អាជ្ញាធរក្រុងភ្នំពេញ បានបិទទីលានប្រជាធិបតេយ្យ និងបានរារាំងមិនឲ្យសកម្មជនសិទ្ធិដីធ្លីហែក្បួនកាលពីព្រឹកថ្ងៃសៅរ៍ ដើម្បីទប់ស្កាត់កុំឲ្យមានការជួបជុំគ្នាដោយអហិង្សាដូចដែលបានគ្រោងទុកនៅទិវាសិទ្ធិនារីអន្តរជាតិ។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញថា លោកបានផ្ដល់សិទ្ធិជួបជុំគ្នាស្របតាមរដ្ឋធម្មនុញ្ញវិញហើយ ដោយកែប្រែបម្រាមមិនឲ្យធ្វើបាតុកម្មដែលក្រសួងមហាផ្ទៃបានចេញ កាលពីថ្ងៃទី៤ ខែមករា ប៉ុន្តែអាជ្ញាធរនៅតែបង្ក្រាបបាតុកម្មដែលរិះគន់រដ្ឋាភិបាល និងជួនកាលបង្ក្រាបដោយហិង្សាទៀតផង។
នៅម៉ោងប្រហែល៧ព្រឹកថ្ងៃសៅរ៍ នគរបាលចាប់ផ្ដើមដាក់រនាំងដែកកម្ពស់ពីរម៉ែត្របិទទីលានប្រជាធិបតេយ្យពីខាងកើត និងខាងលិច និងបិទផ្លូវចូលទីលានប្រជាធិបតេយ្យពីខាងជើង និងខាងត្បូង។
នៅមុនម៉ោង៨ព្រឹកបន្តិច សន្តិសុខខណ្ឌដូនពេញ ជាបុរសពាក់មួកសុវត្ថិភាពពណ៌ខ្មៅដែលបង្ហាញពីការមិនអត់ឱនរបស់រដ្ឋាភិបាលចំពោះការជួបជុំគ្នាជាសាធារណៈនោះ បានចាប់ផ្ដើមដេញអ្នកកាសែត និងអ្នកសង្កេតការណ៍សិទ្ធិមនុស្សដែលបានជួបជុំគ្នានៅជិតនោះ ឲ្យចេញពីសួននេះ។
មន្ត្រីក្រុងម្នាក់ដែលស្រែកតាមឧបករណ៍បំពងសំឡេងពីលើរថយន្តនគរបាលបានជំរុញប្រជាពលរដ្ឋមិនឲ្យសាកល្បងកម្លាំងអាជ្ញាធរនៅថ្ងៃឈប់សម្រាក។
បុរសរូបនោះបាននិយាយថា “បងប្អូនគួរនាំប្រពន្ធកូនទៅកម្សាន្តនៅកន្លែងផ្សេងវិញ កុំមកទីនេះអី។ ប្រសិនបើបងប្អូនមិនស្ដាប់ទេ យើងនឹងចាត់វិធានការ”។
មន្ត្រីនេះបានបន្តទៀតថា “នេះគឺជាទិវាសិទ្ធិនារីអន្តរជាតិ មិនមែនតែប្រជាពលរដ្ឋទេដែលត្រូវការសម្រាក ប៉ុន្តែអាជ្ញាធរក៏ត្រូវការសម្រាកដែរ ប៉ុន្តែបងប្អូនមិនប្រើខួរក្បាលទេ ហើយបានមកបង្កភាពអនាធិបតេយ្យ”។ លោកបន្ថែមថា “យើងមិនរំលោភសិទ្ធិបងប្អូនទេ ប៉ុន្តែបងប្អូនរំលោភសិទ្ធិយើង”។
ប៉ុន្មាននាទីក្រោយមកដោយមានកម្មកររោងចក្រកាត់ដេរជាច្រើននាក់ប្រមូលផ្ដុំគ្នានៅជិតស្ពាននាគតាមមហាវិថីព្រះនរោត្តមនោះ សន្តិសុខខណ្ឌបានឡោមព័ទ្ធអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ជាសហជីពមួយក្នុងចំណោមសហជីពដែលរៀបចំវេទិកា នៅទីលានប្រជាធិបតេយ្យ។
