កាលពីម្សិលមិញ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីការបង្ការអគ្គិភ័យ ដែលនឹងផ្តន្ទាទោសមន្ត្រីពន្លត់អគ្គិភ័យណា ដែលមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អ នៅពេលពន្លត់ភ្លើង ហើយក៏បានធ្វើវិសោធនកម្មច្បាប់មួយ ដែលផ្តល់អំណាចថែមទៀត ដល់អាជ្ញាធរមូលដ្ឋាន ក្នុងការជ្រើសរើសបុគ្គលិកនៅតាមមន្ទីរថ្នាក់ខេត្ត ឬថ្នាក់ក្រុង។
ការអនុម័តច្បាប់ស្តីពីការបង្ការអគ្គិភ័យនេះ បានធ្វើឡើងបន្ទាប់ពីមានគ្រោះអគ្គិភ័យធំៗមួយចំនួនកាលពីឆ្នាំកន្លងទៅ រាប់ទាំងអគ្គិភ័យមួយ ដែលបានលេបត្របាក់ផ្សាររាត្រី ពោរពេញដោយមនុស្សច្រើនកុះករនៅក្នុងខេត្តសៀមរាប កាលពីខែធ្នូ ដោយបានធ្វើឲ្យមនុស្សចំនួនប្រាំបីនាក់ស្លាប់។
ដោយមានប្រាំបីជំពូក និងមាន៣៣មាត្រាច្បាប់ស្តីពីការបង្ការអគ្គិភ័យនេះ ចែងពីការផ្តន្ទាទោសចំពោះមន្ត្រីណា ដែលរារាំងដំណើរ
ការពន្លត់អគ្គិភ័យ។ មាត្រា២៧ ចែងថា មន្ត្រីណា ដែលមិនទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួនឲ្យបានពេញលេញ ឬមិនអនុវត្តភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ នៅពេលពន្លត់ភ្លើង” នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយខែ រហូតដល់ពីរឆ្នាំ ហើយនឹងត្រូវ
ពិន័យជាប្រាក់ចំនួន៤លានរៀល ប្រហែល១.000 ដុល្លារ។
ចំណែកមាត្រា២៨នៃច្បាប់នេះចែងថា “ សកម្មភាពណា ដែលរារាំងដល់សកម្មភាពពន្លត់អគ្គិភ័យ និងបណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិនឹងត្រូវផ្តន្តាទោសដាក់ពន្ធនាគាររយៈពេលពីពីរខែ ដល់ប្រាំឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លាន ទៅ១០លានរៀល”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានមានប្រសាសន៍ថា លោកគាំទ្រច្បាប់នេះ ប៉ុន្តែថា វានឹងត្រូវការការអនុវត្តឲ្យមានប្រសិទ្ធភាព ព្រោះតាមសេចក្តីរាយការណ៍កន្លងមកបង្ហាញឲ្យឃើញថា ក្រុមអ្នកពន្លត់អគ្គិភ័យតែងតែទារសំណូក មុនពន្លត់ភ្លើង។
លោក យឹម សុវណ្ណ បានលើកឡើងនៅក្នុងសភាថា “ ខ្ញុំសូមអំពាវនាវដល់ក្រសួងឲ្យអនុវត្តច្បាប់នេះ ដើម្បីចៀសវាងការគំរាមទារប្រាក់ពីប្រជាពលរដ្ឋ នៅពេលពួកគេកំពុងត្រូវការជំនួយបំផុតនោះ”។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឆ្លើយតបថា លោកធ្លាប់ឮ “ ពាក្យចចាមអារា៉ម” បែបនេះដែរ ប៉ុន្តែថា លោកមិនបាន
ទទួលពាក្យបណ្តឹងជាផ្លូវការណាមួយទេ។ លោកបានបន្តថា “ យើងមិនបានទទួលពាក្យបណ្តឹងណាមួយទេរហូតដល់ពេលនេះ”។
បន្ថែមពីលើនោះ លោក ស ខេង បានមានប្រសាសន៍ថា រដ្ឋាភិបាលត្រូវការរថយន្តពន្លត់អគ្គិភ័យចំនួន២០០គ្រឿងទៀត ដើម្បីជួយឆ្លើយតបតាមតម្រូវការក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ បច្ចុប្បន្ន ប្រទេសកម្ពុជាមានរថយន្តពន្លត់
អគ្គិភ័យ ដែលនៅប្រើការបានមានចំនួនសរុបប្រហែល១០០គ្រឿងប៉ុណ្ណោះ។
លោក ស ខេង បានថ្លែងថា “ ប្រសិនជាយើងពឹងផ្អែកតែលើអាជ្ញាធរ វាមិនគ្រប់គ្រាន់ទេ។ ដូច្នេះសា្ថប័នរដ្ឋ ស្ថាប័នសាធារណៈ និងស្ថាប័នឯកជន ព្រមទាំងប្រជាពលរដ្ឋត្រូវមានកាតព្វកិច្ចជួយបង្ការ និងពន្លត់អគ្គិភ័យ”។ លោកលើកឡើងម្តងទៀតអំពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងទៅនេះ ដែលបានសុំឲ្យស្ថាប័នឯកជនទិញរថយន្តពន្លត់អគ្គិភ័យដោយខ្លួនឯង។
រដ្ឋសភាក៏បានធ្វើវិសោធនកម្មមាត្រា២៨នៃការរៀបចំ និងតួនាទីរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ។ មាត្រា២៨នៃច្បាប់ទើបធ្វើវិសោធនកម្មនេះផ្តល់អំណាចផ្លូវការឲ្យរដ្ឋមន្ត្រីទាំងឡាយនូវសិទ្ធិតែងតាំង ផ្ទេរ និងបណ្តេញអ្នកស្ថិតក្រោមបង្គាប់របស់ខ្លួនមានឋានៈចាប់ពីថ្នាក់ក្រោមប្រធានមន្ទីរខេត្តដោយឯកតោភាគី។ពេលនេះ មាត្រានេះធ្លាប់បានអនុញ្ញាតឲ្យប្រធានមន្ទីរនៅតាមបណ្តាខេត្ត និងស្រុកមានសិទ្ធិស្នើសុំឲ្យមានការផ្លាស់ប្តូរប្រធានមន្ទីរបាន៕
ប្រែសម្រួលដោយ ចេវ ប៊ុននី