The Cambodia Daily Khmer

ស្ថានទូត​នានា​​ចេញ​សេចក្ដី​ថ្លែង​​ការណ៍​​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ចប់

បន្ទាប់​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​​មួយ​កាល​ពី​យប់​ថ្ងៃអាទិត្យ​ អប​អរ​សាទរ​ប្រជា​​ពល​រដ្ឋ​កម្ពុជា​ចំពោះ​​ការ​បោះ​ឆ្នោត​​ដោយ​សន្តិ​វិធី​ ប៉ុន្តែ​បាន​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​ថា នឹង​អាច​​មាន​ភាព​ចលាចល​កើត​ឡើង​នោះ​ កាល​ពី​ម្សិល​​មិញ​ស្ថាន​កុងស៊ុល​ផ្សេង​ៗ​ទៀត​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ដូច​គ្នា​នេះ​ផង​ដែរ។

ស្ថាន​ទូត​បារាំង​បាន​អប​អរសាទរ​ប្រទេស​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ ប៉ុន្តែ បាន​ណែនាំ​​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ជៀសវាង​ការ​ដង្ហែក្បួន​​នយោបាយ​ណាមួយ​។

លោក នីកូឡាស់​ ​ប៊ូឌង់ (Nicolas Baudouin) លេខា​ទី​១​ប្រចាំ​ស្ថាន​ទូត​បារាំង​បាន​លើក​ឡើង​​តាម​អុីម៉េលថា “ យើង​ពិត​ជា​មាន​ការ​សោក​ស្ដាយ​ខ្លាំង​ណាស់​​ដែល​មាន​ឧប្បទ្ទវ​ហេតុ​មួយ​​ចំនួន​បាន​កើត​ឡើង​។ យើង​សូម​អំពាវ​នាវ​ឲ្យ​​គណបក្ស​នយោបាយ​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​ដោះ​ស្រាយ​ជម្លោះ​នេះ​តាមមធ្យោបាយ​ស្រប​​ច្បាប់​ និង​ប្រកប​ដោយ​សន្តិវិធី​”។

ស្ថានទូត​ជប៉ុន​ក៏​បាន​ណែនាំ​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ជៀស​​វាង​ពី​ការ​ដង្ហែក្បួន​នយោបាយ​នានាដែរ។ នៅ​ពេល​សួរ​អំពី​លទ្ធផល​ និង​ការ​ច្រាន​ចោល​នូវ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​របស់​គណ​​បក្ស​ប្រឆាំង​នោះ​លោក តាកា យ៉ូហ្ស៊ី កូរ៉ូម៉ីយ៉ា ​(Takayoshi Kuromiya) ឯក​អគ្គ​កុង​ស៊ុល​​ប្រចាំ​ស្ថានទូត​​មាន​ប្រសាសន៍​ថា “ នៅ​ត្រង​់​​​ដំណាក់​​​កាល​​នេះ​​វា​ជា​ការ​លឿន​ពេក​​ក្នុង​​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ណា​មួយ​នោះ​។ វា​មាន​ការ​​លំបាក​ណាស់​ក្នុង​ការ​និយាយ​ថា តើ​ការ​បោះ​ឆ្នោត​នេះ​ប្រកប​ដោយ​​សេរី​​​ឬ​អត់​នោះ​”។

ស្ថានទូត​អូស្ត្រាលី​បាន​បដិសេធ​មិន​​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​អំពី​ករណី​នេះ​ទេ​ រីឯ​សហ​ភាព​អឺរ៉ុប​ និង​ស្ថានទូត​អង់គ្លេស​វិញ​បាន​លើក​​​ឡើង​ថា ខ្លួន​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ “ ពាក់​ព័ន្ធ​នឹង​ករណី​នេះ​” ដែរ៕

ប្រែសម្រួលដោយ ឃិន ណៃ

Exit mobile version