ក្នុង​កិច្ចការ​នយោបាយ​ពេញទំហឹង​តែម្តង​បន្ទាប់ពី​លោក​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ដែនឌឺណុង (Dandenong) ពីរ​អាណត្តិ តាំងពី​ឆ្នាំ​២០១២ និង​បាន​ឡើង​ធ្វើ​ជា​អភិបាល​ក្រុង​មួយ​អាណត្តិ​នៅ​ឆ្នាំ​២០១៦ ដែរ​នោះ។

បន្ទាប់​មក​ទៀត នៅ​ឆ្នាំ​២០១៨ លោក​បាន​លាឈប់​ពី​ចៅហ្វាយក្រុង ហើយ​ឈរឈ្មោះ និង​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​បន្ត​វេន​ពី​លោក ហុង លីម ដែល​ជា​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ដំបូង​គេ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ក្រោយពី​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ លោក តាក់ ម៉េងហ៊ាង ក៏​បាន​ធ្វើការ​មិន​ខុសពី​លោក ហុង លីម ដែរ ដែល​តែងតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី តាក់តែង​ច្បាប់ និង​អនុវត្ត​ច្បាប់ ដើម្បី​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​រហូត​ដល់​សព្វថ្ងៃ​នេះ៕

© 2024 – 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version