The Cambodia Daily Khmer

មេបញ្ជាការ​៖ មិន​បាន​ដាក់​ទាហាន​​ការ​ពារ​ដី​របស់​ក្រុមហ៊ុនទេ

មេបញ្ជាការ​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ខេត្ត​​កំពង់​ឆ្នាំង​បាន​បដិសេធថា ទាហាន​របស់​ខ្លួន​មិន​បាន​​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន ខេឌី​ស៊ី​(KDC)ជាក្រុមហ៊ុន​កសិ​ឧស្សា​ហកម្ម​​ដែល​មាន​ខ្នង​ក្រាស់ ​ជាប់​ពាក់​ព័ន្ធ​នឹង​វិវាទ​ដី​ធ្លី​ជាយូរ​មក​ហើយ​ជាមួយ​​អ្នក​ភូមិ​ក្នុង​ស្រុក​កំពង់​ត្រឡាច​ឡើយ។ 

នគរ​បាល​មូលដ្ឋានបាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទថា ទាហាន​បី​នាក់​ដែល​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​ខេឌីស៊ី បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​អ្នក​ភូមិ​បីនាក់​ដែល​ពួកគេ​និយាយ​កាលពី​ថ្ងៃ​សៅរ៍ថា បាន​ដុត​ខ្ទម​ធ្វើ​ពី​ឈើ​ដែល​ពួក​គេ​​សាង​សង់​នៅ​លើ​ដី​ដែល​មាន​វិវាទ​នេះ។

អ្នក​ភូមិ​បាន​អះអាង​ថា ខ្ទម​នោះ​​ត្រូវ​​បាន​ដុត​បំផ្លាញ ហើយ​​ពួកគេ​និយាយថា ​ខ្ទម​នោះ​​​បាន​សាងសង់​កាលពី​ខែ​មីនា​នៅ​ពេល​ដែល​ក្រុមហ៊ុន​ខេឌីស៊ី​បាន​ដាក់​ទាហាន​ឲ្យ​ឈរ​ជើងនៅ​ទី​នោះ​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​របស់​​ក្រុមហ៊ុន បន្ទាប់​ពី​ទាហាន​ទាំងនោះ​បានរួម​ដំណើរ​ជាមួយ​​​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ទៅ​កាន់​តំបន់នោះ​ដើម្បី​ចាប់​ផ្តើម​វាស់​វែងដី​​សម្រាប់​កំណត់​ព្រំ​ប្រទល់​កាលពី​ចុង​សប្តាហ៍។

លោកឧត្តមសេនីយ៍ត្រី​ ឈូ ចាន់​ឌឿន មេបញ្ជាការ​កងពលធំ​នៃ​កងយោ​ធ​ព​ល​ខេមរ​ភូមិ​ន្ទប្រចាំ​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍​ថា ​ទាហាន​របស់​លោក​​មិន​ធ្លាប់​បាន​ឈរ​ជើង​នៅ​លើ​ដី​មាន​វិវាទ​នោះទេ។

លោក​បាន​មាន​ប្រសាសន៍ថា “ អ្នក​ដែល​ស្នាក់នៅ​ក្នុង​ខ្ទម​​នោះ​គឺ​ជា​កម្ម​ករ​របស់​ក្រុម​ហ៊ុន។ យើង​មិនដែល​ដាក់​ពង្រាយ​ទាហាន​របស់​យើង​នៅ​ទី​នោះ​ ដើម្បី​ការ​ពារ​ផល​ប្រយោជន​៍​របស់​ក្រុមហ៊ុន​​ឡើយ”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ទាហាន​របស់​លោក​មិន​ដែល​ទទួល​បាន​“ ការ​ឧបត្ថម​្ភ” ពី​ក្រុមហ៊ុន​ ខេឌីស៊ី​ ឡើយ។

អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ដូច​ជា​អង្គការ​លីកាដូ និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា កង​កម្លាំង​​យោធារបស់​រដ្ឋ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ការពារ​​​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​ឯកជន​ និង​ម្ចាស់​ដី​ដែល​មាន​អំណាច។

លោកវរសេនីយ៍ត្រី​ ម៉ៅ ហេង មេ​បញ្ជា​ការ​កង​យោធពល​ខេមរ​ភូមិ​ន្ទ​ស្រុក​បាន​​គាំ​ទ្រ​​ប្រសាសន៍របស់​លោក​ ឧត្ត​ម​សេនីយ៍​ត្រីចាន់ឌឿន ដោយ​មាន​ប្រសា​សន៍​ថា ទាហាន​របស់​លោក​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរ​បាល​ជុំ​វិញ​វិវាទ​នេះ​ទេ តែ​លោក​បាន​ទទួល​ស្គាល់​ថា ទាហាន​ទាំង​នោះ​ពិតជាបាន​ទៅ​មើល​ដី​ដែល​មាន​វិវាទ​នោះ​​មែន​កាលពី​ថ្ងៃ​សៅរ៍។

