នៅក្នុងការបញ្ចេញប្រតិកម្មខ្លាំងបំផុតរបស់អន្តរជាតិចំពោះលទ្ធផលប្រទាញប្រទង់គ្នានៃការបោះឆ្នោតជាតិកាលពីខែកក្កដា សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃព្រហស្បតិ៍ អំពាវនាវឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើការស៊ើបអង្កេតឯករាជ្យដឹកនាំដោយអន្តរជាតិ លើការបោះឆ្នោត និងការសម្លាប់កម្មកររោងចក្រកាត់ដេរចំនួនប្រាំនាក់កាលពីដើមខែនេះ។
សេចក្តីសម្រេចដោយសភារបស់សហភាពអឺរ៉ុប ដែលជាម្ចាស់ជំនួយដ៏ធំបំផុតតែមួយគត់របស់កម្ពុជា ធ្វើឡើងបន្ទាប់ពីសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងថវិកាចំណាយកាលពីថ្ងៃពុធ ដែលនឹងកាត់ផ្តាច់ជំនួយមួយចំនួនជួយដល់កម្ពុជា ប្រសិនបើកម្ពុជា មិនធ្វើតាមការទាមទារស្រដៀងគ្នាពាក់ព័ន្ធនឹងការបោះឆ្នោតដ៏ចម្រូងចម្រាសនេះទេនោះ។
សេចក្តីសម្រេចអនុម័តដោយសមាជិកប្រមាណ៧៤០រូបនៃសភាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍នេះ ក៏ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា “ ទទួលស្គាល់តួនាទីស្របច្បាប់របស់គណបក្សប្រឆាំងក្នុងការរួមចំណែកដល់ការអភិឌ្ឍសេដ្ឋកិច្ច និងនយោបាយទាំងមូលរបស់កម្ពុជា” និងឲ្យធ្វើកំណែទម្រង់ប្រព័ន្ធតុលាការព្រមទាំងដំណើរការបោះឆ្នោតផងដែរ ជាពិសេសបញ្ជីឈ្មោះបោះឆ្នោត និងការទទួលបានប្រព័ន្ធផ្សព្វផ្សាយដោយសេរី។
សេចក្តីសម្រេចនេះមានខ្លឹមសារដូច្នេះថា “ សភាអឺរ៉ុបសូមអំពាវនាវឲ្យរដ្ឋាភិបាល
កម្ពុជាទទួលយកការស៊ើបអង្កេតឯករាជ្យមួយដែលមានការជួយជ្រោមជ្រែងពីអន្តរជាតិលើការចោទប្រកាន់អំពីការលួចបន្លំសន្លឹកឆ្នោត និងភាពមិនប្រក្រតីផ្សេងៗទៀតជុំវិញការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣”។
សភាអឺរ៉ុបបានលើកឡើងថា ពាក្យបណ្តឹងផ្លូវច្បាប់ប្រឆំាងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សនេះ ព្រមទាំងមេដឹកនាំសហជីពដែលត្រូវបានតុលាការកោះហៅទៅសាកសួរជុំវិញតួនាទីពាក់ព័ន្ធរបស់ពួកគាត់នៅក្នុងបាតុកម្មរបស់កម្មករកាត់ដេរក្នុងពេលថ្មីៗនេះ ត្រូវតែដកចេញ។
សភាអឺរ៉ុបបានចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់កម្មករកាត់ដេរដែលត្រូវបានកងរាជអាវុធហត្ថបាញ់ប្រហារបណ្តាឲ្យបាត់បង់ជីវិត និងរងរបួសនៅលើកំណាត់ផ្លូវវេងស្រេងក្នុងខណ្ឌពោធិ៍សែនជ័យ ហើយបានផ្កោលទោស “ ការប្រើប្រាស់កម្លាំងបង្ក្រាបហួសហេតុពីសំណាក់កងកម្លាំងសន្តិសុខ”។