អ្នកស្រី សុភ័ណ្ឌ បានប្រាប់សន្តិសុខថា ពួកគេកំពុងបំពានច្បាប់ចំពោះការរារាំងសិទ្ធិជួបជុំគ្នារបស់ប្រជាពលរដ្ឋ។ អ្នកស្រី សុភ័ណ្ឌ បានមានប្រសាសន៍ទៅកាន់បុរសពាក់មួកសុវត្ថិភាពពណ៌ខ្មៅទាំងនោះថា “លោកមិនអាចបំពានច្បាប់បានទេ។ឥឡូវនេះទីលានប្រជាធិបតេយ្យបានក្លាយជាសមរភូមិរបស់អ្នកមានអំណាច។
អ្នកស្រី សុភ័ណ្ឌ បានប្រាប់សន្តិសុខទាំងនោះថា យើងត្រូវក្រោកឈររួបរួមគ្នា ដើម្បីឲ្យមានការដោះលែងមនុស្សទាំង២១នាក់ ហើយយើងចង់ឲ្យកម្មកររបស់យើងទទួលបានប្រាក់ខែគោល១៦០ដុល្លារ ដូច្នេះយើងតស៊ូជាមួយគ្នា”។
បន្ទាប់មកសន្តិសុខខណ្ឌបានចាប់ផ្ដើមរុញអ្នកស្រី សុភ័ណ្ឌ និងសហការីមួយក្រុមតូចឲ្យចេញពីចិញ្ចើមផ្លូវទៅលើមហាវិថីព្រះនរោត្តម និងបានដេញតាមបុរសម្នាក់ទៀត ហើយសន្តិសុខម្នាក់បានគប់ដំបងរបស់គាត់ចំខ្នងបុរសនោះ ប៉ុន្តែសន្តិសុខខណ្ឌបានដកចេញវិញភ្លាមៗ ហើយបានស្ថិតនៅជាមួយនគរបាលនៅក្នុងទីលានប្រជាធិបតេយ្យ។
លោក អុឹម វុត្ថា ប្រធានសន្តិសុខខណ្ឌដូនពេញ បាននិយាយថា គាត់គ្រាន់តែបំពេញការងាររបស់គាត់ប៉ុណ្ណោះ។ លោកនិយាយថា “បងប្អូនមិនអាចឈរនៅទីនេះទេ”។
មាននគរបាលបង្ក្រាបបាតុកម្មរាប់រយនាក់កំពុងហាត់សមនៅចុងខាងលិចនៃទីលាននេះពេញមួយព្រឹក និងមានកងរាជអាវុធហត្ថរាប់រយនាក់នៅជិតស្ថានីយរថភ្លើង ក្រោយមកអ្នកតវ៉ាពី៣០០ទៅ៤០០នាក់បានទៅចូលរួមវេទិកានោះ ដែលអ្នករៀបចំបាននិយាយថា មានកម្មករចូលរួមប្រហែល៣០.០០០នាក់។
ទាំងសាលារាជធានី និងក្រសួងមហាផ្ទៃបាននិយាយថា មិនអនុញ្ញាតឲ្យរៀបចំវេទិកានេះទេ ព្រោះវាពាក់ព័ន្ធនឹងរឿងនយោបាយ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
ពេញមួយព្រឹកនោះ មេដឹកនាំសហជីពនានារួមទាំងលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានឈរនៅលើជើងម៉ានៅក្នុងទីលាននេះដើម្បីថ្លែងទៅកាន់ក្រុមអ្នកចូលរួមដែលមានចំនួនប្រហែលគ្នានិងចំនួនអ្នកតវ៉ាដែលជាសមាជិកអង្គការសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយ។
