យោងតាមសកម្មជនប្រឆាំងការបណ្តេញ ដោយបង្ខំបានឲ្យដឹងថា កាលពីម្សិលមិញធនាគារពិភពលោកបានស្នើឲ្យមន្ត្រីសាលារាជធានីភ្នំពេញប្រឹងប្រែងបន្ថែមទៀតដើម្បីជួយដល់ អ្នកភូមិរាប់ពាន់គ្រួសារដែលសាលារាជធានីបានបណ្តេញពីតំបន់បឹងកក់ដើម្បីយកកន្លែង សម្រាប់គម្រោងអចលនទ្រព្យឯកជនរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ហើយឥឡូវនេះកំពុងរង់ចាំការឆ្លើយតប។
តំណាងសហគមន៍ដែលរងការបណ្តេញចេញ១២នាក់បានជួបពិភាក្សាជាមួយលោក Alassane Sow នាយកធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា និងលោក Ulrich Zachau នាយកប្រចាំតំបន់កាលពីរសៀលថ្ងៃម្សិល មិញ ភ្លាមៗបន្ទាប់ពីមន្ត្រីធនាគារពិភពលោកបានជួបប្រជុំជាមួយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
អ្នកភូមិបឹងកក់កំពុងតស៊ូទាមទារប័ណ្ណកម្មសិទ្ធិដីសម្រាប់អ្នកភូមិបឹងកក់ប្រហែល៤០គ្រួសារដែលបានប្រឆាំងការបណ្តេញចេញពីតំបន់នោះ និងទាមទារឲ្យមានការផ្តល់សំណងឲ្យបានប្រសើរជាងមុនសម្រាប់អ្នកភូមិប្រហែល៣.០០០គ្រួសារដែលត្រូវបានបណ្តេញចេញចាប់តាំងពីឆ្នាំ២០០៨ជាថ្នូរនឹងប្រាក់សំណង៨.៥០០ដុល្លារ ឬជម្រើស ផ្សេងជាលំនៅដ្ឋាននៅជាយក្រុង។
អ្នកស្រី ទេព វន្នី តំណាងសហគមន៍ម្នាក់ ក្នុងចំណោមតំណាងសហគមន៍ទាំងនោះបានឲ្យដឹងថា មន្ត្រីធនាគារពិភពលោកបានលើកឡើងពីកង្វល់របស់ពួកគាត់អំឡុងការជួបប្រជុំជាមួយលោកអភិបាលរាជធានី។
អ្នកស្រីបានឲ្យដឹងថា “ពួកគេបានប្រាប់យើងថា ពួកគេបានលើកយកបញ្ហារបស់យើងទៅពិភាក្សាជាមួយតំណាងរដ្ឋាភិបាល និងអភិបាលរាជធានីភ្នំពេញពាក់ព័ន្ធនឹង គ្រួសារដែលមិនទាន់ទទួលបានប័ណ្ណកម្មសិទិ្ធដី និងគ្រួសារដែលបានចាកចេញទាំងបង្ខំ ចិត្តរួចហើយ”។
អ្នកស្រីបានបន្ថែមថា “ពួកគេបានលើកឡើងថា ពួកគេនឹងបន្តធ្វើការជាមួយរដ្ឋាភិបាលដើម្បីស្វែងរកដំណោះស្រាយជួនពួកយើង ហើយពួកគេកំពុងរង់ចាំដំណោះស្រាយពីរដ្ឋាភិបាល”។
មន្ត្រីសាលារាជធានីបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីកិច្ចប្រជុំរបស់ខ្លួនជាមួយមន្ត្រីធនាគារពិភពលោកទេ។ កិច្ចប្រជុំនេះធ្វើ ឡើងមិនដល់ពីរសប្តាហ៍ផងទេ បន្ទាប់ពីមន្ត្រីសាលារាជធានីបាននិយាយក្នុងជំនួបជាមួយតំណាងសហ គមន៍បឹងកក់ថា ខ្លួនរំពឹងថា ធនាគារពិភពលោកនឹងជួយផ្តល់សំណងដល់គ្រួសារអ្នកភូមិដែលត្រូវបានបណ្តេញចេញ។
