The Cambodia Daily Khmer

អង្គការ​សហ​ប្រជា​ជាតិ​ព្រួយ​បារម្ភ​ការ​បិទ​សិទ្ធិសេរីភាព​ ក្រោយ​ការ​ពិនិត្យ​របាយ​ការណ៍សិទ្ធិ​មនុស្ស

កាលពីថ្ងៃ​ព្រហស្បតិ៍ មហាសន្និបាត​អង្គ​ការ​​សហ​ប្រជា​ជាតិ​បាន​ផ្ដល់​​អនុសាសន៍​ថ្មីបំផុត​របស់​ខ្លួន​ដល់​រដ្ឋាភិបាល​កម្ពុជា​​​ស្ដីពីការ​​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ដល់​ស្ថានភាព​សិទ្ធិ​មនុស្ស​​​​ក្នុង​ប្រទេស​នេះ​ បន្ទាប់ពីមាន​ការ​ពិនិត្យ​របាយ​​​ការណ៍​សិទ្ធិមនុស្ស​​នៅ​ក្នុងទីក្រុង​ហ្សឺណែវ​ កាលពីសប្ដាហ៍​មុន​។

អនុសាសន៍​ដែល​ផ្ដល់​ដោយ​គណៈប្រតិ​ភូ​មកពីប្រទេស​ចំនួន​៧៦​អំឡុង​ការ​ពិនិត្យ​របាយ​​ការណ៍​សិទ្ធិមនុស្ស​នេះ​មាន​ការ​ជំរុញ​ឲ្យ​កម្ពុជា​​​បំពេញតាម​ការ​សន្យា​​ពីកា​រ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ឯក​រាជ្យ​​ ពីការ​អនុវត្ត​កំណែ​ទម្រង់​ដើម្បី​បង្កើត​​ប្រព័ន្ធ​តុលាការ​ឯក​រាជ្យ​ ពីការ​កែ​ទម្រង់​​​​ការ​បោះ​ឆ្នោត​​​ក្នុង​លក្ខណៈ​ស៊ីជម្រៅ និង​ពី​ការ​កែលម្អ​ការ​ការ​ពារ​ស្ត្រី​ និង​កុមារ​។

ប្រទេស​មួយ​ចំនួន​ក៏​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ឡើង​វិញ​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​​ប្រមូល​ផ្ដុំ​គ្នា​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ ការ​បង្កើត​សមាគម​ និង​ការ​បញ្ចេញ​មតិ​​​បន្ទាប់ពី​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ការ​ធ្វើ​បាតុ​កម្ម​ និង​​លើ​ក្រុម​​ប្រឆាំង​កាលពីខែ​មុន​ ពេល​អ្នក​តវ៉ា​ប្រាំ​នាក់​​ត្រូវ​បាន​សម្លាប់​ ២៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​ដាក់​ពន្ធនាគារ​ និង​​រង​របួស​​រាប់​សិប​នាក់​​។

​គណៈប្រតិភូមកពីប្រទេស​ស្វ៊ីស បាន​ផ្ដល់​អនុសាសន៍​ថា “​ត្រូវ​បង្កើត​បរិយាកាស​ល្អ​ពោរ​​​ពេញ​ដោយ​សុខ​សន្តិភាព​ដែល​បុគ្គល​ម្នាក់​ៗ​ និង​ក្រុម​នីមួយ​ៗ​​អាច​​អនុវត្ត​​​​​​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ការ​បង្កើត​សមាគម​​ និង​ការ​ប្រមូល​ផ្ដុំ​គ្នា​ដោយ​សន្តិវិធី​​​​ ហើយ​ត្រូវ​បញ្ចប់​ការ​យាយី​ ការ​បំភិត​បំភ័យ​ ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត​ និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​រាង​កាយ ​​ជាពិសេស​គឺ​​​​​អំឡុង​​ពេល​ធ្វើ​បាតុកម្ម​​”។ សាធារណរដ្ឋ​ឆែក​ បាន​ផ្ដល់​អនុសាសន៍​ថា “ត្រូវ​ស៊ើប​អង្កេត​ដោយ​មិន​លម្អៀង​នូ​វ​ករណីនៃការ​ប្រើ​កម្លាំង​ហួស​ហេតុ​លើ​បាតុករ​ និង​ករណី​បាញ់​សម្លាប់​​អំឡុង​បាតុកម្ម​កាលពី​ពេល​ថ្មីៗ​នេះ​​”។

