ករណីគ្រោះថ្នាក់ចរាចរណ៍តូចតាចមួយដែលបង្កឲ្យមានជម្លោះនឹងគ្នា បានឈានទៅដល់ការព្រួតវាយសម្លាប់មនុស្សម្នាក់នៅក្នុងខណ្ឌមានជ័យ រាជធា នីភ្នំពេញ កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីមានអ្នកស្រែកពាក្យរើសអើងពូជសាសន៍ថា “យួន”។
វាគឺជាពាក្យដែលគ្មាននរណាម្នាក់ក្នុងចំណោមអ្នកឃើញការស្លាប់របស់បុរសជនជាតិវៀតណាម ឈ្មោះ ង្វៀន យ៉ាងង៉ុក ចង់និយាយនោះទេ កាលពីម្សិលមិញ ប៉ុន្តែវាជាពាក្យមួយដែលប្រពន្ធរបស់ជនរងគ្រោះមិនអាចបំភ្លេចបាន។
ស្ត្រីមានផ្ទៃពោះ៨ខែ វ័យ២៦ឆ្នាំរូបនេះបាននិយាយពីក្រោមផ្ទះឈើតូចនៅច្រាំងទន្លេបាសាក់ក្នុងសង្កាត់ចាក់អង្រែលើ ថា “ខ្ញុំមិនជឿថា ប្ដីរបស់ខ្ញុំត្រូវគេសម្លាប់ដោយសារតែពាក្យនេះទេ។ គាត់កើតនៅខ្មែរ គាត់រស់នៅខ្មែរមួយជីវិតទៅហើយ។ គាត់មានប្រពន្ធខ្មែរ ហើយមិនយូរប៉ុន្មានទេគាត់នឹងមានកូនខ្មែរ ប៉ុន្តែគាត់បែរជាត្រូវគេសម្លាប់ដោយសារតែគាត់ជាជនជាតិវៀតណាមទៅវិញ?”។
កាលពីយប់ថ្ងៃសៅរ៍ ង្វៀន យ៉ាងង៉ុក អាយុ២៨ឆ្នាំបានស្ថិតនៅផ្ទះរបស់ខ្លួនក្នុងភូមិទួលរកា ជាសហគមន៍មួយដែលមានជនជាតិវៀតណាមរស់នៅភាគច្រើននៅតាមបណ្ដោយច្រាំងទន្លេបាសាក់ និងវត្តចាក់អង្រែលើ ប៉ុន្តែបុរសរូបនេះបានចាកចេញពីផ្ទះនៅយប់ដដែលនោះ ក្រោយពីទទួលទូរស័ព្ទរបស់អ្នកជិតខាងម្នាក់ ដែលនិយាយថា រូបគេត្រូវរថយន្តបើកកៀរ ខណៈពេលខ្លួនកំពុងបើកបរម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២។
នៅពេល ង្វៀន យ៉ាងង៉ុក និងមិត្តភក្តិមួយក្រុមមានគ្នាប្រាំបីនាក់បានទៅដល់កន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ ដែលស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម រថយន្តនោះបានបើកចេញបាត់ទៅហើយ ហើយអ្នកជិតខាងម្នាក់នោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ ប៉ុន្តែម៉ូតូរបស់គាត់បានរាំងច្រកចូលផ្លូវឌឿងហែមមួយ។
លោក គង់ សំណាង ម្ចាស់ហាងខារ៉ាអូខេមួយដែលមានតែមួយបន្ទប់នៅច្រកផ្លូវឌឿងហែមនេះ ដែលបានឃើញហេតុការណ៍មនុស្សព្រួតវាយសម្លាប់បុរសរងគ្រោះនេះកាលពីយប់ថ្ងៃសៅរ៍ បាននិយាយថា “[ង្វៀន យ៉ាងង៉ុក] បានឈ្លោះប្រកែកគ្នាជាមួយបុរសម្នាក់និងកូនប្រុសរបស់បុរសនោះ ដោយសារតែពួកគេបើកម៉ូតូចូលមិនកើត។ ពេលនោះរូបគេបានវាយបុរសជាឪពុកនិងកូនប្រុសនោះ ហើយពេលនោះក៏មានមនុស្សមួយក្រុមធំព័ទ្ធជុំជិត”។
គាត់បាននិយាយទៀតថា គាត់មិនបានឮនរណាម្នាក់ប្រើពាក្យ “យួន” នោះទេ។ ទោះជាយ៉ាងណា លោក ហួត វណ្ណា នាយរងប៉ុស្ដិ៍បានមានប្រសាសន៍ថា បុរសម្នាក់ឈ្មោះ វ៉ុន ចាន់វុត្ថា អាយុ៥០ឆ្នាំដែលជាអ្នកឈរមើលហេតុការណ៍នោះ បានញុះញង់ឲ្យមានការព្រួតវាយសម្លាប់នេះ ដោយសារតែស្រែកពាក្យថា “យួន” ហើយក៏ត្រូវបានចាប់ខ្លួនតាមក្រោយ។
លោក ហួត វណ្ណា បានមានប្រសាសន៍ថា “នៅពេលបុរសម្នាក់ស្រែកថា ‘យួនវ៉ៃខ្មែរ’ ហើយមនុស្សកាន់តែច្រើនបានផ្ទុះកំហឹង នេះគឺជាបញ្ហា។ យើងកំពុងស៊ើបអង្កេតបន្ថែមទៀត ហើយលោក ចាន់ វុត្ថា នឹងត្រូវប្រឈមចំពោះមុខច្បាប់”។
