អស់រយៈពេលពីរខែមកហើយដែលកងទ័ពសហរដ្ឋអាមេរិក បាននិងកំពុងបង្កើនកម្លាំងនាវាចម្បាំង យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក កងទ័ពម៉ារីន យន្តហោះគ្មានមនុស្សបើក និងយន្តហោះចារកម្មនៅសមុទ្រការីបៀន នៅតំបន់អាមេរិកកណ្តាល។
ឥឡូវនេះ នាវាផ្ទុកយន្តហោះ USS Gerald Ford ដែលអមដោយនាវាពិឃាតចំនួន ៨គ្រឿង ត្រូវបានរាយការណ៍ថាក៏បានដាក់ពង្រាយនៅតំបន់សមុទ្រការីបៀន ផងដែរ។
ការបញ្ជូននាវាផ្ទុកយន្តហោះ USS Gerald Ford ដ៏ធំជាងគេបំផុតនៅលើពិភពលោក និងការបង្ហាញសមត្ថភាពដោយយន្តហោះទម្លាក់គ្រាប់បែក B-52, B-1B នៅជិតឆ្នេរសមុទ្រវេណេហ្ស៊ុយអេឡា និងការបញ្ជ្រាបកម្លាំងភ្នាក់ងារចារកម្ម CIA នៅវេណេហ្ស៊ុយអេឡា ត្រូវបានគេមើលឃើញថារដ្ឋការលោក ត្រាំ នឹងលើកទ័ពចូលទៅចាប់ខ្លួនបុរសខ្លាំងវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដែលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ចេញដីកាចាប់ខ្លួនករណីចោទថាជាមេខ្លោងភេរវករគ្រឿងញៀនដ៏ធំនៅអាមេរិកខាងត្បូង។
ជាមួយគ្នានេះ ក្រសួងយុត្តិធម៌អាមេរិក ដំឡើងតម្លៃចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដល់ទៅ ៥០លានដុល្លារឱ្យក្រុមណាផ្ដល់ព័ត៌មានទៅភ្នាក់ងារ CIA ឬប៉ូលិស FBI ចូលទៅចាប់ខ្លួនជនផ្ដាច់ការរូបនេះនាំទៅកាត់ទោសនៅសហរដ្ឋអាមេរិក អំពីបទចោទជាមេបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀន ដែលក្រុងវ៉ាស៊ីនតុន ចោទថាបានធ្វើឱ្យប៉ះពាល់សន្តិសុខសង្គម និងយុវជនអាមេរិកាំង ពីព្រោះជាមេខ្លោងនាំគ្រឿងញៀនចូលទឹកដីសហរដ្ឋអាមេរិក។
លោក ម៉ាឌូរ៉ូ ត្រូវបានអាមេរិកចោទជាមេខ្លោងបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀន Tren de Aragua និង Cartel ជាអង្គការភេរវករគ្រឿងញៀននៅអាមេរិកខាងត្បូង។
តាមការអះអាងរបស់រដ្ឋការលោក ដូណាល់ ត្រាំ កងកម្លាំងរបស់សហរដ្ឋអាមេរិក បានវាយប្រហារលើកាណូតបើកចេញពីប្រទេសវេណេហ្ស៊ុយអេឡា ដែលត្រូវបានចោទប្រកាន់ថាជាមធ្យោបាយជួញដូរគ្រឿងញៀន ឬក្រុមភេរវករជួញដូរគ្រឿងញៀន។ មកដល់ពេលនេះ កាណូតចំនួនជាង ១០គ្រឿង ត្រូវបានកម្ទេច និងមនុស្ស ៤៦នាក់ស្លាប់ដោយការវាយប្រហារពីគ្រាប់មីស៊ីល និងការទម្លាក់គ្រាប់បែករបស់កងទ័ពអាមេរិក។ នេះបើតាមសារព័ត៌មាន AP ចុះផ្សាយកាលពីថ្ងៃទី២៨ តុលា។
