សហជីពកម្មកររោងចក្រកាត់ដេរភាគច្រើនដែលរៀបចំធ្វើកូដកម្មស្នាក់នៅផ្ទះនៅទូទាំងប្រទេសជាមួយសមាជិករបស់ខ្លួនដែលគ្រោងចាប់ផ្តើមនៅថ្ងៃនេះបានសម្រេចពន្យារពេលផែនការរបស់ខ្លួនរហូតដល់ខែក្រោយ បន្ទាប់ពីមានកិច្ចប្រជុំរបស់មេដឹកនាំសហជីព កាលពីម្សិលមិញ។
មានតែសហជីពពីរប៉ុណ្ណោះក្នុងចំណោមសហជីពដែលបានគ្រោងធ្វើកូដកម្មទាំងប្រាំបីនឹងបន្តធ្វើកូដកម្មទាមទារប្រាក់ខែគោល១៦០ដុល្លារ រីឯសហជីពប្រាំមួយទៀតបានសម្រេចពន្យារ ពេលការធ្វើកូដកម្មនេះរហូតដល់ក្រោយបុណ្យចូលឆ្នាំខ្មែរ។បុណ្យចូលឆ្នាំខ្មែរចាប់ផ្តើមនៅថ្ងៃទី១៤ ខែមេសា។ សហជីពទាំងប្រាំបីដែលគាំទ្រការធ្វើកូដកម្មនេះក៏មានការខ្វែងគំនិតគ្នាដែរថា តើពួកគេនឹងស្នាក់នៅផ្ទះ ឬអត់នៅថ្ងៃនេះ។
សហជីពដែលបានសម្រេចផ្អាកធ្វើកូដកម្ម រួមទាំងសម័្ពន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (សីុខៅឌូ) ជាសហជីពឯករាជ្យធំជាងគេនៅកម្ពុជា និងសហជីពសេរីកម្មករដ៏មានឥទ្ធិពលដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំងផងដែរ។
លោក អាត់ ធន់ ប្រធានសហជីពសីុខៅឌូ បានទទួលស្គាល់ថា ប្រសិនបើលោកនៅតែបន្តធ្វើកូដកម្មនេះ សមាជិករបស់លោកតិចតួចណាស់នឹងទៅចូលរួម។ លោក អាត់ ធន់ បានមានប្រសាសន៍ថា “យើងធ្វើតាមសំណើរបស់សមាជិកយើង ហើយប្រសិនបើយើងបន្តធ្វើកូដកម្មនេះមានកម្មករចូលរួមតិចតួចប៉ុណ្ណោះ”។ លោកបានបន្ថែមថា សហជីពសីុខៅឌូ នឹងប្រាប់ឲ្យកម្មករស្នាក់នៅផ្ទះមួយសប្តាហ៍ជំនួសវិញ បន្ទាប់ពីើបុណ្យចូលឆ្នាំខ្មែរ។
លោកមានប្រសាសន៍ថា “ក្រោយបុណ្យ ចូលឆ្នាំខ្មែរ កម្មករនឹងស្នាក់នៅផ្ទះ មិនមកធ្វើការទេរហូតដល់ថ្ងៃទី២៣ ខែមេសា”។ លោក អាត់ ធន់ បានមានប្រសាសន៍ថា “យើងចង់ផ្តល់ឱកាសដល់រដ្ឋាភិបាលដើម្បីចរចា និងដោះស្រាយបញ្ហាជាមួយរោងចក្រ ហើយឥឡូវនេះអ្នកទិញកំពុងចរចាជាមួយរដ្ឋាភិបាល”។
ទោះជាយ៉ាងណា អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពមិត្តភាពកម្មករ និងលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានមានប្រសាសន៍ថា ពួកគាត់នឹងធ្វើកូដកម្មនេះដូចការគ្រោងទុក។
អ្នកស្រី សុភ័ណ្ឌ បានមានប្រសាសន៍ថា “គ្មានហេតុផលត្រូវពន្យារពេលការធ្វើកូដកម្មនេះទេ។ អ្នកស្រីមានការសោកស្តាយដែលសហជីពប្រាំមួយទៀតបានសម្រេចពន្យារពេល។ យើងបានជួបជាមួយកម្មកររបស់យើង ហើយពួកគេទាំងអស់យល់ព្រមតាមផែនការរបស់យើង”។
អ្នកស្រី សុភ័ណ្ឌ បានមានប្រសាសន៍ថា សមាជិកមួយចំនួនរបស់អ្នកស្រីនឹងស្នាក់នៅផ្ទះនៅថ្ងៃនេះ អ្នកផ្សេងទៀតនឹងជួបជុំគ្នានៅមុខរោងចក្រដើម្បីបញ្ចេញមតិគាំទ្រកូដកម្មនេះ រីឯសមាជិកផ្សេងទៀតចូលរោងចក្រ ប៉ុន្តែ មិនធ្វើការទេ។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាដែលតំណាងឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រស្បែកជើងជាង៤០០រោងចក្របានមានប្រសាសន៍ថា លោកមិនខ្វល់ចំពោះការគំរាមធ្វើកូដកម្មនេះទេ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំទន្ទឹងរង់ចាំមើលកូដកម្មស្នាក់នៅផ្ទះនេះពីព្រោះវានឹងធ្វើឲ្យយើងមើលឃើញយ៉ាងច្បាស់ថា តើមានកម្មករប៉ុន្មាននាក់គាំទ្រការអំពាវនាវនេះ។ ខ្ញុំក៏សន្និដ្ឋានដែរថា ហេតុផលដែលមេដឹកនាំសហជីពធ្វើបែបនេះគឺដោយសារពួកគេដឹងថា ពួកគេកំពុងបាត់បង់ការគាំទ្រ មានកម្មករតិចតួចណាស់គាំទ្រការទាមទាររបស់ពួកគេ”។