លោក​​​ Maina Kiai អ្នក​រាយការណ៍ពិ​សេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​​​លើ​សិទ្ធិ​សេរីភាព​ក្នុងការ​​បង្កើត​សមាគម និង​ការ​ប្រមូល​​​ផ្ដុំ​គ្នា​ដោយ​សន្តិវិធី​​ បាន​ប្រកាស​កាល​ពីថ្ងៃសុក្រ​ថា លោក​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៥ រហូត​ដល់​ថ្ងៃ​ទី​៧​ ខែ​កុម្ភៈ។ លោក​ Maina Kiai បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា “ចលនា​តវ៉ា​ក្រោយ​​​ការ​​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​​ គឺ​មាន​លក្ខ​ណៈ​​គួរ​ឲ្យ​កត់​សម្គាល់​ ទាំង​ទំហំ និង​​ពេល​វេលា​​។ នេះ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំងពី​​​​​សារៈសំខាន់​នៃ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្ដុំគ្នា​ដោយ​សន្តិ​វិធី ហើយ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ជាទីបំផុត​ចំពោះ​ការ​បង្ក្រាប​យ៉ាង​សាហាវ​របស់​អាជ្ញាធរ​​ក្នុង​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយនេះ​”។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​លើក​ឡើង​កាលពីម្សិល​មិញ​ថា ក្រសួង​មហាផ្ទៃ​កំពុង​តាម​ដាន​ស្ថាន​ភាព​នយោបាយ​ ហើយ​នឹង​បន្តធ្វើការ​សម្រេច​ថា តើ​ក្រុម​ណាមួយ​ដែល​អាច​អនុញ្ញាត​​ឲ្យ​ធ្វើ​​​ការ​​ប្រមូល​ផ្ដុំ និង​ធ្វើ​បាតុកម្មបាន​។ លោក​ ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា “ពាក់​ព័ន្ធ​នឹង​បញ្ហា​ [ប្រមូល​ផ្ដុំគ្នា​ដោយ​សន្តិវិធី​] ហ្នឹង​យើង​ត្រូវ​​ឲ្យ​ច្បាប់​និង​សណ្ដាប់​​ធ្នាប់​ សុខ​សន្តិ​ភាព​…​និង​ភាព​ស្ងប់​ស្ងាត់​វិល​មក​ភាព​​ប្រក្រតី​វិញ​សិន​ រួច​ទើប​យើង​អនុ​ញ្ញាត​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​ដោយ​សន្តិវិធី​វិញ​បាន​”។

លោក ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធ​​​ហត្ថ​​​ បាន​អះអាង​កាល​ពីខែ​មករា​ថា សិទ្ធិសេរី​ភាពក្នុងការ​ធ្វើ​បាតុកម្ម​ នឹង​មិន​​ត្រូវ​បាន​ផ្ដល់​ឲ្យ​វិញ​ទេ​រហូត​ទាល់​តែ​សមាជិក​សភា​គណ​បក្ស​ប្រឆាំង​បញ្ឈប់​ការ​ធ្វើ​ពហិការ​សភា​​តាម​រយៈការ​ទទួល​យក​អាសនៈ​សភា​ទាំង​៥៥​របស់ខ្លួន​។

លោក​ ផៃ ស៊ីផាន បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា បម្រាម​នេះ​គឺ​មិន​​អនុវត្ត​ដោយ​ស្មើ​ភាព​គ្នា​ទេ​ ដោយ​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា អង្គការ​ខ្លះ​នៅ​តែ​មាន​សិទ្ធិ​ធ្វើ​ [បាតុ​កម្ម​] ប៉ុន្តែ​…​មិន​មែនគណបក្ស​សង្គ្រោះ​ជាតិ ឬ​អង្គ​ការ​ពាក​់ព័ន្ធ​ផ្សេង​ៗ​ទៀតឡើយ​៕ សេរីវុធ

Exit mobile version