អគាររោងចក្រ យូអេសអេ ហ្វូលី ហ្វៀលហ្គាមិន (USA Fully Field Garment) ដែលមានទីតាំងស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញបច្ចុប្បន្ននេះមិនមានអ្វីនៅខាងក្នុងទេ ហើយនៅខាងក្រោមមានសំរាមរាយបា៉ាយ និងឡាំងពេញដោយស្លាកសម្គាល់ម៉ាកសម្លៀកបំពាក់ ដែលត្រូវបានកម្មករជិត៤០០នាក់បានដេរនៅមុនពេលម្ចាស់រោងចក្រនេះបានរត់គេចខ្លួនកាលពីខែធ្នូ ហើយកម្មករក៏ឈប់ធ្វើការ។
ស្លាកសម្គាល់សម្លៀកបំពាក់ដែលត្រូវបានគេបោះចោលលើគំនរកម្ទេចក្រណាត់មានតាំងពីស្លាកម៉ាកសម្លៀកបំពាក់ Joe Fresh ជា “ផលិតផលសម្លៀកបំពាក់លេខ១នៅកាណាដា” ស្លាកម៉ាកសម្លៀកបំពាក់ Vero Modo ដែលជាម៉ាកសម្លៀកបំពាក់អឺរ៉ុប និងស្លាកម៉ាកសម្លៀកបំពាក់ Givova ដែលជាម៉ាកសម្លៀកបំពាក់កីឡាសម្រាប់ផ្គត់ផ្គង់ជាឯកសណ្ឋានឲ្យក្រុមកីឡាករបាល់ទាត់អាជីពជាច្រើន ព្រមទាំងក្រុមជម្រើសជាតិនៃប្រទេសម៉ាល់ត៍ផងដែរ។
រោងចក្រ យូអេសអេ ហ្វូលី ហ្វៀល ដែលជាកម្មសិទ្ធិរបស់ថៅកែចិននោះ ត្រូវបានចុះបញ្ជីជារោងចក្រមួយក្នុងចំណោមរោងចក្រដប់ដែលអនុវត្តច្បាប់ការងារកម្ពុជាបានតិចបំផុត នៅក្នុងសំណុំទិន្នន័យតម្លាភាពដែលកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) របស់អង្គការពលកម្មអន្តរជាតិ (ILO)។ សំណុំទិន្នន័យដែលត្រូវបានបង្ហាញកាលពីខែមុន និងគ្រោងនឹងត្រូវបានប្រើប្រាស់ពេញមួយឆ្នាំនេះ បានបង្ហាញករណីរំលោភច្បាប់ការងារជាច្រើន នៅក្នុងវិស័យកាត់ដេរ ទាក់ទងនឹងសុវត្ថិភាពការងារ ប្រាក់ខែកម្មករ និងការបញ្ឈប់ពីការងារដោយមិនត្រឹមត្រូវ។
សំណុំទិន្នន័យរបស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានេះមានគោលបំណងរាយឈ្មោះរោងចក្រដែលរំលោភច្បាប់ការងារកម្ពុជានិងស្តង់ដារអន្តរជាតិយ៉ាងច្រើន ដើម្បីដាក់សម្ពាធឲ្យម្ចាស់រោងចក្រកែលម្អលក្ខខណ្ឌការងារ។ ក៏ប៉ុន្តែបញ្ជីឈ្មោះរោងចក្រក្នុងសំណុំទិន្នន័យរបស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជាមិនបានភ្ជាប់ទំនាក់ទំនងរវាងរោងចក្រទាំងនោះ និងអតិថិជនអន្តរជាតិដែលសម្រេចបានប្រាក់ចំណេញយ៉ាងច្រើនពីសង្វាក់ផ្គត់ផ្គង់របស់រោងចក្រកាត់ដេរទាំងនេះទេ ជាហេតុនាំឲ្យមិនសូវមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ នេះបើយោងតាមអ្នកជំនាញការផ្នែកវិស័យកាត់ដេរ។
នៅទល់មុខបរិវេណរោងចក្រ យូអេសអេ ហ្វូលី ហ្វៀល មានរោងចក្រមួយទៀតដែលស្ថិតក្នុងបញ្ជីឈ្មោះរោងចក្ររំលោភច្បាប់ការងារកម្ពុជា របស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺរោងចក្រ ផុង វា៉ាន អុីនធើប៉្រាយ ខូ អិលធីឌី (Phong Wan Enterprise Co., Ltd.) ដែលត្រូវបានគេបោះបង់ចោលផងដែរ។