ការខ្វែងគំនិតគ្នារបស់សហជីពទាំងនេះកើតមានឡើងចំពេលមានសម្ពាធយ៉ាងខ្លាំងពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងរដ្ឋា ភិបាល ដើម្បីទប់ស្កាត់កូដកម្ម។
ក្នុងរយៈពេលជាងមួួយសប្តាហ៍មកនេះ រដ្ឋាភិបាលប្រកាន់ជំហរមឺុងម៉ាត់ចំពោះការគំរាមធ្វើកូដកម្មរបស់សហជីពទាំងនេះ ដោយកាលពីថ្ងៃទី៤ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសពីគោលនយោបាយមិនអត់ឱនចំពោះទង្វើខុសច្បាប់របស់សហជីព បន្ទាប់ពីមានសេចក្តីសម្រេចរបស់ក្រសួងការងារតម្រូវឲ្យមេដឹកនាំសហជីពបង្ហាញលិខិតថ្កោលទោសមុនពេលចុះបញ្ជីសាខាថ្មី។
កម្មករជាង៥០០នាក់បានទៅចូលរួមវេទិកាគ្រោងទុករបស់សហជីពកាលពីថ្ងៃសៅរ៍ បន្ទាប់ពីសាលារាជធានី និងក្រសួងមហាផ្ទៃបានលើកឡើងថា ពួកគេនឹងមិនអនុញ្ញាតឲ្យធ្វើវេទិកានេះ។មេដឹកនាំសហជីពប៉ាន់ប្រមាណពីដំបូងថា មានកម្មករចូលរួម៣០.០០០នាក់។
ក្នុងរយៈពេលជាងមួយខែមកនេះលោក ហ៊ុន សែន និងសហជីពដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលក៏បានឆ្លើយតបចំពោះការធ្វើកូដកម្មនេះដែរ ដោយបញ្ចុះបញ្ចូលកម្មករមិនឲ្យចូលរួមនៅក្នុងការធ្វើមហាកូដកម្មនេះដែលលោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី ២៥ខែកុម្ភៈថា នឹងធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មនេះ ព្រមទាំងធ្វើឲ្យកម្មករអត់ការងារធ្វើ។
ពេលចុងក្រោយដែលសហជីពបានធ្វើកូដកម្ម គឺនៅចុងខែធ្នូដែលមានកម្មកររាប់មឺុននាក់ចូលរួមការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិដើម្បីទាមទារឲ្យលោក ហ៊ុន សែន លាឈប់ពីតួនាទីជានាយករដ្ឋមន្ត្រី។
កាលពីថ្ងៃទី ៣ ខែមករា កងរាជអាវុធហត្ថ បានបាញ់កាំភ្លើងអាកា-៤៧ទៅលើកម្មករតវ៉ាមួយក្រុមដែលបានគប់ដុំថ្ម និងដបសាំងនៅតាមផ្លូវវេងស្រេង ធ្វើឲ្យកម្មករប្រាំនាក់ស្លាប់ និងរងរបួសយ៉ាងតិច៤០នាក់ទៀត។នៅកន្លែងតវ៉ាអហិង្សាមួយទៀតនៅខាងក្រៅរោងចក្រ យ៉ាកជីន កាលពីថ្ងៃទី២ ខែមករា ទាហានមកពីអង្គភាពឆត្រយោងលេខ៩១១បានបង្ក្រាបបាតុករដោយបានយកដំបងនិងដែកបំពង់ទីបវាយពួកគេ។
ម្ចាស់រោងចក្រប្រហែល១៥០នាក់បានធ្វើពាក្យបណ្តឹងប្តឹងមេដឹកនាំសហជីពដែលបានរៀបចំធ្វើកូដកម្ម និងបាតុកម្មដែលនាំឲ្យមានការបិទទ្វាររោងចក្របណ្តោះអាសន្នរាប់រយរោងចក្រ។
អ្នកតវ៉ាចំនួន២៣នាក់ត្រូវបានចាប់ដាក់ពន្ធនាគារដែលមានសន្តិសុខតឹងរឹុងនៅក្នុង ខេត្តកំពង់ចាម បន្ទាប់ពីមានការបង្ក្រាបបាតុ កម្មកាលពីថ្ងៃទី២ និងទី៣ ខែមករា។មនុស្សពីរនាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ រីឯមនុស្ស២១នាក់ទៀតត្រូវបានបដិសេធចំនួន ពីរដងមិនដោះលែងឲ្យនៅក្រៅឃុំ ហើយកំពុងស្ថិតក្នុងពន្ធនាគារង់ចាំការបើកសវនាការជំនុំជម្រះពីបទញុះញង់ឲ្យមានអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ Colin Meyn)