សេចក្តីសម្រេចនេះបានលើកឡើងបន្តទៀតថា “ សភាអឺរ៉ុបសូមជំរុញឲ្យអាជ្ញាធរកម្ពុជា ស៊ើបអង្កេតឲ្យបានហ្មត់ចត់ និងចាប់ខ្លួនអ្នកទទួលខុសត្រូវចំពោះការស្លាប់និងការរងរបួសទាំងនេះ”។
សភាអឺរ៉ុបក៏បានជំរុញឲ្យដោះលែងមនុស្សទាំង២៣នាក់ដែលត្រូវបាន “ ចាប់ខ្លួនដោយអយុត្តិធម៌” អំឡុងបាតុកម្ម និងឲ្យរដ្ឋាភិបាល “ លុបចោលជាបន្ទាន់” នូវបម្រាមហាមមិនឲ្យមានការប្រមូលផ្តុំគ្នាជាសាធារណៈផងដែរ។
កាលពីថ្ងៃសុក្រ លោកស្រី មូរ សុខហួរ តំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ បានស្វាគមន៍សេចក្តីសម្រេចនេះ។ លោកស្រីមានប្រសាសន៍ថា “ សេចក្តីសម្រេចនេះទទួលស្គាល់ថា មានបញ្ហា។សេចក្តីសម្រេចនេះឆ្លុះបញ្ចាំងពីឫសគល់នៃវិវាទដែលបានក្លាយជាវិបត្តិ”។ លោកស្រីបានបន្តថា ការស៊ើបអង្កេតឯករាជ្យលើការបោះឆ្នោតដោយមានការចូលរួមពីអន្តរជាតិ គឺជារឿងសំខាន់ដើម្បីបញ្ចប់ការជាប់គាំងផ្នែកនយោបាយនាពេលបច្ចុប្បន្ន។
លោកស្រីបានចោទសួរថា “ ការពិតពាក់ព័ន្ធការបោះឆ្នោតត្រូវតែលាតត្រដាង ព្រមទាំងអ្នកទទួលខុសត្រូវចំពោះឃាតកម្មទាំងនេះផងដែរ។ តើប្រជាពលរដ្ឋត្រូវបាត់បង់ជីវិតប៉ុន្មាននាក់ទៀត មុនពេលពួកយើងអាចប្រើប្រាស់សិទ្ធិសេរីភាពរបស់ពួកយើងបាន?”។
ដោយសារតែប្រហែល៥០ភាគរយនៃស្បែកជើង និងសម្លៀកបំពាក់ទាំងអស់ផលិតនៅកម្ពុជាត្រូវបាននាំចេញទៅកាន់សហភាពអឺរ៉ុបនោះ សេចក្តីសម្រេចនេះបានដាក់គំនាបសេដ្ឋកិច្ចលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ឲ្យធ្វើការស៊ើបអង្កេតឯករាជ្យតាមការទាមទាររបស់សភាអឺរ៉ុប។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ គ.ជ.ប. បានមានប្រសាសន៍ថា សភាអឺរ៉ុបមានសេរីភាពក្នុងការបញ្ចេញមតិរបស់ខ្លួនពាក់ព័ន្ធនឹងនយោបាយនៅកម្ពុជា និងដំណើរការនៃការបោះឆ្នោតរបស់ប្រទេសនេះ ប៉ុន្តែ ភាពមិនប្រក្រតីទាំងអស់ត្រូវបាន “ដោះស្រាយ” រួចហើយ។
លោកបញ្ជាក់ថា “ គ.ជ.ប. គ្រាន់តែអនុវត្តការងាររបស់ខ្លួនដោយផ្អែកទៅតាមច្បាប់ប៉ុណ្ណោះ ហើយ គ.ជ.ប. បានដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធការបោះឆ្នោតរួចហើយ”។
លោកបានលើកឡើងបន្ថែមទៀតថា មានតែរដ្ឋាភិបាលទេដែលអាចសម្រេចបានពាក់ព័ន្ធនឹងកំណែទម្រង់នៃការបោះឆ្នោត ឬការស៊ើបអង្កេតណាមួយលើលទ្ធផលនៃការបោះឆ្នោតជាតិកាលពីខែកក្កដា។ “ ប្រសិនបើមានវិសោធនកម្មលើច្បាប់ណាមួយ គ.ជ.ប. នឹងគោរពតាមច្បាប់នោះ”។