សាក្សីនិយាយថា ជាដំបូង ង្វៀន យ៉ាងង៉ុក បានត្រូវកណ្ដាប់ដៃចំក្បាល។ ពេលនោះ ង្វៀន យ៉ាងង៉ុក បានព្យាយាមរត់ភៀសខ្លួន ប៉ុន្តែត្រូវបានគេវាយឲ្យដួលទៅនឹងដី។
អ្នកស្រី លៀង ហ៊ី អាយុ៣០ឆ្នាំជាអ្នកលក់ភេសជ្ជៈនិងផ្លែឈើនៅខាងក្រៅស្ដង់តូចមួយតាមច្រកឌឿងហែម កន្លែងដែល ង្វៀង យ៉ាងង៉ុក បានបាត់បង់ជីវិត និយាយថា “ពួកគេវាយដំគាត់១០នាទី ប្រហែល១៥នាទី។ ពួកគេវាយដំគាត់យ៉ាងខ្លាំង ដាល់ផងធាក់ផង ចំមុខនិងក្បាលរបស់គាត់”។
សាក្សីនិយាយថា ទោះជាយ៉ាងណា ង្វៀន យ៉ាងង៉ុក បានក្រោកឈរឡើង រួចហើយបានព្យាយាមរត់បន្តទៅទៀតតាមច្រកឌឿងហែមនេះមុនពេលដួលនៅមុខស្ដង់របស់អ្នកស្រី លៀង ហ៊ី។
អ្នកស្រី លៀង ហ៊ី និយាយថា “គាត់ស្រែកលែងរួច រត់ទៅមុខក៏លែងរួច ហើយគាត់ក៏ដួលទៅនឹងដីស្លាប់តែម្ដង ពួកគេមិនបានវាយដំគាត់ទៀតទេ”។
នៅច្រកឌឿងហែម កន្លែងដែល ង្វៀន យ៉ាងង៉ុក ត្រូវគេសម្លាប់ អ្នកស្រី លៀង ហ៊ី ក៏ដូចជាប្រជាពលរដ្ឋភាគច្រើនដែលរស់នៅច្រកឌឿងហែមនេះដែរមិនបានលើកឡើងថា នេះគឺជាការសម្លាប់ដោយសារការរើសអើងជាតិសាសន៍នោះទេ។
អ្នកស្រីនិយាយថា “ពួកគេមិនបានសម្លាប់គាត់ដោយសារតែគាត់ជាជនជាតិវៀតណាមនោះទេ។ មានមនុស្សយ៉ាងច្រើនដេញតាមវាយគាត់ ពួកគេមិនដឹងថា គាត់ជាខ្មែរ ឬក៏ជាវៀតណាមនោះទេ”។
គណបក្សសង្គ្រោះជាតិបានធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការចាប់អារម្មណ៍ចំពោះពាក្យថា “យួន” នៅមុនការបោះឆ្នោតជាតិកាលពីឆ្នាំមុន ដោយលោក សម រង្ស៊ី ប្រធានគណបក្សនេះសន្យាថា នឹង “បណ្ដេញយួនចេញ” ដែលជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីនយោបាយរបស់លោក។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាស្ថិតនៅក្រោមបង្គាប់រដ្ឋាភិបាលវៀតណាម ហើយធ្វើជាមើលមិនឃើញចំពោះជនជាតិវៀតណាមដែលធ្វើអន្តោប្រវេសន៍ខុសច្បាប់ចូលមកប្រទេសកម្ពុជា។
កាលពីយប់មិញ គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះ “ការសម្លាប់ ង្វៀន យ៉ាងង៉ុក យ៉ាងសាហាវព្រៃផ្សៃនៅតាមផ្លូវនេះ” ប៉ុន្តែលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលធ្លាប់បានរិះគន់លោក សម រង្ស៊ី ខ្លាំងៗជាសាធារណៈ ដោយសារតែលោកបានប្រើប្រាស់ពាក្យថា យួននោះ បានមានប្រសាសន៍ថា ករណីនេះមិនគួរភ្ជាប់ទៅរឿងនយោបាយឡើយ។
លោកថ្លែងថា “គណបក្សប្រឆាំងបានលេងសន្លឹកបៀយួនញឹកញាប់ណាស់ ប៉ុន្តែអារម្មណ៍អវិជ្ជមានរបស់ប្រជាពលរដ្ឋកម្ពុជាមួយចំនួន គឺមានជាទូទៅ។ រឿងនេះមិនគួរភ្ជាប់ទៅនឹងគណបក្សនយោបាយណាមួយឡើយ។ ប៉ុន្តែករណីនេះបង្ហាញថា ការប្រើប្រាស់ពាក្យនេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់”។
នៅឯផ្ទះរបស់ ង្វៀន យ៉ាងង៉ុក ក្នុងភូមិទួលរកា កាលពីម្សិលមិញ បងប្អូនថ្លៃរបស់ខ្លួនឈ្មោះ ថាយ ហូយិន ដែលកំពុងលេងបៀនិងផឹកស្រាបៀរក្រោយពីពិធីបុណ្យសព មិនបាននិយាយអ្វីទេពេលគេសាកសួរអំពីការប្រើប្រាស់ពាក្យថា “យួន”។
បុរសរូបនេះនិយាយថា “យើងគ្រាន់តែជាកម្មករធម្មតា ធ្វើការដើម្បីចម្អែតក្រពះ។ យើងមិនយល់ពីរដ្ឋាភិបាលនិងនយោបាយទេពាក់ព័ន្ធនឹងពាក្យនេះ យើងមិនខ្វល់ទេ។ ប៉ុន្តែរឿងនេះគួរឲ្យភ័យខ្លាចណាស់”៕សុខុម