លោក ហេង សំរិន ប្រធានរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា បានចេញបញ្ជាឲ្យឯក អគ្គរាជទូតថ្មីៗបំផុតរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅតំបន់អាស៊ី និងតំបន់អឺរ៉ុប ឲ្យបន្តធ្វើសកម្មភាពទំនាក់ទំនងសាធារណៈ ក្នុងគោលបំណងតបតទៅនឹងសេចក្តីរាយការណ៍កាន់តែច្រើនឡើងៗនៅក្នុងសារព័ត៌មានក្រៅប្រទេសនានា ដែលថា កម្រិតគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ កំពុងតែធ្លាក់ចុះ។
លោក ហេង សំរិន បានផ្តល់បទបញ្ជាទាំងនេះដល់ឯកអគ្គរាជទូតថ្មីៗ នៅក្នុងកិច្ចប្រជុំសម្ងាត់មួយកាលពីថ្ងៃច័ន្ទ អំឡុងពេលដែលមជ្ឈដ្ឋានអន្តរជាតិមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗទៅលើព្រះរាជាណាចក្រកម្ពុជា តំាងពីមានការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រកាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំមុនមក។
គួរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាកាន់អំណាចដ៏យូររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជ័យជម្នះក្នុងព្រឹត្តិការណ៍បោះឆ្នោតនោះ ប៉ុន្តែ ព្រឹត្តិការណ៍នេះនៅតែជាប់នៅក្នុងសេចក្តីរាយការណ៍អំពីភាពមិនប្រក្រតីយ៉ាងទូលំទូលាយដែលមិនទាន់ត្រូវបានដោះស្រាយ។
កម្លាំងសន្តិសុខកម្ពុជាបានបាញ់ឲ្យមនុស្សប្រាំពីរនាក់បាត់បង់ជីវិត នៅក្នុងសកម្មភាពតវ៉ានានាក្នុងរាជធានីភ្នំពេញ តាំងពីខែកញ្ញាឆ្នាំមុនមក និងបានធ្វើឲ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។
យោងតាមច្បាប់ថតចម្លងនៃសុន្ទរកថាមួយ បានបង្ហាញថា លោក ហេង សំរិន បានមានប្រសាសន៍ថា “ ឯកអគ្គរាជទូតគ្រប់រូបគួរដឹងថា [មានរឿងអ្វីកើតឡើង] ហើយគួរតែបញ្ចេញប្រតិកម្មតបតទៅនឹងសកម្មភាពនានាដែលត្រូវបានចាត់ទុកជាសកម្មភាពមើលងាយ ឬមានចរិតបំពានទៅលើជាតិ។
លោក ហេង សំរិន បានមានប្រសាសន៍បន្តទៀតថា “ លោកត្រូវពន្យល់ឲ្យបានច្បាស់ និងតបតទៅនឹងទង្វើទាំងឡាយណា ដែលបំភាន់ទស្សនរបស់សាធារណជន ជុំវិញស្ថានភាពនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ដែលគណបក្សសង្គ្រោះជាតិតែងតែបកស្រាយបំភ្លៃ”។
លោកប្រធានរដ្ឋសភារូបនេះបានមានប្រសាសន៍បន្ថែមទៀតថា “ ជាពិសេស បណ្តាប្រទេសនៅតំបន់អឺរ៉ុប ដែលជឿគណបក្សប្រឆាំង និងតែងតែដាក់សម្ពាធលើរដ្ឋាភិបាលរបស់យើង”។
គណបក្សសង្គ្រោះជាតិ បាននិងកំពុងជំរុញឲ្យសមាជិកសភាក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ចាត់វិធានការទៅលើស្ថានភាពនៅក្នុងប្រទេសកម្ពុជា ហើយសកម្មភាពនេះទទួលបានជោគជ័យមួយចំនួន។
កាលពីថ្ងៃទី១៦ ខែមករា សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុវត្តប្រតិបត្តិការស៊ើបអង្កេតឯករាជ្យមួយក្រោមការដឹកនាំរបស់អន្តរជាតិ ទៅលើទាំងករណីបាញ់សម្លាប់កម្មកររោងចក្រកាត់ដេរប្រាំនាក់ដែលបានចូលរួមធ្វើកូដកម្មកាលពីពេលថ្មីៗនេះ ទាំងការបោះឆ្នោតកាលពីខែកក្កដាឆ្នាំមុន។