ស្លាកម៉ាកសម្លៀកបំពាក់ជាច្រើនរបស់ហាង ដាន់នីស ស្តរ (Dunnes Stores) ដែលជាហាងលក់សម្លៀកបំពាក់ដ៏ពេញនិយមមួយនៅចក្រភពអង់គ្លេស និងប្រទេសអៀរឡង់ ត្រូវបានដាក់ពង្រាយយ៉ាងរបា៉ាត់រប៉ាយនៅបរិវេណរោងចក្របិទទ្វារនេះ។
ម្ចាស់រោងចក្រជនជាតិចិនបានបិទទ្វាររោងចក្រតូចមួយនេះ កាលពីពីរសប្តាហ៍មុន ដោយសារតែមានកម្មករប្រហែល២០០នាក់នាំគ្នាតវ៉ា នេះបើយោងតាមបុគ្គលិកសន្តិសុខនៅទីនោះ ដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិក។ គួរបញ្ជាក់ថា កម្មករទាំងនោះបានត្អូញត្អែរអំពីលក្ខខណ្ឌការងារមិនល្អ និងប្រាក់ខែទាបជាងប្រាក់ឈ្នួលអប្បបរមា១០០ដុល្លារក្នុងមួយខែ។
រោងចក្រ អេវើ ហ្ក្លរី (ខេមបូឌា) ហ្គាមិន មេនញូហ្វេកធើរីង [Ever Glory (Camobodia) Garment Manufacturing] នៅក្នុងខណ្ឌពោធិ៍សែនជ័យ ក៏ស្ថិតក្នុងចំណោមរោងចក្រដែលអនុវត្តច្បាប់ការងារកម្ពុជាបានតិចតួច និងមានឈ្មោះក្នុងបញ្ជីរបស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជាផងដែរ ប៉ុន្តែនៅតែដំណើរការដោយមានកម្មករពី៤០០ទៅ៥០០នាក់។
យោងតាមកម្មករដែលបានបង្ហាញស្លាកម៉ាកជាច្រើននៅលើសម្លៀកបំពាក់កាត់ដេរក្នុងរោងចក្រនេះ បានឲ្យដឹងថា លក្ខខណ្ឌការងារមិនមានភាពល្អឡើងគួរឲ្យកត់សម្គាល់ទេ។
ស្លាកម៉ាកសម្លៀកបំពាក់ស្ត្រី Zara នៅហាង Trafaluc គឺជារបស់ក្រុមហ៊ុន អុីនឌីធិច (Inditex) ដែលស្ថិតក្នុងចំណោមម៉ាកសម្លៀកបំពាក់ល្បីធំបំផុតនៅលើពិភពលោក ស្លាកម៉ាកខោឃៅប៊យ Denver Hayes គឺជារបស់ក្រុមហ៊ុនសម្លៀកបំពាក់ធ្វើការកាណាដាឈ្មោះ ម៉ាក (Mark) និងស្លាកម៉ាកសម្លៀកបំពាក់កុមារPalomino គឺជារបស់ក្រុមហ៊ុនលក់រាយអឺរ៉ុបមួយឈ្មោះ ស៊ីអិនអេ (C&A)។
អ្នកស្រី លឹម អឿន អាយុ៣២ឆ្នាំ ដែលបានធ្វើការនៅរោងចក្រ អេវើ ហ្ក្លរី អស់រយៈពេលប្រហែលប្រាំមួយឆ្នាំមកហើយនោះ បានត្អូញត្អែរអំពីបរិយាកាសក្តៅហប់ និងបាននិយាយថា អ្នកគ្រប់គ្រងនៅរោងចក្រនេះជារឿយៗបានដកយកប្រាក់រង្វាន់ និងប្រាក់ចំណាយលើម្ហូបអាហារ ហើយក៏មានការហាមឃាត់មិនឲ្យបើកសហជីពផងដែរ។
អ្នកស្រីបានពោលថា “ ម្ចាស់រោងចក្រមិនអនុញ្ញាតឲ្យពួកយើងបង្កើតសហជីពទេ ពីព្រោះគាត់មិនចង់ឲ្យមានការរំខាននៅក្នុងសកម្មភាពកាត់ដេរទេ ហើយគាត់ក្លាយសហជីពជំរុញឲ្យកម្មករដែលមិនពេញចិត្តនាំគ្នា តវ៉ាប្រឆាំងនឹងរោងចក្រ”។