នៅក្នុងញត្តិដោយឡែកពីគ្នាចំនួនប្រាំពីរដែលភាគីនានាបានដាក់នៅក្នុងសភាអឺរ៉ុបកាលពីថ្ងៃអង្គារ ដើម្បីទាមទារឲ្យមានដំណោះស្រាយលើបញ្ហានៅកម្ពុជា ពាក្យសម្តីធ្ងន់ៗត្រូវបានប្រើប្រាស់ដើម្បីពណ៌នាអំពីស្ថានភាពក្នុងប្រទេសកម្ពុជា។
ក្រុមនយោបាយមួយនៅក្នុងសភាអឺរ៉ុបដែលមានឈ្មោះថា សម្ព័ន្ធគាំទ្រមតិយោបល់អ្នកសង្គមនិយម និងអ្នកប្រជាធិបតេយ្យ (Progressive Alliance of Socialists and Democrats) ដែលហៅកាត់ថា S&D បានលើកឡើងថា ការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា “ មិនមានលក្ខណៈសេរីទេ ហើយក៏មិនយុត្តិធម៌ដែរ” ពីព្រោះគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលបានកាន់អំណាចជាយូរមកហើយនោះ គ្រប់គ្រង “ ស្ថាប័នពាក់ព័ន្ធការបោះឆ្នោតទាំងអស់ រួម ទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញផងដែរ ហើយស្ថាប័នទាំងពីរនេះទៀតសោតមិនបានដោះស្រាយការចោទប្រកាន់គួរឲ្យជឿទុកចិត្តបានទាំងអស់អំពីការលួចបន្លំសន្លឹកឆ្នោត និងពាក្យបណ្តឹងផ្សេងទៀតពាក់ព័ន្ធការបោះឆ្នោតឲ្យបានហ្មត់ចត់នោះទេ”។
ក្រុមនយោបាយមួយផ្សេងទៀតនៅក្នុងសភាអឺរ៉ុបដែលមានឈ្មោះថា សម្ព័ន្ធអ្នកសេរីនិយម និងអ្នកប្រជាធិបតេយ្យសម្រាប់ក្រុមអឺរ៉ុប (Alliance of Liberals and Democrats for Europe Group) ដែលហៅកាត់ថា ALDE បានលើកឡើងថា ខ្លួនជឿថា “ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលកំពុងប្រឈមនឹងបញ្ហានៃភាពស្របច្បាប់ធ្ងន់ធ្ងរ គួរតែទទួលយកការស៊ើបអង្កេតដោយឯករាជ្យលើភាពមិនប្រក្រតីនៃការបោះឆ្នោតថ្មីៗនេះ និងផលប៉ះពាល់របស់វាទៅលើលទ្ធផលនៃការបោះឆ្នោត ឬ គួរតែរៀបចំការបោះឆ្នោតជាថ្មីឡើងវិញ”។
លោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា វិធានការថ្មីៗនេះរបស់សហរដ្ឋអាមេរិក និងសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ស្ថានភាពជាប់គាំងនយោបាយនាពេលបច្ចុប្បន្ន។
លោកបានបន្តថា “ ការរួបរួមគ្នាក្រោកឈរឡើងរបស់សហគមន៍អន្តរជាតិដើម្បីដាក់គំនាបលើរដ្ឋាភិបាល មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការធ្វើឲ្យមានការកែប្រែ ពីព្រោះសំឡេងរបស់ជនរងគ្រោះតែងតែត្រូវគេមិនអើពើ ប៉ុន្តែ សហគមន៍អន្តរជាតិផ្តល់ជំនួយយ៉ាងច្រើន ហើយវាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋាភិបាល”៕ សុខុម
(រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី)