មេបញ្ជាការកងយោធពលខេមរភូមិន្ទខេត្តកំពង់ឆ្នាំងបានបដិសេធថា ទាហានរបស់ខ្លួនមិនបានបម្រើការឲ្យក្រុមហ៊ុន ខេឌីស៊ី(KDC)ជាក្រុមហ៊ុនកសិឧស្សាហកម្មដែលមានខ្នងក្រាស់ ជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីជាយូរមកហើយជាមួយអ្នកភូមិក្នុងស្រុកកំពង់ត្រឡាចឡើយ។
នគរបាលមូលដ្ឋានបាននិយាយកាលពីថ្ងៃច័ន្ទថា ទាហានបីនាក់ដែលបម្រើការឲ្យក្រុមហ៊ុនខេឌីស៊ី បានដាក់ពាក្យបណ្តឹងប្តឹងអ្នកភូមិបីនាក់ដែលពួកគេនិយាយកាលពីថ្ងៃសៅរ៍ថា បានដុតខ្ទមធ្វើពីឈើដែលពួកគេសាងសង់នៅលើដីដែលមានវិវាទនេះ។
អ្នកភូមិបានអះអាងថា ខ្ទមនោះត្រូវបានដុតបំផ្លាញ ហើយពួកគេនិយាយថា ខ្ទមនោះបានសាងសង់កាលពីខែមីនានៅពេលដែលក្រុមហ៊ុនខេឌីស៊ីបានដាក់ទាហានឲ្យឈរជើងនៅទីនោះដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុន បន្ទាប់ពីទាហានទាំងនោះបានរួមដំណើរជាមួយបុរសមិនស្គាល់អត្តសញ្ញាណទៅកាន់តំបន់នោះដើម្បីចាប់ផ្តើមវាស់វែងដីសម្រាប់កំណត់ព្រំប្រទល់កាលពីចុងសប្តាហ៍។
លោកឧត្តមសេនីយ៍ត្រី ឈូ ចាន់ឌឿន មេបញ្ជាការកងពលធំនៃកងយោធពលខេមរភូមិន្ទប្រចាំខេត្តនេះបានមានប្រសាសន៍ថា ទាហានរបស់លោកមិនធ្លាប់បានឈរជើងនៅលើដីមានវិវាទនោះទេ។
លោកបានមានប្រសាសន៍ថា “ អ្នកដែលស្នាក់នៅក្នុងខ្ទមនោះគឺជាកម្មកររបស់ក្រុមហ៊ុន។ យើងមិនដែលដាក់ពង្រាយទាហានរបស់យើងនៅទីនោះ ដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុនឡើយ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ទាហានរបស់លោកមិនដែលទទួលបាន“ ការឧបត្ថម្ភ” ពីក្រុមហ៊ុន ខេឌីស៊ី ឡើយ។
អង្គការមិនមែនរដ្ឋាភិបាលដូចជាអង្គការលីកាដូ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងជាច្រើនឆ្នាំមកហើយថា កងកម្លាំងយោធារបស់រដ្ឋត្រូវបានគេប្រើដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុនឯកជន និងម្ចាស់ដីដែលមានអំណាច។
លោកវរសេនីយ៍ត្រី ម៉ៅ ហេង មេបញ្ជាការកងយោធពលខេមរភូមិន្ទស្រុកបានគាំទ្រប្រសាសន៍របស់លោក ឧត្តមសេនីយ៍ត្រីចាន់ឌឿន ដោយមានប្រសាសន៍ថា ទាហានរបស់លោកមិនបានដាក់ពាក្យបណ្តឹងទៅនគរបាលជុំវិញវិវាទនេះទេ តែលោកបានទទួលស្គាល់ថា ទាហានទាំងនោះពិតជាបានទៅមើលដីដែលមានវិវាទនោះមែនកាលពីថ្ងៃសៅរ៍។
