អំឡុងការបើកសវនាការជំនុំជម្រះនាងនៅឯសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ស្ត្រីអាយុ៣១ឆ្នាំម្នាក់ បានអះអាងថា ថ្នាំងងុយដេកគឺជាឥទ្ធិពលដែលធ្វើឲ្យមានការរំលោភបំពាននិងការប្រើអំពើហិង្សាដែលគាត់បានប្រព្រឹត្តលើក្មេងស្រីបម្រើការតាមផ្ទះរបស់គាត់។
មន្ត្រីតុលាការបានឲ្យដឹងថា តែទោះជាយ៉ាងណា អ្នកស្ត្រី គង់ ស៊ីណាតនៅតែត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនាលើក្មេងស្រីបម្រើការតាមផ្ទះអាយុ១៧ឆ្នាំម្នាក់។
លោក សោម លីហុល នាយការិយាល័យនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានមានប្រសាសន៍ថា “ជនសង្ស័យអះអាងថាបានលេបថ្នាំងងុយដេកជាច្រើនគ្រាប់ ដែលជាហេតុធ្វើឲ្យគាត់មិនអាចចងចាំនូវ [អ្វីដែលខ្លួនបានធ្វើ]”។
អ្នកស្រី ស៊ីណាត ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ បន្ទាប់ពីស្ត្រីបម្រើការតាមផ្ទះរូបនេះបានគេចខ្លួនកាលពីថ្ងៃសុក្រទៅប៉ុស្តិ៍នគរបាលសង្កាត់ ជាទីដែលនាងបានអះអាងថា អ្នកស្ត្រី ស៊ីណាត បានបង្ខំឲ្យនាងស៊ីកម្អួតនិងផឹកទឹកនោមរបស់ខ្លួនឯង ជាការដាក់ទណ្ឌកម្ម។
អ្នកស្រី ប៉ុក ប៉ុណ្ណា អ្នកគ្រប់គ្រងផ្នែកផ្តល់ទីជម្រកនិងជាអ្នកផ្តល់ប្រឹក្សាផ្នែកចិត្តសាស្ត្រនៅមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារបានលើកឡើងថា ក្មេងស្រីបម្រើការតាមផ្ទះរូបនេះត្រូវបាននាំទៅកាន់មណ្ឌលបន្ទាប់ពីនាងគេចខ្លួនចេញពីកណ្តាប់ដៃរបស់ម្ចាស់ផ្ទះ។
អ្នកស្រីបាននិយាយថា “ជនរងគ្រោះបានប្រាប់យើងថា នាងត្រូវគេបង្ខំឲ្យស៊ីលាមករបស់ខ្លួនជាមួយបាយ ប្រសិនបើនាងមិនធ្វើតាមបញ្ជាម្ចាស់ផ្ទះ”។ លោក ជា ម៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា អ្នកស្រី ស៊ីណាត បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួនដោយបណ្តោះអាសន្ន៕ ស៊ុយឈាង