យោងតាមប្រធានក្រុមហ៊ុនតាក់ស៊ីកូរ៉េខាងត្បូងបានឲ្យដឹងថា ក្រុមហ៊ុនតាក់ស៊ីកូរ៉េខាងត្បូងបានត្រឡប់ទៅចរចាជាមួយសាលារាជធានីជាថ្មី ដើម្បីប្រជែងយកកិច្ចសន្យាផ្តល់សេវាកម្មរថយន្តក្រុងសាធារណៈពីក្រុមហ៊ុនចិនដែលដំបូងឡើយខ្លួនប្រជែងមិនឈ្នះ។
លោក ឆយ ដេយ៉ុង (Choi Dae Yong) ប្រធានក្រុមហ៊ុនតាក់ស៊ី Trans-Choice របស់កូរ៉េខាងត្បូងបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនរបស់លោកកំពុងចរចាជាមួយសាលារាជធានី ដើម្បីទទួលបានកិច្ចសន្យាផ្តល់សេវាកម្មរថយន្តក្រុងសាធារណៈ។ លោកបានប៉ាន់ប្រមាណថា វាអាចចំណាយពេលរហូតដល់ទៅប្រាំមួយខែ ដើម្បីធ្វើឲ្យរថយន្តចំនួន៥០គ្រឿងមានចរាចរណ៍តាមផ្លូវចំនួនប្រាំមួយខ្សែដែលត្រូវបានពង្រីកបន្ថែម។
លោក ដេយ៉ុង បានមានប្រសាសន៍ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមថា “វាកំពុងស្ថិតក្រោមការចរចា ប៉ុន្តែយើងត្រូវការរៀបចំខ្សែរត់បន្ថែម ហេតុដូច្នេះយើងត្រូវការពេលវេលា”។
ក្រុមហ៊ុន Global (Cambodia) Trade Development ដែលក៏ជាក្រុមហ៊ុនគ្រប់គ្រងក្រុមហ៊ុនតាក់ស៊ីម៉ែត្រក្នុងរាជធានីភ្នំពេញដែរនោះបានចាប់ផ្តើមប្រតិបត្តិការផ្តល់សេវាកម្មរថយន្តក្រុងសាធារណៈជាលើកដំបូងក្នុងរាជធានីភ្នំពេញ កាលពីខែមីនា បន្ទាប់ការសាកល្បងរយៈពេលមួយខែនៅលើផ្លូវតែមួយខ្សែរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទទួលបានជោគជ័យ។
ប៉ុន្តែនៅក្នុងសប្តាហ៍នេះក្រុមហ៊ុនបានប្រគល់ប្រតិបត្តិការទៅឲ្យសាលារាជធានីភ្នំពេញវិញ ដោយមិនបានពង្រីកខ្សែរត់បន្ថែមឡើយ ក្រៅពីខ្សែរត់ដំបូងតាមបណ្តោយមហាវីថីព្រះមុនីវង្ស។ កាលពីម្សិលមិញ លោក លឹម អានឌ្រេ នាយកប្រតិបត្តិក្រុមហ៊ុននេះពន្យល់បានត្រឹមតែថា វាគឺដោយសារតែ “ បញ្ហាបច្ចេកទេស”។
ក្រុមហ៊ុន Global Trade Development នេះទទួលបានកិច្ចសន្យាដោយពុំចាំបាច់មានដំណើរការដេញថ្លៃជាសាធារណៈនោះឡើយ។ ក្រុមហ៊ុននេះទទួលបានកិច្ចសន្យាតាមរយៈកិច្ចព្រមព្រៀងផ្ទាល់មាត់ដែលក្រុមហ៊ុននេះព្រមព្រៀងបោះទុនក្នុងទឹកប្រាក់ចំនួន១២លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានឲ្យដឹង ក្រុមហ៊ុន Global Trade Development ឥឡូវនេះចង់ឲ្យរដ្ឋាភិបាលផ្តល់ឧបត្ថម្ភធននៅក្នុងការផ្តល់សេវាកម្មរថយន្តក្រុងសាធារណៈនេះ។ កាលពីខែមុន លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ការដែលពុំចាំបាច់មានដំណើរការដេញថ្លៃជាសាធារណៈនេះគឺដោយសារតែក្រុមហ៊ុន Global Trade Development គឺជាក្រុមហ៊ុនតែមួយគត់ដែលត្រៀមខ្លួនរា៉ប់រងការចំណាយទាំងស្រុងនៅក្នុងគម្រោងនេះ។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “ មានលក្ខខណ្ឌមួយចំនួនជាប់ទាក់ទិននឹងរឿងដែលក្រុមហ៊ុននេះបានស្នើឲ្យសាលារាជធានីផ្តល់ឧបត្ថម្ភធន ដែលសាលារាជធានីមិនអាចធ្វើតាមបាន”។ លោកបានបន្ថែមថា លោកមិនដឹងអំពីបញ្ហាថា តើេក្រុមហ៊ុនតាក់ស៊ី Trans-Choice របស់កូរ៉េខាងត្បូងនឹងទទួលបានកិច្ចសន្យានេះឬយ៉ាងណានោះទេ។
នៅក្នុងកិច្ចសម្ភាសមួយ កាលពីខែមុន លោក ដេយ៉ុង បានសម្តែងការខកចិត្តចំពោះរឿងដែលសាលារាជធានីមិនព្រមផ្តល់កិច្ចសន្យាផ្តល់សេវាកម្មរថយន្តក្រុងសាធារណៈមកឲ្យក្រុមហ៊ុនរបស់លោក។ ទោះបីជាក្រុមហ៊ុននេះបានបោះទុនត្រឹមតែ៥លានដុល្លារក៏ដោយ ក៏សំណើរបស់ក្រុមហ៊ុននេះមានការគាំទ្រពីរដ្ឋាភិបាលក្រុង ប៊ូសាន នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលមានប្រព័ន្ធដឹកជញ្ជូនដ៏ទំនើបដែរ។
លោក ដេយ៉ុង បានប្រសាសន៍ថា “ក្រុងប៊ូសាន និងរាជធានីភ្នំពេញមានទំនាក់ទំនងមិត្តភាពនឹងគ្នា ហើយក្រុងប៊ូសានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយយល់ព្រមផ្តល់បទពិសោធទាំងអស់ដែលខ្លួនមានក្នុងវិស័យដឹកជញ្ជូន។ លើសពីនេះទៅទៀត សមាគមរថយន្តក្រុង ក្រុងប៊ូសាន នឹងផ្តល់រថយន្តក្រុងទំនើបៗមកឲ្យយើង”។
ស្របពេលនោះ លោក លឹម អានឌ្រេ បានបដិសេធថា ក្រុមហ៊ុនរបស់លោកមិនបានបោះបង់ចោលកិច្ចសន្យាផ្តល់សេវាកម្មរថយន្តក្រុងសាធារណៈនោះទេ។ លោកបានលើកឡើងថា ការសម្រេចថា តើត្រូវបន្តប្រតិបត្តិការឡើងវិញ ឬក៍អត់នោះ នឹងត្រូវធ្វើឡើងក្រោយចូលឆ្នាំខែប្រពៃណីជាតិ។ លោកបានបន្ថែមថា គោលបំណងរបស់ក្រុមហ៊ុនកូរ៉េ ដែលចង់ប្រជែងយកកិច្ចសន្យានេះមិនធ្វើឲ្យលោកព្រួយបារម្ភនោះទេ។ លោកបានមានប្រសាសន៍ថា “ វាគឺជារឿងរបស់គេ”៕ស៊ុយឈាង