សំដៅដល់កម្មកររបស់ក្រុមហ៊ុន ខេឌីស៊ី លោកមានប្រសាសន៍ថា “ ពួកគេគ្រាន់តែឈៀងចូលសួរសុខទុក្ខមិត្តភក្តិចាស់ៗតែប៉ុណ្ណោះ” ហើយលោកនិយាយថា កម្មករទាំងនោះពិតជាបានស្ថិតនៅឯខ្ទមនោះមែន។
លោកវរសេនីយ៍ត្រី ម៉ៅ ហេង បានថ្លែងថា “ មិនមានទាហានមកពីអង្គភាពរបស់ខ្ញុំបានដាក់ពាក្យបណ្តឹងទៅនគរបាលទេ”។ លោកបានបន្ថែមថា ប្រហែលជាមានអ្នកក្លែងបន្លំជាទាហានបានដាក់ពាក្យបណ្តឹងហើយមើលទៅ ព្រោះឯកសណ្ឋានទាហានត្រូវគេលក់នៅតាមទីផ្សារជាច្រើននៅក្នុងប្រទេសកម្ពុជា។
លោកក៏បានមានប្រសាសន៍ផងដែរថា លោកជឿថា បុរសម្នាក់ក្នុងចំណោមបុរសស្លៀកឯកសណ្ឋានដែលស្ថិតនៅឯខ្ទមរបស់ក្រុមហ៊ុនខេឌីស៊ីនោះ គឺជាអតីតទាហាន
កងយោធពលខេមរភូមិន្ទ ដែលអាចជាមូលហេតុនាំឲ្យមានការភាន់ច្រឡំថា មានទាហាន
ជាប់ពាក់ព័ន្ធនៅក្នុងវិវាទដីធ្លីនេះ។
ទោះជាយ៉ាងណា លោក ជួប ចាន់ធឿន នាយប៉ុស្តិ៍ឃុំតាជេសបានប្រកាន់តាមការលើកឡើងពីមុនរបស់លោកថា ទាហានកងយោធពលខេមរភូមិន្ទបីនាក់ដែលបានយាមដីរបស់ក្រុមហ៊ុនឯកជននេះបានដាក់ពាក្យបណ្តឹងមកការិយាយល័យរបស់លោកអំពីខ្ទមដែលគេដុតបំផ្លាញនេះ និងទ្រព្យសម្បត្តិដែលពួកគេបានបាត់បង់ក្នុងការដុតនេះ។
នាយប៉ុស្តិ៍រូបនេះបានមានប្រសាសន៍បន្ថែមទៀតថា “ ថ្ងៃនេះ នគរបាលព្រហ្មទណ្ឌស្រុកបានសហការជាមួយនគរបាលឃុំចុះស៊ើបអង្កេតទីកន្លែងនោះ” ហើយលោកបដិសេធមិនបញ្ចេញឈ្មោះទាហានបីនាក់ ដែលបានដាក់ពាក្យបណ្តឹងនោះឡើយ។ មិនទាន់មានការចាប់ខ្លួននៅឡើយទេ។
លោក រាជ សីមា តំណាងអ្នកភូមិនិយាយថា អ្នកភូមិជឿថា ទាហានដែលបម្រើការឲ្យក្រុមហ៊ុនខេឌីស៊ីគឺពិតជាទាហានកងយោធពលខេមរភូមិន្ទប្រាកដមែន។
ក្រុមហ៊ុនខេឌីស៊ី គឺជាក្រុមហ៊ុនរបស់ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ លោក សីមា បាននិយាយថា “ ក្រុមហ៊ុននេះកាន់កាប់ដោយស្ត្រីដ៏មានអំណាចម្នាក់ ដែលស្វាមីរបស់គាត់ជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ហើយអ្នកស្រីមានអំណាចណាស់”។ គេមិនអាចទាក់ទងមន្ត្រីមកពីក្រុមហ៊ុនខេឌីស៊ីដើម្បីសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
អ្នកភូមិចំនួន៥១គ្រួសារក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាចបានជាប់ផុងក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនខេឌីស៊ីពាក់ព័ន្ធដីទំហំ១៤៥ហិកតាចាប់តាំងពីឆ្នាំ២០០៧មកម៉្លេះ៕
ប្រែសម្រួលដោយ សោម សារុន