នគរបាល និងអង្គការក្រៅរដ្ឋាភិបាលការពារកុមារមួយបានឲ្យដឹងកាលពីម្សិលមិញថា ជនជាតិវៀតណាមចំនួនប្រាំពីរនាក់ ដែលត្រូវបានចាប់ខ្លួនអំឡុងប្រតិបត្តិការការឆ្មក់ចូលនៅពេលតែមួយក្នុងហាងម៉ាស្សាចំនួនពីរកន្លែងនៅកណ្តាលរាជធានីភ្នំពេញកាលពីយប់ថ្ងៃអង្គារ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដោយសារតាមការចោទប្រកាន់ថា មានការជាប់ពាក់ព័ន្ធក្នុងសកម្មភាពជួញដូរអនីតិជន។
លោក ប៉ុល ភិថី ប្រធាននាយកដ្ឋានប្រឆាំង ការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃដែលដឹកនាំប្រតិបត្តិការឆ្មក់ចូលនៅម៉ោងប្រហែល៩យប់់ថ្ងៃព្រហស្បតិ៍ បានមានប្រសាសន៍ថា “ យើងបានឆ្មក់ចូលចាប់ ហើយពេលនេះជនសង្ស័យត្រូវបញ្ជូនទៅតុលាការ”។ ក៏ប៉ុន្តែ លោកបង្វែរសំណួរបន្តរបស់អ្នកសារព័ត៌មានទៅមន្ត្រីតុលាការ។
អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (International Justice Mission) ហៅកាត់ថា IJM ដែលមានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “ ផ្ទះបនទាំងពីរកន្លែងបើកជាហាងម៉ាស្សា ហើយទំនងជាផ្នែកមួយនៃបណ្តាញឧក្រិដ្ឋជនជួញដូរ និងលក់ក្មេងស្រីវៀតណាម សម្រាប់សេវារួមភេទ”។
អង្គការនេះបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដដែលថា ប្រតិបត្តិការឆ្មក់ចូលចាប់នេះមានទ្រង់ទ្រាយធំបំផុត“ដោយ ឆ្នាំនេះមានការចូលរួមពីសំណាក់អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិនៅកម្ពុជា ”។ អង្គការនេះបានបន្ថែមទៀតថា នគរបាលបានចាប់ខ្លួនជនសង្ស័យចំនួនប្រាំពីរនាក់។
លោកស្រី លីសា ស្លាវូសស្គី (Lisa Slavovsky ) នាយិកាផ្នែកស្ថានភាពក្រោយការថែទាំនៅ ឯអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិបានឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលមិញថា ប្រតិបត្តិការឆ្មក់ចូលហាងមា៉ស្សាទាំងពីរដ៏លំបាកនេះ បានធ្វើឡើងបន្ទាប់ពីមានការសើុបអង្កេតរយៈពេលជាច្រើនខែ ដោយអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ និងនគរបាលប្រឆាំងការជួញដូរមនុស្ស ទៅលើហាងម៉ាស្សាដែលលក់ផ្លូវភេទ។
បនស្រីពេស្យាទាំងពីរនេះស្ថិតនៅតាមផ្លូវលេខ៦៣ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ និងនៅតាមមហាវិថីសុធារសក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាតំបន់មានអគារហាងម៉ាស្សាជាច្រើនជាន់នៅតាមផ្លូវនេះ។
លោកស្រី ស្លាវូសស្គី បានលើកឡើងថា ក្នុងចំណោមស្ត្រី និងក្មេងស្រី២០នាក់ ដែលត្រូវបានឃាត់ខ្លួនអំឡុងប្រតិបត្តិការនេះ ទាំងអស់គ្នាសុទ្ធតែជាជនជាតិវៀតណាម និងមិនទាន់ពេញវ័យ។ លោកស្រីបានឲ្យដឹងថា “ នគរបាលកំពុងតែកំណត់ចំនួនជនរងគ្រោះជាកុមារ ក៏ប៉ុន្តែ នោះគឺជាហេតុផលសម្រាប់ការធ្វើអន្តរាគមន៍”។ លោកស្រីបានបន្ថែមថា អតិថិជនមួយចំនួននៅក្នុងហាងម៉ាស្សាទាំងពីរនៅអំឡុងពេលឆ្មក់ចូល ត្រូវបានឃាត់ខ្លួន និងត្រូវនគរបាលសាកសួរ ប៉ុន្តែ បន្ទាប់មកត្រូវបានដោះលែងវិញ។
លោកស្រីបន្តថា “ ជនសង្ស័យគឺជាអ្នកគ្រប់គ្រង និងជាអ្នកនាំស្រីឲ្យគេ។ ខ្ញុំគិតថា ម្ចាស់ហាងម៉ាស្សាមិននៅទីនោះទេ”។
លោកស្រី ស្លាវូសស្គី បានថ្លែងថា ស្ត្រីដែលត្រូវបានជួយសង្គ្រោះ ពេលនេះកំពុងស្ថិតនៅមណ្ឌលស្តារនីតិសម្បទា ឬត្រឡប់ទៅ ជួបជំុគ្រួសាររបស់ខ្លួនវិញ៕ ប៊ុននី