កាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញបានបើកការជំនុំជម្រះក្ដីស្ត្រីអាយុ៥៣ឆ្នាំម្នាក់ ពីបទចោទប្រកាន់ពីបទឆបោកប្រាក់អ្នកជំនួញមួយក្រុម ដែលមានទឹកប្រាក់១,២លានដុល្លារក្នុងកិច្ចព្រមព្រៀងដីសម្បាទានសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ឆ្នាំង។
អ្នកជួញដូរដីធ្លីឈ្មោះ អ៊ូ កូលី ត្រូវបានចោទប្រកាន់ថា បានបោកប្រាសយកប្រាក់កាលពីឆ្នាំ២០១១ និងឆ្នាំ២០១២ បន្ទាប់ពីបានទាក់ទងព្រះសង្ឃមួយអង្គព្រះនាម អាង លីម៉េង ដើម្បីផ្ដល់ដីទំហំ៣០០ហិកតា សម្រាប់ក្រុមហ៊ុនរបស់ព្រះអង្គ ដែលរួមមានអ្នកជំនួញជាតិអាមេរិកផងដែរ។
លោក យូ ប៊ុនណា ចៅក្រមជំនុំជម្រះក្ដីបានមានប្រសាសន៍ថា ប៉ុន្តែនៅចុងឆ្នាំ២០១២ នៅពេលក្រុមវិនិយោគិន ដែលនៅតែមិនទាន់ទទួលបានអ្វីសោះនោះបានទារប្រាក់របស់ពួកគេវិញ ហើយបានស្នើឲ្យអ្នកស្រី កូលី ផ្ដល់ប្រាក់របស់ខ្លួនមកវិញ ប៉ុន្តែគាត់ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេបានដឹងថា មូលប្បទានប័ត្រនោះជាមូលប្បទានប័ត្រក្លែងក្លាយ។ អ្នកស្រី កូលី ត្រូវបានចោទប្រកាន់ពីបទឆបោក និងចេញមូលប្បទានប័ត្រដែលគ្មានសាច់ប្រាក់ បន្ទាប់ពីបានយល់ព្រមទិញដីនៅក្នុងខេត្តកំពង់ឆ្នាំង។
ក្នុងអំឡុងពេលបើកសវនការចៅក្រមជំនុំជម្រះលោក ប៊ុនណា មានប្រសាសន៍ថា អ្នកស្រី កូលី បានទទួលប្រាក់ប្រហែល១០០.០០០ដុល្លារពីព្រះសង្ឃ លីម៉េង ដើម្បីទទួលបានដីមួយកន្លែង។ អ្នកស្រី កូលី បានសារភាពថា គាត់បានទទួលប្រាក់១០០.០០០ដុល្លារមែន ហើយបានចុះហត្ថលេខាលើមូលប្បទានប័ត្រចំនួន១៤សន្លឹក ប៉ុន្តែអ្នកស្រីបានអះអាងតាមរយៈមេធាវីរបស់ខ្លួនឈ្មោះ ស៊ួយ ឈុនហាក់ ថា គាត់មិនបានដឹងថា ពួកគេបោកប្រាសទេ។
លោក ឈុន ហាក់ ថ្លែងថា មូលប្បទានបត្រទាំងនោះត្រូវបានរៀបចំដោយមនុស្សផ្សេងទៀតជាដៃគូរកសីុរបស់អ្នកស្រី កូលី ហើយគាត់គ្រាន់តែបានចុះហត្ថលេខាប៉ុណ្ណោះ។
លោក ប៊ុនណា បានមានប្រសាសន៍ថា តុលាការនឹងចេញសាលក្រមរបស់អ្នកស្រី កូលី នៅថ្ងៃទី១៣ ខែកញ្ញា៕
ប្រែសម្រួលដោយ ឃិន ណៃ