យោងតាមប្រធានខុទ្ទកាល័យរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានឲ្យដឹងថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលធ្លាប់ជានាយករដ្ឋមន្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានការបោះឆ្នោតគាំទ្រដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣នោះ នឹងបង្កើតគណបក្សថ្មីមួយ និងចូលប្រឡូកក្នុងឆាកនយោបាយវិញ។
លោក នរ៉ាណឫទ្ធិ អានន្ទដាយ៉ាត ប្រធានខុទ្ទកាល័យរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ បានមានប្រសាសន៍ថា “ព្រះអង្គគ្រោងនឹងបង្កើត គណបក្សថ្មីមួយ”។
លោកបានឲ្យដឹងថា គណបក្សនេះនឹងមានឈ្មោះថា សហគមន៍នៃគណបក្សអ្នករាជានិយម។ លោកបន្ថែមថា ព្រះអង្គម្ចាស់ រណឫទ្ធិ ព្រះជន្ម៧០វស្សា មានបំណងចូលប្រឡូកក្នុងនយោបាយវិញ ដោយសារ “បញ្ហាជាច្រើន” រវាងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីក្នុងខែកក្កដា។
លោក នរ៉ាណឫទ្ធិ អានន្ទដាយ៉ាត បានមានប្រសាសន៍ថា “[ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ] មានមូលហេតុច្រើនណាស់ដែលជំរុញឲ្យព្រះអង្គបង្កើតគណបក្សនេះ”។
បន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីទី១កាលពីឆ្នាំ១៩៩៧ អំឡុងការវាយប្រហារគ្នាជាមួយកងកម្លាំងដែលស្មោះស្ម័គ្រនឹងនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានជួបការលំបាកក្នុងការរក្សាកម្លាំងនយោបាយរបស់ព្រះអង្គ។
ព្រះបានចាកចេញពីតំណែងជាប្រធានគណបក្សហ៊្វុនស៊ីនប៉ិច កាលពីឆ្នាំ២០០៦ ហើយបានបន្តបង្កើតគណបក្សនរោត្តម រណឫទ្ធិ ដែលទទួលបានពីរអាសនៈនៅក្នុងរដ្ឋសភាអំឡុងព្រឹតិ្តការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០០៨។
គណបក្ស នរោត្តម រណឫទ្ធិ បានឈប់ធ្វើសកម្មភាពមុនព្រឹតិ្តការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រលើកចុងក្រោយ។ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បច្ចុប្បន្នកំពុងបំពេញតួនាទីជាទីប្រឹក្សារបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា៕ប៊ុននី