សហជីពនៅពីក្រោយកូដកម្មនៅតាមរោងចក្រកាត់ដេរកាលពីសប្តាហ៍មុន បានលើកឡើងថា សមាជិកមួយចំនួនធំរបស់ខ្លួនបានវិលត្រឡប់ទៅធ្វើការវិញនៅសប្តាហ៍នេះ ប៉ុន្តែ ពួកគេមិនបានច្រានចោលលទ្ធភាពនៃការបន្តធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែអប្បបរមានៅក្នុងខែនេះទេ។
កម្មកររាប់ម៉ឺននាក់បានធ្វើកូដកម្មដោយចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែធ្នូ ដើម្បីទាមទារសុំដំឡើងទ្វេដងលើប្រាក់ខែអប្បបរមាក្នុងឧស្សាហកម្មកាត់ដេរឲ្យដល់១៦០ដុល្លារ ជាកត្តាបងំ្ខឲ្យរោងចក្រមួយចំនួនក្នុងចំណោមរោងចក្រជាង៥០០នៅទូទាំងប្រទេសត្រូវបិទទ្វារ ហើយរោងចក្រជាច្រើនទៀតត្រូវកាត់បន្ថយផលិតកម្ម។
កូដកម្មនេះបានផ្ទុះអំពើហិង្សា នៅពេលកងរាជអាវុធហត្ថបានបើកការបាញ់ប្រហារតម្រង់ទៅលើក្រុមបាតុករដែលគប់ដបសាំង និងដុំថ្មដាក់សមត្ថកិច្ចនៅខាងក្រៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ប្រាំនាក់បាត់បង់ជីវិត និងជាង៤០នាក់រងរបួស។
លោកស្រី ឆេង ឡាងអនុប្រធានសម្ព័ន្ធសហជីពវាយន ភណ្ ឌឯករាជ្យជាតិកម្ពុជា ជាសហជីពមួយក្នុងចំណោមសហជីពចំនួនប្រាំមួយនៅពីក្រោយកូដកម្មនេះបានមានប្រសាសន៍ថា ប៉ុន្តែ គិតរហូតមកទល់នឹងថ្ងៃច័ន្ទសប្តាហ៍នេះ កម្មករកាត់ដេរប្រមាណ៨០ ភាគរយនៅក្នុងរាជធានីភ្នំពេញ និងជាងពាក់កណ្តាលនៅតាមបណ្តាខេត្តបានត្រឡប់ទៅធ្វើការនៅតាមរោងចក្ររបស់ខ្លួនវិញហើយ។
លោកស្រីមានប្រសាសន៍ថា “កម្មករភាគច្រើនបានវិលត្រឡប់ទៅធ្វើការវិញហើយ[កាលពីថ្ងៃច័ន្ទ]”។ លោកស្រីលើកឡើងថា សហជីពទាំងនេះបានជំរុញឲ្យសមាជិករបស់ខ្លួនវិលត្រឡប់ទៅធ្វើការវិញអំឡុងដើមខែនេះ ជាពេលដែលរោងចក្រត្រូវបើកប្រាក់ខែឲ្យកម្មករ ហើយនឹងសម្រេចក្នុងពេលឆាប់ៗនេះថា តើនឹងបន្តកូដកម្មរបស់ខ្លួនដោយវិធី ណា និងនៅពេលណា។
លោកស្រីមានប្រសាសន៍ថា “ ប្រធាន[សហជីព] របស់ខ្ញុំមានគម្រោងជួបជាមួយមេដឹកនំាសហជីពផ្សេងៗទៀតដើម្បីពិភាក្សាគ្នាស្វែងរកយុទ្ធសាស្ត្រថ្មីមួយដើម្បីបន្តធ្វើបាតុកម្ម ហើយយើងនឹងធ្វើសន្និសីទកាសែតក្នុងបំណងប្រាប់សាធារណជនថា យើងនឹងមិនលាក់ខ្លួន ឬរត់គេចពីការចាប់ខ្លួនឡើយ” ។ លោកស្រីបានបន្ថែមទៀតថា ពួកគេមិនទាន់កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំនោះនៅឡើយទេ។
កាលពីថ្ងៃទី៣០ ខែធ្នូ ទីស្តីការគណៈរដ្ឋមន្ត្រីបានផ្ញើលិខិតមួយច្បាប់ជូនលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារដើម្បីផ្តល់អនុសាសន៍ឲ្យលោកដកអាជ្ញាប័ណ្ណរបស់សហជីពដែលនៅពីក្រោយកូដកម្ម និងឲ្យកាត់ទោសមេដឹកនាំសហជីពទាំងនោះទៅតាមច្បាប់ ប្រសិនបើពួកគេមិនបញ្ឈប់កូដកម្ម។
ចាប់តាំងពីនោះមក សាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក រ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជា ឲ្យចូលខ្លួនឆ្លើយបំភ្លឺជុំវិញអំពើហិង្សាដែលបានផ្ទុះឡើងនៅកន្លែងតវ៉ាមួយចំនួន។
កាលពីម្សិលមិញ លោក រ៉ុង ឈុន បានមានប្រសាសន៍ថា លោកមិនទាន់ដឹងថា តើនៅពេលបន្ទាប់សហជីពនឹងធ្វើអ្វីនោះទេ។ លោកលើកឡើងថា “យើងចង់ឲ្យកម្មកររក្សាភាពស្ងប់ស្ងាត់ ហើយយើងមិនទាន់ដឹងពីផែនការបន្ទាប់របស់យើងនៅឡើយទេ”។
ទោះជាយ៉ាងណា លោកមានប្រសាសន៍ថា លោកនឹងគោរពតាមដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៤ ខែមករា ហើយបានបដិសេធការអះអាងក្នុងពេលថ្មីៗនេះដោយសហជីពមួយទៀតដែលបានលើកឡើងថា លោកបានសម្ងំលាក់ខ្លួនក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ។ លោកបានមានប្រសាសន៍ថា គេមិនអាចទាក់ទងលោកបានដោយសារតែថ្មទូរស័ព្ទរបស់លោកខូច។
លោក អ៊ូម វិសាល មន្ត្រីផ្នែកច្បាប់នៅសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ ក៏បានអះអាងដែរថា បាតុកម្មនឹងបន្តដើម្បីទាមទារដំឡើងប្រាក់ខែ និងដើម្បីប្រឆាំងការបាញ់សម្លាប់បាតុករកាលពីថ្ងៃសុក្រ។
លោកបានថ្លែងថា “កម្មករបានសន្យាធ្វើមហាបាតុកម្មប្រឆាំងអាជ្ញាធរ ពីព្រោះពួកគេបានប្រើប្រាស់អាវុធសម្លាប់បាតុករដៃទទេ ហើយយើងមិនអាចទទួលយកចរិតឃោរឃៅបែបនេះបានឡើយ។ យើងមិនបញ្ឈប់ការតវ៉ាទេ យើងគ្រាន់តែអនុញ្ញាតឲ្យកម្មករសម្រាកប៉ុណ្ណោះ ដើម្បីរង់ចាំសេចក្តីសម្រេចពីកិច្ចប្រជុំបន្ទាប់របស់យើង”។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានប្រសាសន៍ថា កម្មកររោងចក្រកាត់ដេរចន្លោះពី៥០ទៅ៦០ភាគរយបានចូលធ្វើការវិញហើយកាលពីថ្ងៃច័ន្ទ ហើយថា កូដកម្មបានឈានដល់ទីបញ្ចប់ហើយ។ លោកមានប្រសាសន៍បន្តថា “អ្វីដែលយើងបារម្ភរហូតមកទល់ពេលនេះបានចប់ហើយ”។
ពាក់ព័ន្ធចំណុចថា តើកម្មករធ្វើកូដកម្មគួរតែទទួលបានប្រាក់ឈ្នួលសម្រាប់ពេលដែលពួកគេមិនបានបំពេញការងារ ឬយ៉ាងណានោះ លោក កែន លូ បានបញ្ជាក់ថា ជំហររបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលផ្អែកលើច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា គឺនៅតែដដែល។