​សំដៅ​ដល់​កម្មករ​របស់​ក្រុមហ៊ុន ខេឌីស៊ី លោក​មាន​ប្រសាសន៍ថា “ ពួកគេ​​គ្រាន់​តែ​​ឈៀង​ចូល​សួរ​សុខទុក្ខ​មិត្ត​ភក្តិ​ចាស់​ៗតែ​ប៉ុណ្ណោះ” ហើយ​លោក​​និយាយ​ថា កម្មករ​​ទាំង​​នោះ​ពិត​ជា​បាន​​ស្ថិត​​នៅ​​ឯ​ខ្ទម​​​នោះ​មែន។

លោកវរសេនីយ៍ត្រី​ ម៉ៅ ហេង បាន​ថ្លែង​ថា “ មិន​មាន​ទាហាន​មក​ពី​អង្គភាព​របស់​ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរ​បាល​ទេ”។ លោក​បាន​បន្ថែមថា ប្រហែល​ជា​មាន​អ្នក​ក្លែងបន្លំ​ជា​ទាហាន​បាន​ដាក់​ពាក្យ​បណ្តឹង​ហើយ​មើល​ទៅ ​ព្រោះ​ឯក​សណ្ឋាន​ទាហាន​ត្រូវ​គេ​លក់​នៅ​តាម​ទី​ផ្សារ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​ក៏បាន​មាន​ប្រសាសន៍​ផងដែរ​ថា លោក​ជឿថា បុរសម្នាក់​ក្នុង​ចំណោម​បុរស​​ស្លៀកឯកសណ្ឋានដែល​ស្ថិត​​នៅ​ឯខ្ទម​​របស់​ក្រុមហ៊ុន​ខេឌីស៊ីនោះ​ គឺ​ជា​អតីត​ទាហាន
​កង​យោធពល​ខេមរ​ភូមិន្ទ​ ដែល​អាច​ជា​មូល​ហេតុ​នាំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ថា មាន​ទាហាន​
​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​វិវាទ​ដី​ធ្លីនេះ។

ទោះ​ជា​យ៉ាងណា លោក ជួប ចាន់​ធឿន នាយប៉ុស្តិ៍ឃុំ​តាជេស​បាន​ប្រកាន់​តាម​ការ​លើក​ឡើង​​ពី​មុន​របស់​លោក​ថា ទាហាន​កង​យោធពល​ខេមរ​ភូមិ​ន្ទបីនាក់​ដែលបាន​យាម​ដី​របស់​ក្រុមហ៊ុន​ឯកជ​ន​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​​មក​ការ​ិយាយ​ល័យ​របស់​លោកអំពី​ខ្ទម​​ដែល​គេ​ដុត​បំផ្លាញនេះ​ និង​ទ្រព្យ​សម្បត្តិ​ដែល​ពួកគេ​បាន​បាត់​បង់​ក្នុង​ការដុត​នេះ។

នាយ​ប៉ុស្តិ៍រូបនេះ​បាន​មាន​ប្រសា​សន៍បន្ថែម​ទៀត​ថា “ ថ្ងៃនេះ​ នគរ​បាល​ព្រហ្មទណ្ឌ​ស្រុក​បាន​សហការ​ជាមួយ​នគរ​បាល​ឃុំ​ចុះ​​ស៊ើប​អង្កេត​​​ទី​កន្លែងនោះ​” ហើយ​លោក​​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ទាហាន​បី​នាក់​ ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​​នោះ​ឡើយ។ មិន​ទាន​់​មាន​កា​រចាប់​ខ្លួន​នៅ​ឡើយទេ។

លោក រាជ សីមា តំណាង​អ្នក​ភូមិ​​និយាយ​ថា អ្នក​ភូមិ​ជឿថា ទាហាន​ដែល​បម្រើការ​ឲ្យ​ក្រុមហ៊ុន​ខេឌីស៊ី​គឺ​ពិត​ជា​ទាហាន​កង​យោធពល​ខេមរ​ភូមិន្ទ​ប្រាកដ​មែន​។

ក្រុមហ៊ុន​ខេឌីស៊ី គឺ​ជា​ក្រុម​ហ៊ុន​របស់​​ភរិយា​​លោក ស៊ុយ សែម​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល។ លោក​ សីមា បាន​និយាយ​ថា “ ក្រុមហ៊ុន​នេះ​កាន់កាប់​ដោយ​ស្ត្រី​ដ៏មាន​អំណាចម្នាក់​ ដែល​ស្វាមី​របស់​គាត់​ជា​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ហើយអ្នក​ស្រី​មាន​អំណាច​ណាស់”។ គេ​មិន​អាច​ទាក់​ទង​មន្ត្រី​មក​ពី​ក្រុម​ហ៊ុន​ខេឌីស៊ី​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ។

អ្នក​ភូមិ​​ចំនួន​​៥១គ្រួសារ​ក្នុង​ឃុំ​តាជេស​ ស្រុក​កំពង់​ត្រឡាច​បាន​ជាប់​ផុង​​ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ខេឌីស៊ី​​ពាក់ព័ន្ធ​ដី​ទំហំ​១៤៥​ហិកតា​ចាប់​តាំង​ពី​ឆ្នាំ២០០៧មក​ម៉្លេះ៕

ប្រែសម្រួល​ដោយ ​សោម សារុន

Exit mobile version