សកម្មភាពរបស់កងទ័ពសហរដ្ឋអាមេរិក ជាសង្គ្រាមប្រឆាំងនឹងការជួញដូរគ្រឿងញៀន ប៉ុន្តែជាក់ស្តែង វាជាយុទ្ធនាការបំភិតបំភ័យដែលមានគោលបំណងផ្តួលរំលំរដ្ឋអំណាចប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ។
បណ្ឌិត Christopher Sabatini អ្នកជំនាញអំពីអាមេរិកឡាទីន នៅ Chatham House យល់ថាជាអំពើទៅរកការផ្លាស់ប្ដូររបបដឹកនាំនៅវេណេហ្ស៊ុយអេឡា។
អ្នកវិភាគរូបនេះបានបន្ថែមថា ការបង្កើនកម្លាំងយោធានេះ គឺជាវិធីបង្ហាញអំណាច ដើម្បីបង្កើតភាពភ័យខ្លាចទៅលើអារម្មណ៍កងទ័ពវេណេហ្ស៊ុយអេឡា និងដល់ថ្នាក់ដឹកនាំរបស់ប្រធានាធិបតី ម៉ាឌូរ៉ូ ដោយមានគោលបំណងជំរុញឲ្យកងទ័ពវេណេហ្ស៊ុយអេឡា ចាប់ផ្តើមប្រឆាំងនឹងលោក ម៉ាឌូរ៉ូ។
ចំពោះរង្វាន់ ៥០លានដុល្លារដែលផ្តល់ឱ្យអ្នកអាចចាប់ខ្លួនលោក ម៉ាឌូរ៉ូ គឺជាការសាកល្បងភាពស្មោះត្រង់ខាងក្នុងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដែលក្នុងនោះមានទាំងកងទ័ពនៅជុំវិញលោក ម៉ាឌូរ៉ូ ផងដែរ។ បើករណីកងទ័ពអាមេរិក លើកទ័ពទៅរដ្ឋធានីការ៉ាកាស កម្លាំងទ័ពដែលអាចក្បត់លោក ម៉ាឌូរ៉ូ នឹងចាប់ខ្លួនលោក ម៉ាឌូរ៉ូ ជាមួយនឹងប្រាក់រង្វាន់ ៥០លានដុល្លារ។
នយោបាយរបស់សហរដ្ឋអាមេរិកនៃរដ្ឋការលោក ដូណាល់ ត្រាំ ចំពោះការផ្លាស់ប្ដូរអំណាចនៅវេណេហ្ស៊ុយអេឡា ត្រូវបានគេចាត់ទុកថាមិនមែនជារឿងសម្ងាត់ទេ។
រដ្ឋមន្ត្រីការបរទេស Marco Rubio ដែលជាមនុស្សជិតស្និទ្ធនឹងប្រធានាធិបតីអាមេរិក បានបង្ហាញច្បាស់ពីចំណង់ចំណូលចិត្តនយោបាយរបស់លោក ដែលលោកមើលឃើញអំណាចរបស់លោក ម៉ាឌូរ៉ូ គួរតែត្រូវបានផ្តួលរំលំ។
លោក Rubio បាននិយាយប្រាប់បណ្ដាញផ្សាយព័ត៌មាន Fox News ថា លោក ម៉ាឌូរ៉ូ គឺជា “ជនផ្ដាច់ការដ៏អាក្រក់បំផុត” ហើយពេលសួរថាតើទាមទារឲ្យលោក ម៉ាឌូរ៉ូ ចាកចេញពីប្រទេស ឬក៏ចុះចេញពីអំណាច? លោក Rubio បានឆ្លើយថា “យើងកំពុងធ្វើការលើគោលនយោបាយនេះហើយ”។
សហរដ្ឋអាមេរិក នៅតែមិនទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់នៃប្រទេសវេណេហ្ស៊ុយអេឡា បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២៤ ជាថ្មីទៀត ត្រូវបានបដិសេធដោយអន្តរជាតិ និងគណបក្សប្រឆាំងនៅវេណេហ្ស៊ុយអេឡា។ ប្រជាជនវេណេហ្ស៊ុយអេឡា ជាង ៧០ភាគរយ ចង់ឱ្យអាមេរិកទម្លាក់អំណាចរបស់លោក ម៉ាឌូរ៉ូ។ នេះបើតាមក្រុមហ៊ុនស្ទង់មតិ Panterra មានមូលដ្ឋាននៅទីក្រុងឡុងដ៍។
សាស្ត្រាចារ្យច្បាប់វេណេហ្ស៊ុយអេឡា Jose Ignacio Hernández ដែលជាសហការីជាន់ខ្ពស់នៃក្រុមអ្នកវិភាគ និងសិក្សាស្រាវជ្រាវអំពីសន្តិសុខជាតិអាមេរិក CSIS បាននិយាយថា ប្រាក់រង្វាន់ ៥០លានដុល្លារដែលសហរដ្ឋអាមេរិកផ្ដល់ឱ្យចាប់ខ្លួនប្រធានាធិបតី ម៉ាឌូរូ ដូចជាមិនអស្ចារ្យពេកទេសម្រាប់លោក ម៉ាឌូរ៉ូ។
អ្នកវិភាគរូបនេះពន្យល់ថា នៅក្នុងប្រទេសដែលសម្បូរប្រេងដូចជាវេណេហ្ស៊ុយអេឡា មានប្រាក់ច្រើនពាន់លានដុល្លារត្រូវបានរកស៊ីតាមរយៈអំពើពុករលួយ។ ឧទាហរណ៍ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចវេណេហ្ស៊ុយអេឡា Alejandro Andrade បានទទួលសំណូកសូកប៉ាន់រហូតដល់ ១ពាន់លានដុល្លារពីមេបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀន។ គាត់ត្រូវបានចាប់ខ្លួននៅរដ្ឋ Texas សហរដ្ឋអាមេរិក។
ចំពោះលោកបណ្ឌិត Christopher Sabatini បាននិយាយថា វាមិនមែនអំពីគ្រឿងញៀនមួយនោះទេ ខណៈក្រុមគណបក្សប្រឆាំងវេណេហ្ស៊ុយអេឡា ព្យាយាមបង្ហាញថារបបនេះមិនត្រឹមតែផ្ដាច់ការទេ ប៉ុន្តែជារបបឧក្រិដ្ឋទៀតផងដែរ។ នេះហើយជាហេតុផលដែលក្រុមប្រឆាំង និងសហរដ្ឋអាមេរិកត្រូវកំណត់មុខសញ្ញាទៅលើលោក ម៉ាឌូរ៉ូ។
តែពេលនេះ លោក ត្រាំ បានបញ្ជាក់ហើយថា ភ្នាក់ងារចារកម្ម CIA ត្រូវបានលោកបញ្ជាឲ្យធ្វើប្រតិបត្តិការសម្ងាត់នៅវេណេហ្ស៊ុយអេឡា ដើម្បីចាប់ខ្លួនមេខ្លោងគ្រឿងញៀន ក្នុងនោះមានលោក ម៉ាឌូរ៉ូ។
ខណៈស្ថានការណ៍កាន់តែផុយស្រួយខ្លាំងណាស់ទៅរកសង្គ្រាមវាយលុកទៅលើដែនដីគោកវេណេហ្ស៊ុយអេឡា ដែលស្ដែងតាមរយៈសកម្មភាពកងទ័ពសហរដ្ឋអាមេរិកឡោមព័ទ្ធឆ្នេរសមុទ្រវេណេហ្ស៊ុយអេឡា។
ការបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិក ក្រោមយុទ្ធនាការនោះ បានបង្កការភ័យខ្លាចនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ថាគោលដៅពិតប្រាកដរបស់ទីក្រុងវ៉ាស៊ីនតុន ឈានទៅរកការផ្តួលរំលំប្រធានាធិបតី ម៉ាឌូរ៉ូ។ ហេតុដូច្នេះហើយ ការសម្រេចចិត្តបញ្ជូនក្រុមនាវាផ្ទុកយន្តហោះចម្បាំង USS Gerald Ford ថែមទៀតបែបនេះ គឺច្បាស់ជានឹងបង្កើនក្តីបារម្ភយ៉ាងខ្លាំងដល់របបលោក ម៉ាឌូរ៉ូ។
ក្នុងស្ថានភាពនេះ គេថាលោក នីកូឡាស ម៉ាឌូរ៉ូ មើលឃើញច្បាស់ចំពោះជោគជតារាសីរបស់គាត់ ត្រូវតែដូចនឹងមេដឹកនាំមួយចំនួនទៀតដែលត្រូវបានកម្ទេច ដូចជាអតីតឧត្ដមសេនីយ៍ប៉ាណាម៉ា គឺលោក ម៉ានូអែល ណូរីហ្កា ដែលត្រូវបានកងទ័ពអាមេរិក ៣ម៉ឺននាក់លើកទ័ពទៅចាប់ខ្លួនទាំងរស់ ហើយយកទៅកាត់ទោសនៅលើទឹកដីអាមេរិកក្នុងរដ្ឋផ្លរីដា ដែលកាលនោះក្រោមរដ្ឋការលោកប្រធានាធិបតី George H. W Bush នៅអំឡុងខែធ្នូ ឆ្នាំ១៩៨៩។
គេអាចនិយាយបានថា លោក ដូណាល់ ត្រាំ កំពុងតែសិក្សាយករូបមន្តមួយទៀតដើម្បីទម្លាក់លោក ម៉ាឌូរ៉ូ ឬចាប់ខ្លួនលោក ម៉ាឌូរ៉ូ គឺការលើកទ័ពវាយឆ្មក់ដូចជាទ័ព Night Stalker ក្រុមពិឃាដរាត្រី និងកុម្ម៉ង់ដូ Seal Team 6 ពីទ័ពជើងទឹក ដែលវាយលុកចូលទៅភូមិគ្រឹះរបស់ អូសាម៉ា ប៊ីលឡាដីន មេភេរវករអាល់កៃដា ទាំងកណ្ដាលអាធ្រាត្រអំឡុងខែឧសភា ឆ្នាំ២០១១។
ក្រុមនេះបាញ់សម្លាប់លោក អូសាម៉ា ប៊ីលឡាដីន ហើយអូសសាកសពលោក ប៊ីលឡាដីន ទៅបញ្ចុះនៅតំបន់មួយនៅតាមព្រំដែនប្រទេសប៉ាគីស្ថាន។ អូសាម៉ា ប៊ីលឡាដីន ត្រូវបានកងទ័ពអាមេរិកាំងពេលនោះចាប់ក្នុងគេហដ្ឋាននៅជើងភ្នំមួយជាប់ព្រំដែនប្រទេសប៉ាគីស្ថាន។
ក្នុងស្ថានភាពនេះ លោក ម៉ាឌូរ៉ូ ទំនងបារម្ភពីអាយុជីវិតរបស់គាត់ដែលមិនខុសអ្វីនឹងឧត្ដមសេនីយ៍ប៉ាណាម៉ា ម៉ានូអែល ណូរីហ្កា ឬអាក្រក់ជាងនេះទៀតវាអាចដូច អូសាម៉ា ប៊ីលឡាដីន។ លោក ម៉ាឌូរ៉ូ ក៏អាចគិតទៅរកលោក បាល់ អាល់អាសាដ អតីតប្រធានាធិបតីស៊ីរី ដែលសម្រេចរត់ចោលប្រទេសអំឡុងចាញ់សង្គ្រាមក្រុមប្រឆាំងនៅខែធ្នូ ឆ្នាំ២០២៤៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