នៅរោងចក្រ លីកសីុង នីតធីង ហ្វេកធើរី ខូ អិលធីឌី (Lixing Knitting Factory Co., Ltd.) ក្នុងខណ្ឌមានជ័យដែលក៏មានឈ្មោះនៅក្នុងបញ្ជីរបស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជាផងដែរនោះ កម្មករបានបង្ហាញស្លាកម៉ាកសម្លៀកបំពាក់ដែលមានស្លាកសញ្ញាថា Bluezoo ឲ្យអ្នកសារព័ត៌មានឃើញ។ គួរបញ្ជាក់ផងដែរថា នេះគឺជាស្លាកម៉ាកសម្លៀកបំពាក់កុមាររបស់ក្រុមហ៊ុនលក់រាយចក្រភពអង់គ្លេសមួយឈ្មោះ ដេបេនហាំ (Debenhams)។
លោក ហាន ស៊ុន គណនេយ្យកររោងចក្រនេះបានឲ្យដឹងថា លក្ខខណ្ឌការងារនៅរោងចក្រតូចមួយនេះមិនស្របតាមស្តង់ដារទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំទទួលស្គាល់ថា លក្ខខណ្ឌការងារនៅរោងចក្រនេះប្រហែលជាមិនល្អទេ ហើយស្តង់ដាររោងចក្រមិនអាចសម្រេចទៅរួចទេ ព្រោះអគាររោងចក្រនេះមានទំហំតូចពេក”។
រោងចក្រ ប៊េស ថាន ហ្គាមិន អិលធីឌី (Best Tan Garment Ltd.) ក្នុងខណ្ឌមានជ័យ ដែលក៏មានឈ្មោះនៅក្នុងបញ្ជីរោងចក្រមិនគោរពច្បាប់ការងារនៅប្រទេសកម្ពុជា របស់កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជាផងដែរនោះ ត្រូវបានរកឃើញកាលពីខែមុនថា បានផលិតសម្លៀកបំពាក់សម្រាប់ផ្គត់ផ្គង់ឲ្យក្រុមហ៊ុន អុីនឌីធិច ដែល ក៏ជាម្ចាស់ស្លាកម៉ាកសម្លៀកបំពាក់អេស្ប៉ាញ Pull & Bear ដែរ។
លោក ដេវ វែល (Dave Welsh) នាយកប្រចាំប្រទេសមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) ដែលជាអង្គការសិទ្ធិការងារមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងឲ្យមានការទូទាត់ប្រាក់បំណាច់ឲ្យបានត្រឹមត្រូវឲ្យអតីតកម្មករប្រហែល៣០០នាក់ដែលធ្លាប់ធ្វើការនៅរោងចក្រ យូអេសអេ ហ្វូលី ហ្វៀល ហ្គាមិន។ គួរបញ្ជាក់ថា កម្មករទាំងនេះបានបាត់បង់ការងារធ្វើនៅពេលម្ចាស់រោងចក្រជំពាក់បំណុលគេរបស់រោងចក្រនេះបានបិទទ្វាររោងចក្រនេះភ្លាមៗ។
លោកបានលើកឡើងថា អង្គការពលកម្មអន្តរជាតិបានចាត់វិធានការសំខាន់ដំបូងមួយ ដោយបង្ហាញពីមុខមាត់រោងចក្រដែលអនុវត្តច្បាប់ការងារមិនបានល្អ ក៏ប៉ុន្តែការបង្កើនចំនួនឈ្មោះរោងចក្រនៅក្នុងសំណុំទិន្នន័យរបស់កម្មវិធីរោងចក្រកាន់តែប្រសើរ ដើម្បីដាក់សម្ពាធទៅលើក្រុមហ៊៊ុននានានោះត្រូវតែជាវិធានការបន្ទាប់។
លោកបានមានប្រសាសន៍ថា “មានគម្លាតយ៉ាងធំរវាងអ្វីដែលក្រុមហ៊ុននានាបានលើកឡើងនៅលើគេហទំព័ររបស់ខ្លួន និងនៅក្នុងក្រមប្រតិបត្តិនានា និងអ្វីដែលពួកគេធ្វើនៅខាងក្រៅជាក់ស្តែង ដូច្នេះ កាលណាមានក្រុមហ៊ុនកាន់តែច្រើនអាចត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយរោងចក្រល្មើសច្បាប់ គឺស្ថានភាពកាន់តែប្រសើរ”។
