The Cambodia Daily Khmer

ចាប់​ខ្លួន​បុរស​ជា​ឪពុក​ពី​បទ​ចាប់​រំលោភ​កូន​ស្រី​របស់​ខ្លួ​ន​អាយុ​៥​ឆ្នាំ​

នគរ​បាល​បាន​និ​យាយ​កាល​ពី​ថ្ងៃ​អាទិត្យ​​ថា បុរ​សអាយុ២៣ឆ្នាំ​​​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​កាល​ពី​ថ្ងៃសុក្រ​ពី​បទ​ចាប់​រំលោភ​កូន​ស្រី​​​អាយុ​៥ឆ្នាំ​នៅ​ផ្ទះ​របស់​ខ្លួន​តែម្តង​នៅ​ក្នុង​​ស្រុក​មុខ​កំពូល​​ ខេត្ត​កណ្ដាល​។

លោក​ ឡឹក តារា នាយ​ប៉ុស្ដិ៍​ឃុំ​ព្រែក​ដំបង​ បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​ជា​កម្មករ​សំណង់​ បាន​ចា​ប់​រំលោភ​ក្មេង​ស្រី​រូប​នេះ​​ធ្វើ​ឲ្យ​នាង​​មាន​របួស​ធ្ងន់​ធ្ងរ​​ កាល​ពី​រសៀល​ថ្ងៃ​ពុធ​ ខណៈ​ដែល​ប្រពន្ធ​របស់​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​ខាង​ក្រៅ​ផ្ទះ​។ លោកបាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​ប្រពន្ធ​របស់​ខ្លួន​ទៅ​ធ្វើ​ការ​​នៅ​​​ខាង​ក្រៅ​ផ្ទះ​ បុរស​ជា​ឪពុក​​​បាន​ហៅ​កូន​ស្រី​​របស់​ខ្លួន​ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​ ហើយ​បាន​ចាប់​រំលោភ​នាង​​ទាំង​គំរល​”។ លោក​មាន​ប្រសាសន៍​ថា បុរស​រូប​នេះ​បាន​គំរាម​វាយ​ដំ​នាង​ប្រសិន​បើ​នាង​និយាយ​រឿង​នេះ​ប្រាប់​គេ​។

មួយ​ថ្ងៃ​បន្ទាប់ពី​ការ​ចាប់​រំលោភ​រួច​មក​ ក្មេង​ស្រី​រូប​នេះ​បាន​ត្អូញ​ត្អែ​រ​​ប្រាប់​ម្ដាយ​របស់​ខ្លួន​ថា ​ឈឺចាប់​ត្រង់​ប្រដាប់​ភេទ​ ហើយ​ទី​បំផុត​បាន​ប្រាប់​ម្ដាយ​របស់​នាង​និង​សមា​ជិក​​ក្នុង​គ្រួសារ​អំពី​ការចាប់​រំលោភ​នេះ​។ ពួក​គាត់​បាន​នាំ​នាង​ទៅ​កាន់​មន្ទីរ​ពេទ្យ​​​បង្អែក​ខេត្ត​ ហើយ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​នគរបាល​ឃុំ​កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​ ដើម្បី​ស្វែង​​​​​រក​ចាប់​ខ្លួន​ជន​សង្ស័យ​រូប​នេះ​។

លោក​ នៅ​ សាវុធ​ អធិការ​រង​នគរ​បាល​ស្រុក​មុខ​​កំពូល​បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​រូប​េនះ​ត្រូវ​បាន​សាក​សួរ​នៅ​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​​កាលពី​ម្សិល​មិញ​ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​​​​នៅ​ថ្ងៃ​នេះ​។ លោក​​ថ្លែង​ថា លោក​មិន​ច្បាស់​​​ថា តើ​ជន​សង្ស័យ​រូប​នេះ​នឹង​​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​តុលាការ​​ចោទ​ប្រកាន់​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ​។

លោក​ ឡឹក​ តារា បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​សាក​សួ​រ ​បុរស​រូប​នេះ​​បាន​សារ​ភាព​​​​ថា ខ្លួន​ពិត​ជា​បាន​ចាប់​រំលោភ​កូន​ស្រី​របស់​ខ្លួន​មែន​ ប៉ុន្តែ​បាន​ប្រាប់​នគរបាល​ថា ខ្លួន​ស្រវឹង​​​​​​ស្រា​នៅ​ពេល​នោះ​ ហើយ​ “មិន​អាច​គ្រប់​គ្រង​​​​​អារម្មណ៍​បាន​”៕ សារុន

Exit mobile version