អ្នកភូមិមួយក្រុមមានគ្នាប្រាំបីនាក់មកពីខេត្តស្ទឹងត្រែងនិងខេត្តរតនគិរីដែលប្រឈមនឹងការបណ្តេញចេញដើម្បីយកកន្លែងសាងសង់ទំនប់សេសានក្រោម២នោះកាលពីម្សិលមិញបានដាក់ញត្តិទៅស្ថានទូតចិន និងក្រសួងបីទៀតទាមទារឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ទំនប់នេះធ្វើការចរចាជាមួយពួកគាត់។
លោក ពុធ ខឿន តំណាងមកពីឃុំស្រែគ ស្រុកសេសាន មានប្រសាសន៍បន្ទាប់ពីអ្នកភូមិបានប្រគល់ញត្តិទៅក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងក្រសួងបរិស្ថាន ព្រមទាំងឯកអគ្គរដ្ឋទូតចិន ស្នើឲ្យមានវេទិកាសាធារណៈជាមួយក្រុមហ៊ុនអភិវឌ្ឍន៍នេះដើម្បីពិភាក្សាព័ត៌មានលម្អិតអំពីគម្រោងនេះថា “គ្រួសារដែលរងផលប៉ះពាល់មិនដែលបានពិគ្រោះយោបល់អំពីការសាងសង់ទំនប់នេះទេ បើទោះជាពួកយើងនឹងត្រូវបាត់បង់អ្វីៗគ្រប់យ៉ាងក៏ដោយ”។
ទំនប់សេសានក្រោម២ដែលមានកម្លាំង៤០០មេហ្គាវ៉ាត់សាងសង់ដោយក្រុមហ៊ុន Hydropower Lower Sesan 2 ជាក្រុមហ៊ុនរកស៊ីរួមគ្នារវាងក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន Hydrolancang International Energy Co. Ltd., ជាក្រុមហ៊ុនចិននោះគ្រោងបណ្តេញ អ្នកភូមិប្រហែល៥.០០០នាក់ដែលរស់នៅជុំវិញតំបន់នោះចេញ។
សកម្មភាពកាលពីម្សិលមិញនេះកើតឡើងបន្ទាប់ពីការផ្សព្វផ្សាយឯកសារចំនួនពីរនិយាយលម្អិតពីផែនការផ្តល់សំណងនិងផែនការតាំងទីលំនៅថ្មី ស្តីពី “យន្តការ និងនីតិវិធីនៃការផ្តល់សំណង” និង “គោលនយោ បាយតាំងទីលំនៅថ្មីនៃទំនប់សេសានក្រោម២” ក្នុងខេត្តស្ទឹងត្រែងចុះថ្ងៃទី១៧ខែមករា និងចុះហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។
ច្បាប់ចម្លងនៃឯកសារស្ដីពីការផ្តល់សំណងមានខ្លឹមសារថា ក្រុមហ៊ុនអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនេះបានយល់ព្រមផ្តល់សំណងដល់អ្នកភូមិសម្រាប់ដើមឈើហូបផ្លែរបស់ពួកគាត់ ដោយមានសំណងចាប់ពី២ដុល្លារដល់៤៤ដុល្លារអាស្រ័យលើប្រភេទដើមឈើ។
ក្រុមហ៊ុនអភិវឌ្ឍន៍នេះ ក៏បានយល់ព្រមផ្តល់សំណងដល់វត្តអារាមចំនួនបីនៅក្នុងតំបន់នោះផងដែរ ប្រសិនបើចាំបាច់ត្រូវវាយកម្ទេចចោលទាំងស្រុងនោះ។ ប៉ុន្តែ ក្រុមអ្នកភូមិដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញបាននិយាយថា ពួកគាត់ព្រួយបារម្ភពីកន្លែងតាំងទីលំនៅថ្មីនោះថាស្ថិតក្នុងតំបន់គ្មានជីជាតិ ហើយថា កន្លែងកប់សពដូនតារបស់ពួកគាត់ប្រហែលជាត្រូវឈូសបំផ្លាញដោយមិនមានការផ្តល់សំណង។
លោក ពុធ ខឿន មានប្រសាសន៍ថា “ កន្លែងតាំងទីលំនៅថ្មីនោះស្ថិតនៅប្រហែល៣គីឡូម៉ែត្រពីទន្លេសេសានដែលដីនៅកន្លែងនោះសុទ្ធតែថ្ម និងគ្មានជីជាតិមិនអាចធ្វើស្រែចម្ការបានឡើយ”។ លោកបានបន្ថែមថា អ្នកភូមិក្នុងមូលដ្ឋានអាក់អន់ចិត្តត្រង់ថា ពួកគាត់នឹងមិនទទួលបានសំណងសម្រាប់កន្លែងកប់សពដែលនឹងត្រូវជន់លិចដោយសារទំនប់នេះ។
លោក ទួន តាំង មេឃុំភ្លុក បានមានប្រសាសន៍ថា អ្នកភូមិ១៦គ្រួសារបានទទួលយកសំណងចាប់ពី៨.០០០ដុល្លារដល់២០.០០០ដុល្លារសម្រាប់ផ្ទះសំបែងនិងដីធ្លីរបស់ពួកគាត់ដោយមិនចង់ទៅរស់នៅកន្លែងតាំងលំនៅថ្មីនោះ។ លោកបានមានប្រសាសន៍ថា “គ្រួសារដែលរងផលប៉ះពាល់ត្រូវបានផ្តល់សំណងហើយ ខ្ញុំគិតថា វាគ្រប់គ្រាន់សម្រាប់ពួកគាត់ហើយ។ ការសាងសង់ទំនប់គឺជារឿងល្អដែលនឹងជួយអភិវឌ្ឍសហគមន៍ និងបង្កើតការងារបន្ថែមទៀត”។
លោកបានបន្ថែមថា ការសាងសង់ទំនប់នឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ ដោយកត់សម្គាល់ថា ការសាងសង់កន្លែងសម្រាប់កម្មករស្នាក់នៅបានចាប់ផ្តើមរួចហើយ ហើយគ្រឿងចក្រក៏បានបញ្ជូនទៅដល់ទីកន្លែងនោះហើយដែរ៕ សារុន