កាលពីម្សិលមិញ ក្រសួងការពារជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយថ្កោលទោសអ្នកនាំពាក្យគណបក្សប្រឆាំងចំពោះការប្រមាថមើលងាយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកងកម្លាំងប្រដាប់អាវុធ។
សេចក្តីប្រកាសព័ត៌មានចេញកាលពីថ្ងៃអង្គារនេះ បានថ្កោលទោសលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិចំពោះពាក្យសម្តីដែលលោកបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី២៣ ខែមករា ចាត់ទុករដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នថា ជារដ្ឋាភិបាលខុសច្បាប់ និង “ កងទ័ពដែលបម្រើឲ្យរដ្ឋាភិបាលខុសច្បាប់ក៏ខុសច្បាប់ដែរ”។
សេចក្តីប្រកាសព័ត៌មាននេះបានលើកឡើងថា “ ក្រសួងការពារជាតិប្រកាសបដិសេធ និងថ្កោលទោសដាច់ខាតការប្រមាថមាក់ងាយមកលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ”។
“ ទន្ទឹមនឹងនេះដែរសូមអំពាវនាវដល់នាយទាហាន ពលទាហាននៃកងយោធពលខេមរភូមិន្ទមេត្តាបន្តការអត់ធ្មត់ចំពោះការប្រើពាក្យពេចន៍ប្រមាថមាក់ងាយរបស់លោក យឹម សុវណ្ណ មកលើកងយោធពលខេមរភូមិន្ទ”។
លោក យឹម សុវណ្ណ បាននិយាយឆ្លើយតបទៅនឹងព័ត៌មានដែលថា លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិមកពីគណបក្សប្រជាជនកម្ពុជាបានអំពាវនាវឲ្យកងទ័ពការពាររដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នៅក្នុងជម្លោះដែលកំពុងកើតមានរបស់ខ្លួនជាមួយគណបក្សសង្គ្រោះជាតិជុំវិញលទ្ធផលនៃការបោះឆ្នោតជាតិកាលពីឆ្នាំមុន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកាលពីថ្ងៃអង្គារនេះ ក៏បានលើកឡើងដែរថា ការបោះឆ្នោតកាលពីថ្ងៃទី ២៨ ខែកក្កដា បានប្រព្រឹត្តទៅតាមលទ្ធិប្រជាធិបតេយ្យ មានលក្ខណៈសេរី យុត្តិធម៌ និងតម្លាភាព ហើយថា គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈដោយស្របច្បាប់។
សេចក្តីប្រកាសព័ត៌មាននេះលើកឡើងទៀតថា “ កងយោធពលខេមរភូមិន្ទត្រូវការពារដាច់ខាតរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលបានជ្រើសតាំងដោយរដ្ឋសភាស្របច្បាប់”។
កាលពីម្សិលមិញ លោក យឹម សុវណ្ណ បាននិយាយការពារសម្តីរបស់លោក ដោយលើកឡើងថា ពាក្យសម្តីទាំងនោះសំដៅទៅលើមេបញ្ជាការយោធាមួយចំនួនតូចដែលបានបញ្ជាឲ្យគេសម្លាប់ប្រជាជនកាលពីដើមខែមករា ដែលនៅពេលនោះកងរាជអាវុធហត្ថបានបាញ់សម្លាប់កម្មកររោងចក្រកាត់ដេរដែលធ្វើកូដកម្មប្រាំនាក់ និងបាញ់ឲ្យរងរបួសជាច្រើននាក់ទៀតនៅខាងក្រៅសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងទីក្រុងភ្នំពេញ។
លោក យឹម សុវណ្ណ ក៏បានសួរពីមូលហេតុដែលក្រសួងការពារជាតិចេញសេចក្តីប្រកាសព័ត៌មានគាំទ្រគណបក្សប្រជាជនកម្ពុជានេះដែរ។
លោកបានបន្ថែមថា “ តាមច្បាប់ កងកម្លាំងប្រដាប់អាវុធត្រូវតែអព្យាក្រឹត។ ពួកគេមិនអាចលម្អៀងទៅខាងបក្សណាមួយទេ”។
លោក ប្រេដ អាដាម នាយកប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានមានប្រសាសន៍ថា សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិថ្មីៗនេះដើម្បីគាំទ្ររដ្ឋាភិបាលនោះ គឺជាបញ្ហា ដែលបង្ហាញយ៉ាងច្បាស់ថា មិនមានភាពខុសគ្នាសោះឡើយរវាងកងទ័ព និងគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន។
កាលពីខែធ្នូ ឧត្តមសេនីយ៍ ទៀ បាញ់ បានណែនាំកងទ័ពឲ្យរៀនពីប្រវត្តិសាស្ត្រដើម្បីកុំឲ្យចាញ់បោកគេដោយសារព័ត៌មានដែលគណបក្សសង្គ្រោះជាតិបានផ្សព្វផ្សាយ។ ហើយកាលពីសប្តាហ៍មុនអំឡុងកិច្ចប្រជុំរបស់កងរាជអាវុធហត្ថ ឧត្តមសេនីយ៍ ទៀ បាញ់ បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធការពាររដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា និងបានចោទគណបក្សសង្គ្រោះជាតិថា បានព្យាយាមបង្កភាពចលាចល។
លោក អាដាម បានសរសេរតាមអ៊ីម៉េលថា “ កងកម្លាំងប្រដាប់អាវុធត្រូវនៅជា អព្យាក្រឹត្យ មិនមែនធ្វើជាដៃរបស់គណបក្សប្រជាជនកម្ពុជា ដៃ ហ៊ុន សែន ឬ អង្គភាពណាផ្សេង ឬជនណាមួយឡើយ”។លោកបានលើកឡើងថា “ សម្តីរបស់លោក ទៀ បាញ់ ដែលថា កងទ័ពគួរតែស្មោះត្រង់ចំពោះលោក ហ៊ុន សែន នោះ គឺមិនត្រឹមត្រូវទាល់តែសោះ និងបង្ហាញយ៉ាងច្បាស់ថា លោកគិតថា កងយោធពលខេមរភូមិន្ទគឺជាកងទ័ពរបស់លោក ហ៊ុន សែន មិនមែនកងទ័ពរបស់ប្រទេសជាតិទេ”។
ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា កងកម្លាំងប្រដាប់អាវុធប្តេជ្ញាការពាររដ្ឋាភិបាលស្របច្បាប់មិនថា គណបក្សណាមួយឡើងកាន់អំណាចឡើយ។លោកបានមានប្រសាសន៍ថា “ យើងមិនបានរើសអើងរវាងគណបក្សប្រជាជនកម្ពុជា ឬគណបក្សប្រឆាំងឡើយ”៕គឹមហឿន