លោក ដេវ វែល បានមានប្រសាសន៍បន្តទៀតថា “ក្រុមហ៊ុននានាត្រូវមានការវិនិយោគនៅក្នុងដំណើរការនេះ ពីព្រោះវាគឺជារឿងប្រឌិតស្របច្បាប់មួយថា ពួកគេមិនមែនជាម្ចាស់ទេ ក៏ប៉ុន្តែពួកគេទទួលប្រយោជន៍ច្រើនជាងគេបំផុត”។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលតំណាងរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងប្រហែល៤៥០រោងចក្រ ក៏បានកត់សម្គាល់ពីបញ្ហាមិនមានទំនាក់ទំនងរវាងស្មារតីប្តេជ្ញារបស់ក្រុមហ៊ុនលក់ទំនិញរាយចំពោះសង្គម និងតថភាពនៃសង្វាក់ផលិតកម្មរបស់ខ្លួនផងដែរ។ លោកបានលើកឡើងបន្តថា ការគ្រាន់តែបង្ហាញឈ្មោះនិងមុខមាត់របស់រោងចក្រនឹងមិនអាចដោះស្រាយបញ្ហានេះបានទេ។
លោក កែន លូ បានមានប្រសាសន៍ថា “សមាគម GMAC បានស្នើឲ្យមានការបង្ហាញឈ្មោះក្រុមហ៊ុនជាច្រើនលើកមកហើយ។ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជាមិនអាចសម្រេចគោលបំណងរបស់ខ្លួន ក្នុងការអនុវត្តវិធានការដាក់សម្ពាធទៅក្រៅប្រទេសដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរក្នុងរោងចក្រ ដោយមិនមានការបញ្ចេញឈ្មោះអតិថិជនរបស់រោងចក្រទាំងនោះបានទេ ពីព្រោះភាគីដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ គឺអតិថិជន”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “គ្រាន់តែបង្ហាញភាគីម្ខាងនៃសាច់រឿងមិនអាចមានឥទ្ធិពលបានទេ”។
លោកស្រី ជីល តាក់គ័រ (Jill Tucker) ប្រធានទីប្រឹក្សាបច្ចេកទេសកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជាបានលើកឡើងថា អង្គការពលកម្មអន្តរជាតិ មិនជំទាស់ទៅនឹងការបោះពុម្ពផ្សាយស្លាកម៉ាកសម្លៀកបំពាក់នៅរោងចក្រទាំងនោះទេ និងកំពុងពិភាក្សាពីលទ្ធភាពធ្វើរឿងនេះជាមួយសមាគម GMAC ។
លោកស្រីបានមានប្រសាសន៍ដូច្នេះថា “បច្ចុប្បន្ន រោងចក្រមិនចាំបាច់ប្រាប់យើងថាតេើពួកគេផលិតសម្លៀកបំពាក់ម៉ាកអ្វីខ្លះទេ។ ដូច្នេះយើងដឹងតែអំពី៤៥ម៉ាកដែលត្រូវបានចុះបញ្ជីក្នុងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ប៉ុន្តែមានរាប់រយម៉ាកឯណោះ”។
លោកស្រី តាក់គ័រ បានមានប្រសាសន៍បន្ថែមទៀតថា “ ប្រសិនបើរដ្ឋាភិបាលផ្លាស់ប្តូរអាណត្តិរបស់យើង ឬក៏ប្រសិនបើយើងធ្វើការជាមួយសមាគម GMAC និងស្ថាប័នផ្សេងទៀត ដើម្បីទទួលបានបញ្ជីម៉ាកដ៏ត្រឹមត្រូវមួយនៅរោងចក្រទាំងឡាយ នោះយើងនឹងអាចពិចារណាអំពីការបង្ហាញម៉ាកទាំងនោះ”។ លោកស្រីបានមានប្រសាសន៍បន្តថា “ប៉ុន្តែរឿងនេះត្រូវតែត្រូវបានអនុវត្តតាមវិធីដ៏ត្រឹមត្រូវមួយ”។ មិនមានក្រុមហ៊ុនម្ចាស់ម៉ាកណាមួយបានឆ្លើយតបទៅនឹងសំណើសុំធ្វើសេចក្តីអត្ថាធិប្បាយពីអ្នកសារព័ត៌មានទេ៕ សុធា