លោកមានប្រសាសន៍ថា “គោលការណ៍ជាមូលដ្ឋានរបស់យើងគឺច្បាស់លាស់ណាស់។ មិនធ្វើការមិនបានលុយ”។ លោកលើកឡើងថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចេញសេចក្តីប្រកាសជូនដំណឹងដល់សមាជិករបស់ខ្លួនដើម្បីផ្តល់អនុសាសន៍ដល់ពួកគេពាក់ព័ន្ធច្បាប់នេះ និងកុំឲ្យពួកគេបើកប្រាក់ឈ្នួលឲ្យកូដករសម្រាប់ពេលដែលពួកគេមិនបានបំពេញការងារ។
លោកបានមានប្រសាសន៍ថា សមាគមនេះក៏បានជួបប្រជុំគ្នាដែរកាលពីព្រឹកម្សិលមិញដើម្បីវាយតម្លៃពីទំហំខូចខាតដែលបាតុករបានបង្កឡើងទៅលើរោងចក្រនានា ដើម្បីត្រៀមទាមទារប្រាក់សំណងនៅក្នុងពាក្យបណ្តឹងក្នុងពេលឆាប់ៗរបស់ខ្លួនប្តឹងសហជីពទាំងនេះ។
តំណាងសហជីពបានលើកឡើងថា ពេលនេះមិនទាន់អាចនិយាយបានថា តើរោងចក្រនឹងបើកប្រាក់ឈ្នួលឲ្យកូដករខ្លះ ឬទាំងអស់សម្រាប់ពេលដែលពួកគេមិនបានបំពេញការងារឬយ៉ាងណាទេ។
លោកស្រី ឆេង ឡាង អនុប្រធានសម្ព័ន្ធសហជីពវាយនភណ្ឌឯករាជ្យជាតិកម្ពុជា បានមានប្រសាសន៍ថា លោកស្រីទទួលបានដំណឹងពីសមាជិកម្នាក់មកពីខេត្តព្រៃវែងថា រោងចក្រនៅទីនោះបើកប្រាក់ឈ្នួលឲ្យតែពាក់កណ្តាលប៉ុណ្ណោះ សម្រាប់រយៈពេលបីថ្ងៃដែលពួកគេមិនបានបំពេញការងារ។
លោក ប្រាក់ ចាន់ធឿន អគ្គនាយកនៃអគ្គនាយដ្ឋានដោះស្រាយកូដកម្ម បាតុកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ បានយល់ស្របនឹងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាថា រោងចក្រមានសិទ្ធិមិនបើកប្រាក់ឈ្នួលឲ្យកូដករសម្រាប់ពេលដែលពួកគេចូលរួមធ្វើកូដកម្ម។
ប៉ុន្តែ លោកបានមានប្រសាសន៍ថា ក្រសួង នឹងផ្តល់អនុសាសន៍ ឲ្យរោងចក្រទាំងនោះបើកប្រាក់ឈ្នួលឲ្យកូដករយ៉ាងហោចណាស់ក៏មួយចំនួនដែរ សម្រាប់ថ្ងៃដែលពួកគេមិនបានបំពេញ ការងារក្នុងបំណងទប់ស្កាត់ភាពចលាចលបន្ថែមទៀត។
ក្រសួងការងារគ្រោងនឹងជួបចរចាជាមួយសហជីពនៅថ្ងៃនេះដើម្បីជំរុញឲ្យពួកគេឈប់ធ្វើកូដកម្មបន្តទៀត ប៉ុន្តែបានពន្យារពេលជំនួបនេះដោយសារតែលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារជាប់រវល់។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានលើកឡើងថា ស្ថានភាពចលាចលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើឲ្យរោងចក្រខាតបង់ប្រាក់ប្រមាណ២០០លានដុល្លារ ហើយការបញ្ជាទិញពីរោងចក្រទាំងនេះនឹងធ្លាក់ចុះរហូតដល់៣០ភាគរយនៅក្នុងឆ្នាំ២០១៤នេះ៕ សុខុម
(រាយការណ៍បន្ថែមដោយ Zsombor Peter )