អង្គការសិទ្ធិលំនៅដ្ឋានបានលើកឡើងថា មន្ត្រីសាលារាជធានីបានធ្វើសកម្មភាពដោយខុសច្បាប់ពេលពួកគេលក់ដីភាគច្រើននៅតំបន់បឹងកក់ទៅឲ្យក្រុមហ៊ុនអចលនទ្រព្យ ឯកជនរបស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ២០០៧ ពីព្រោះគេមិនបានផ្តល់ឱកាសឲ្យអ្នកភូមិដាក់ពាក្យសំុប័ណ្ណកម្មសិទ្ធិដីដែលពួកគាត់មានសិទ្ធិទទួលបានឡើយ។
កាលពីឆ្នាំ២០១១ធនាគារពិភពលោកបានទទួលស្គាល់ថា ខ្លួនបានបរាជ័យក្នុងគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីដោយមិនបានចាត់វិធានការគ្រប់គ្រាន់ដើម្បីធានាឲ្យបានថា សិទ្ធិរបស់អ្នកភូមិតំបន់បឹងកក់ត្រូវបានការពារ។
កាលពីចុងឆ្នាំនោះ ធនាគារពិភពលោកបានបង្កកការផ្តល់មូលនិធិថ្មីដល់រដ្ឋាភិបាលកម្ពុជាដោយសារតែមានការបណ្តេញអ្នកភូមិជាច្រើនគ្រួសារចេញពីតំបន់បឹងកក់ ប៉ុន្តែ បានលើកឡើងថា ធនាគារពិភពលោកមិនអាចធ្វើអ្វីឲ្យលើសពីនេះដើម្បីជួយដល់អ្នកភូមិដែលត្រូវបានបណ្តេញចេញទេដោយសារខ្វះការសហការពីរដ្ឋាភិបាល។
អ្នកស្រី ទេព វន្នី បានឲ្យដឹងថា តំណាងអ្នកភូមិបឹងកក់សប្បាយចិត្ត ដែលធនាគារពិភពលោកលើកឡើងថា ប្រាក់កម្ចីថ្មីនៅតែបង្កកដដែល ប៉ុន្តែបានបន្ថែមថា វាមិនទាន់គ្រប់គ្រាន់ក្នុងការបង្ខំឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះសកម្មភាពខុសច្បាប់របស់ខ្លួនទេ។
អ្នកស្រីបាននិយាយថា “ធនាគារពិភពលោកមិនបានប្រឹងប្រែងគ្រប់គ្រាន់ទេ ហើយ មានភាពយឺតយ៉ាវពេកក្នុងការជួយដល់ពួកយើង ពីព្រោះពួកគេគ្រាន់តែបង្កកការផ្តល់មូលនិធិដល់រដ្ឋាភិបាលតែប៉ុណ្ណោះ…។ ពួកគេគួរស្វែងរកយុទ្ធសាស្ត្រផ្សេងដើម្បីជំរុញឲ្យរដ្ឋាភិបាលស្វែងរកដំណោះស្រាយជូនពួកយើង។ការបង្កកមូលនិធិបានធ្វើឡើងជាយូរមកហើយ ប៉ុន្តែ រដ្ឋាភិបាលនៅតែដោះស្រាយបញ្ហានេះយឺតយ៉ាវដដែល ហើយ វាមិនបានជួយដល់ពួកយើងប៉ុន្មានទេ”។
លោក Sow នាយកធនាគារ ពិភពលោកប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ជំនួបជាមួយ អ្នកភូមិបឹងកក់ គឺដើម្បីស្តាប់កង្វល់របស់ពួកគាត់តែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា លោកមិនបាននិយាយប្រាប់ពួកគេអំពីជំនួបរបស់លោកជាមួយអភិបាលរាជធានីនៅព្រឹកនោះទេ ហើយ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយ អំពីជំនួបជាមួយលោក ប៉ា សុជាតិវង្ស ឡើយ៕សារុន
(រាយការណ៍បន្ថែមដោយ Zsombor Peter)