នៅថ្ងៃបន្ទាប់មក លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) បានចុះហត្ថលេខាលើច្បាប់ស្តីពីថវិកាចំណាយ ដើម្បីព្យួរជំនួយមួយចំនួនសម្រាប់ព្រះរាជាណា ចក្រកម្ពុជា រហូតទាល់តែមានការអនុវត្តប្រតិបត្តិការស៊ើបអង្កេតគួរឲ្យទុកចិត្ត ទៅលើការបោះឆ្នោតនោះ ឬក៏រហូតទាល់តែតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដែលបច្ចុប្ប ន្នកំពុងធ្វើពហិការសភា ដើម្បីតវ៉ាការបោះឆ្នោតនោះ ទទួលយកអាសនៈរបស់ខ្លួននៅក្នុងរដ្ឋសភា។
នៅក្នុងសុន្ទរកថារបស់ខ្លួនថ្លែងទៅកាន់អគ្គរាជទូតថ្មីៗកាលពីថ្ងៃច័ន្ទ លោក ហេង សំរិន ក៏បានត្អូញត្អែរអំពីប្រជាជនខ្មែរដែលធ្វើសកម្មភាពតវ៉ានៅក្រៅប្រទេស ជាពិសេសនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលប្រជាជនខ្មែរជាច្រើនរយនាក់បានធ្វើបាតុកម្មកាលពីដើមខែនេះ ដើម្បីប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការបាញ់ទៅលើកម្មកររោងចក្រកាត់ដេរ។
លោក ហេង សំរិន បានមានប្រសាសន៍ថា “ រដ្ឋាភិបាល [នៃព្រះរាជាណាចក្រកម្ពុជា] ខិតខំស្វែងរកទីផ្សារការងារសម្រាប់ពួកគេ និងបញ្ជូនពួកគេឲ្យទៅធ្វើការ។ ពួកគេគួរសរសើរ អរ គុណ និងគាំទ្ររាជរដ្ឋាភិបាល។ ផ្ទុយទៅវិញ ពួកគេបែរជាតវ៉ាប្រឆាំងរាជរដ្ឋាភិបាល ទៅវិញ។ សកម្មភាពនេះបានធ្វើឲ្យខូចកម្លាំងនយោបាយជាច្រើន”។ សុន្ទរកថារបស់លោក ហេង សំរិន មិនបានបញ្ជាក់ឈ្មោះប្រទេសដែលឯកអគ្គរាជទូតថ្មីៗ នឹងត្រូវបញ្ជូនទៅទេ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលដឹកនាំអង្គទូតរបស់ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា លោកមិនបានដឹងអំពីសេចក្តីលម្អិតទាក់ទងទៅនឹងកាលពីថ្ងៃច័ន្ទទេ ពីព្រោះលោកមិនបានចូលរួមកិច្ចប្រជុំនោះទេ។ ប៉ុន្តែ លោកបានឲ្យដឹងថា ប្រទេសដែលព្រះរាជាណាចក្រកម្ពុជា នឹងបញ្ជូនឯកអគ្គរាជទូតថ្មីៗទៅនោះ រួមមាន ប្រទេសបារំាង អាល្លឺម៉ង់ ឡាវ កូរ៉េខាងជើង កូរ៉េខាងត្បូង សិង្ហបុរី ស្វ៊ីស និងប្រទេសថៃ ព្រមទាំងឯកអគ្គរាជទូតថ្មីមួយរូបទៅអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា លោកមិនបានដឹងអំពីសេចក្តីណែនាំជាក់លាក់ ដែលប្រធានរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជាបានផ្តល់ឲ្យឯកអគ្គរាជទូតថ្មីៗទាំងនេះទេ។
លោកបានលើកឡើងថា ប្រជាជនតវ៉ាឬមិនតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន គឺគួរអាស្រ័យលើសញ្ជាតិរបស់ពួកគេ។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ ប្រសិនបើពួកគេជាជនជាតិខ្មែរ ពួកគេមានជម្រើសក្នុងការបង្ហាញខ្លួនឯង។ បើពួកគេមិនមែនជាជនជាតិកម្ពុជាទេ ពួកគេមិនមានសិទ្ធិបោះឆ្នោត [នៅក្នុងប្រទេសកម្ពុជាទេ]។ ដូច្នេះ ពួកគេមិនមានសិទ្ធិបង្ហាញអ្វីទេ ក្រៅពីកិច្ចសហប្រតិបត្តិការ”៕ សុធា
(រាយការណ៍បន្ថែមដោយ វណ្ណ រើន)