The Cambodia Daily Khmer

រាជរដ្ឋាភិបាលខ្មែរ ចោទរាជរដ្ឋាភិបាលថៃ ថាពន្យារពេលចរចារឿងព្រំដែន

ប្រទេសកម្ពុជា បានចោទប្រកាន់ថា ថៃកំពុងពន្យារពេលការចរចាកំណត់ខណ្ឌសីមាព្រំដែនគោកដោយចេតនា តាមរយៈការភ្ជាប់បញ្ហានេះទៅនឹងវិវាទព្រំដែនសមុទ្រក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ឬច្បាប់កំណត់ដែនសមុទ្រ ខណៈក្រសួងការបរទេស ប្រទេសកម្ពុជា អះអាងថា ដំ ណើរការទាំងពីរមានមូលដ្ឋានច្បាប់ និងយន្តការដាច់ដោយឡែកពីគ្នា។ 

ការឆ្លើយតបនេះធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសថៃ លោក សីហសក្ដិ ភួងកេតកែវ ថ្លែងនៅទីក្រុងប៉េកាំងថា ការចរចាព្រំដែនគោករវាងប្រទេសទាំងពីរបានជាប់គាំង បន្ទាប់ពីភាគីប្រទេសកម្ពុជាចាប់ផ្ដើមប្រើយន្តការផ្សះផ្សាដោយបង្ខំក្រោមលក្ខខណ្ឌច្បាប់ UNCLOS ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រ។ 

 ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២០ ខែកក្កដា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា បានច្រានចោលការអះអាងពីខាងភាគីថៃ ដោយបញ្ជាក់ថា ការកំណត់ខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ ស្ថិតក្រោមក្របខណ្ឌច្បាប់ និងយន្តការផ្សេងគ្នា។ 

ក្រសួងបានបញ្ជាក់ថា ការប្រើប្រាស់យន្តការក្នុងក្របខណ្ឌ UNCLOS គឺពាក់ព័ន្ធនឹងវិវាទដែនសមុទ្រតែប៉ុណ្ណោះ ហើយមិនគួរភាគីថៃយកមកធ្វើជាមូលហេតុដើម្បីផ្អាកការងារខាង គណៈកម្មការចម្រុះខណ្ឌសីមាដែនគោក (JBC) នោះទេ។ 

អ្នកនាំពាក្យ ក្រសួងការបរទេស ប្រទេសកម្ពុជា បានលើកឡើងថា៖ «ជម្រើសផ្លូវដោះស្រាយតាមនីតិសមុទ្រ មិនអាចចាត់ទុកជាមូលដ្ឋានសមស្របសម្រាប់ផ្អាកការងារដែលមិនទាក់ទងគ្នាសោះ លើការកំណត់ខណ្ឌសីមាព្រំដែនគោក តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ដែលបានព្រមព្រៀងគ្នារួចហើយ» នោះឡើយ។ 

បើតាមក្រសួង ការចរចាព្រំដែនគោកត្រូវបានអនុវត្តក្រោមអនុស្សរណៈយោគយល់ (MoU) ឆ្នាំ២០០០ និងត្រូវបានបញ្ជាក់សារជាថ្មីក្នុងបទឈប់បាញ់គ្នានាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ 

សេចក្តីថ្លែងការណ៍ក៏បានរំឭកដែរថា ភាគីថៃធ្លាប់ដកខ្លួនជាឯកតោភាគីចេញពីយន្តការចរចាទ្វេភាគីលើព្រំដែនសមុទ្រ ទោះបីជា ប្រទេសកម្ពុជាបានស្នើឱ្យបន្តការចរចាគ្នាក៏ដោយ។ ប្រទេសកម្ពុជាអះអាងថា ការប្រើប្រាស់យន្តការក្រោមលក្ខខណ្ឌ UNCLOS គឺជាមធ្យោបាយដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយមិនគួរភាគីថៃចាត់ទុកថាជាឧបសគ្គចំពោះការចរចារឿងព្រំដែនគោកនោះឡើយ។ 

ក្រសួងការបរទេស ប្រទេសកម្ពុជា ក៏បានអំពាវនាវឱ្យភាគីថៃ «ឈប់បង្កើតលេស» ដើម្បីពន្យារពេល និងស្នើឲ្យវិលត្រឡប់មកបន្តដំណើរការកំណត់ខណ្ឌសីមាដែនគោក តាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរឡើងវិញ។ 

ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រសួងបានបញ្ជាក់ថា គ្មានហេតុផលទាំងផ្នែកច្បាប់ ទាំងការអនុវត្តន៍ជាក់ស្តែងណាមួយ ដែលអាចយកមកធ្វើជាមូលដ្ឋានសម្រាប់ពន្យារពេលការងាររបស់ JBC ដោយភ្ជាប់វាជាមួយដំណើរការដោះស្រាយវិវាទដែនសមុទ្រក្រោម UNCLOS នោះទេ។ 

ប្រទេសកម្ពុជាក៏បានរំឭកដែរថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សភានៃប្រទេសនិយាយភាសាបា រាំង (Assemblée parlementaire de la Francophonie) បានអនុម័តសេចក្តីសម្រេចគាំទ្រអធិបតេយ្យ និងបូរណ ភាពទឹកដីខ្មែរ ព្រមទាំងអំពាវនាវឱ្យបន្តដំណើរការកំណត់ខណ្ឌសីមាប្រទេសទាំងពីរតាមរយៈគណៈកម្មការចម្រុះ។ 

ក្រសួងការបរទេសប្រទេសកម្ពុជាបានព្រមានថា ការពន្យារពេលកំណត់ព្រំដែនគោកដោយគ្មានកំណត់ អាចនាំឱ្យមានការបន្តកាន់កាប់ទឹកដីខ្មែរ ដែលថៃយកកាន់កាប់ដោយខុសច្បាប់ ហើយជាការរំលោភលើគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានទៀតផង៕ 

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version