ថ្នាក់ដឹកនាំសហជីពបានបង្ហាញពីការទាមទាររបស់ខ្លួននៅក្នុងការធ្វើកូដកម្មដែលគ្រោងធ្វើនៅពាក់កណ្ដាលសប្ដាហ៍នេះ គឺប្រាក់ខែគោល១៦០ដុល្លារ ការដោះលែងអ្នកតវ៉ាទាំង២១នាក់ដែលបានជាប់ពន្ធនាគារបន្ទាប់ពីមានការបង្ក្រាបដោយហិង្សាទៅលើការធ្វើបាតុកម្មរបស់កម្មកររោងចក្រកាត់ដេរកាលពីខែមករា ការផ្ដន្ទាទោសមន្ត្រីកងរាជអាវុធហត្ថដែលបានបាញ់សម្លាប់កម្មករប្រាំនាក់ និងធ្វើឲ្យពួកគេរងរបួសជាង៤០នាក់ទៀត និងការបញ្ចប់ការគំរាមប្ដឹងថ្នាក់ដឹកនាំសហជីព។
លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងបានឈប់មួយភ្លែតនៅតាមមហាវិថីព្រះនរោត្តម ដើម្បីបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះកម្មករមុនពេលឡើងជិះរថយន្តម៉ាកទំនើបពណ៌សមួយគ្រឿងចេញទៅ។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា មានមនុស្សតិចចូលរួមវេទិកានេះគឺដោយសារមានវត្តមាននគរបាលច្រើននៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃសៅរ៍ និងដាក់កន្លែងត្រួតពិនិត្យជាច្រើនកន្លែងនៅទូទាំងទីក្រុង ហើយរថយន្តនិងម៉ូតូរ៉ឺម៉កកង់បីដែលដឹកមនុស្សពេញៗមិនអនុញ្ញាតឲ្យឆ្លងកាត់ទេ ប្រសិនបើគ្មានការចុះបញ្ជីត្រឹមត្រូវ។
សកម្មជនសិទ្ធិដីធ្លីមួយក្រុម រួមទាំងព្រះសង្ឃ អតីតប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ និងបុរីកីឡា ក៏ត្រូវបានរារាំងមិនឲ្យហែក្បូនទៅកាន់ក្រសួងកិច្ចការនារី ដើម្បីដាក់ញត្តិស្នើសុំឲ្យរដ្ឋាភិបាលឈប់ប្រើអំពើហិង្សាលើស្ត្រី ហើយបង្កើនការខំប្រឹងប្រែងរបស់ខ្លួនដើម្បីការពារស្ត្រីពីការរំលោភបំពាន។
បន្ទាប់ពីការប្រឈមុខដាក់គ្នាអស់រយៈពេលប្រហែល១ម៉ោងជាមួយនគរបាលនៅតាមចិញ្ចើមផ្លូវមួយជិតមន្ទីរពេទ្យកាល់ម៉ែត ក្រុមនេះបានសម្រេចត្រឡប់ទៅសហគមន៍របស់ ពួកគេវិញ ហើយបានប្រគល់ញត្តិរបស់ខ្លួនទៅឲ្យតំណាងសាលារាជធានីម្នាក់ដើម្បីប្រគល់ទៅឲ្យក្រសួងកិច្ចការនារី។
នៅពេលរសៀល ការប្រគំតន្ត្រីដែលមានតារាល្បីៗចូលរួមរបស់ក្រសួងកិច្ចការនារីនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ជាកន្លែងដែលនគរបាលរាប់រយនាក់បានហាត់សមកាលពីថ្ងៃព្រហស្បតិ៍ ដោយសង្ឃឹមថា អាចមានការបង្ក្រាបដោយហិង្សាទៅលើវេទិការបស់សហជីពកាលពីថ្ងៃសៅរ៍ ដែលមិនបានដំណើរការ៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ Colin Meyn)