The Cambodia Daily Khmer

អគារ​ទទេ​បង្ហាញ​ពី​ភាព​មិន​ច្បាស់​លាស់​នៃ​មរតក​សម្រាប់​សាលា​ក្តី

កាល​ពី​ឆ្នាំ​២០០៩​ រដ្ឋាភិបាល​ជប៉ុន​​​បាន​ផ្តល់​មូលនិធិ​ចំនួន​ជាងពីរ​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​ សម្រាប់​សាងសង់​មជ្ឈមណ្ឌល​អចិន្ត្រៃយ៍​សម្រាប់​អង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា​ (ECCC) ក្នុង​គោល​បំណង​រក្សា​ទុក​បណ្ណា​សារ​របស់​តុលាការ​នេះ​ និង​ជួយ​​សិស្ស​និសិត្ស​ និង​អ្នកសិក្សា​ស្រាវ​ជ្រាវ​មក​ពី​ទូទាំង​ពិភព​លោក​ ក្នុង​ការ​សិក្សា​ស្វែង​យល់​ពី​ដំណើរការ​កាត់​ក្តី​នៅ​ទី​នេះ ​ចំពោះឧក្រិដ្ឋ​កម្ម​សង្គ្រាម​​។

មជ្ឈមណ្ឌល​អចិន្ត្រៃយ៍​សម្រាប់​អង្គជំនុំ​ជម្រះ​​​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា​ (ECCC) ​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ខណ្ឌ​សែន សុខ មិន​ទាន់​មាន​​​ឯក​សារ​អ្វីតម្កល់​នៅ​ឡើយ​។ Julia Wallace
មជ្ឈមណ្ឌល​អចិន្ត្រៃយ៍​សម្រាប់​អង្គជំនុំ​ជម្រះ​​​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា​ (ECCC) ​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ខណ្ឌ​សែន សុខ មិន​ទាន់​មាន​​​ឯក​សារ​អ្វីមកតម្កល់​នៅ​ឡើយ​។ Julia Wallace

សេចក្តី​ប្រកាស​មួយ​ដែល​បង្ហាញ​ពី​មូល​និធិ​ជំនួយ បាន​បង្ហាញ​ថា មជ្ឈ​មណ្ឌលនេះ​នឹង​ “ រក្សា​លទ្ធផល​របស់​សាលា​ក្តី​សម្រាប់​សង្គម​ខ្មែរ​ ដែល​​ជា​មរតក​របស់​អង្គជំនុំ​ជម្រះ​វិសា​មញ្ញ​ក្នុងតុលាការ​កម្ពុជា​ ហើយ​នឹង​បំពេញ​​មុខ​ងារ​ជា​ភស្តុតាង​សម្រាប់​ការ​រំឭក​ និង​ការ​ទប់​ស្កាត់​មិន​ឲ្យ​របប​ខ្មែរ​ក្រហ​ម​កើត​ឡើង​វិញ​”។

ជាង​បួន​ឆ្នាំ​ក្រោយ​មក មជ្ឈ​មណ្ឌល​​នេះ​ត្រូវ​បាន​សាង​សង់​ដោយ​​ប្រើ​មូលនិធិ​របស់​ជប៉ុន​ ក៏​ប៉ុន្តែ​អគារ​មជ្ឈ​មណ្ឌលដែល​មាន​ទី​តាំង​ស្ថិត​នៅ​លើ​ដី​មួយ​កន្លែង​ក្នុង​ខណ្ឌ​​សែន​សុខ​​នេះ​មិន​មាន​អ្វី​នៅ​ខាង​ក្នុង​ទេ​។ ចំណុច​នេះ​ឆ្លុះ​​បញ្ជាំង​ឲ្យ​ឃើញ​ពី​បញ្ហា​មូលនិធិ​ដែល​តែង​តែ​កើត​ឡើងរៀង​រាល់​ឆ្នាំ​ និង​ភាព​គ្មាន​សមត្ថ​​ភាព​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ក្នុង​ការ​ជំរុញ​គម្រោង​មរតក​ដែល​ត្រូវ​បាន​រក្សា​ និង​មាន​ជា​ហូរ​ហែ​រៀង​មក​​។

រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ទទួល​ខុស​ត្រូវ​ផ្នែ​ក​បច្ចេកទេស​ចំពោះ​​ការ​ផ្តល់​មូល​និធិ​ដល់​សកម្មភាព​ប្រតិបត្តិ​ការ​របស់​គម្រោង​នេះ​ ក៏​ប៉ុន្តែ​មិនទាន់​បាន​ចាត់​ចែង​ឲ្យ​មាន​មូល​និធិ​នេះ​នៅ​ឡើយ​ទេ​។ ពាក់​កណ្តាល​នៃ​អគារ​​ដែល​មាន​បួន​ជាន់​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ទី​ស្នាក់​ការ​របស់​គណៈ​មេធាវី​កម្ពុជា​ ហើយ​ពាក់​កណ្តាល​​ទៀត​មាន​គ្រឿង​សង្ហារិម​ ក៏​ប៉ុន្តែ​​មិន​មាន​សកម្មភាព​ទាល់​តែ​សោះ​។

លោក ទិត ចេង​ឡន អនុសេនីយ៍​ទោ​​ដែល​ត្រូវ​បាន​ជួល​ឲ្យ​យាម​ការ​ពារ​​ទី​តាំង​ដ៏​ស្ងាត់​ជ្រងំ​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១២​មក​នេះ​បាន​និយាយ​ថា​ “ មិន​មាន​សកម្មភាព​សោះ​ឡើយ​។ គ្រាន់​តែ​មាន​តុ​កៅ​អី​ខ្លះ​ និង​តុ​ប្រជុំ​នៅ​ខាង​ក្នុង​ប៉ុណ្ណោះ​។ មិន​មាន​មនុស្ស​ទេ​”។ លោក​ ហ្វូមីអូ ហ្គូតូ​ (Fumio Goto) លេខា​ទី​១​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ជប៉ុន​ នឹង​មិន​ផ្តល់​មូលនិធិ​​ដល់​ផ្នែក​ប្រតិបត្តិ​ការ​របស់​មជ្ឈ​មណ្ឌល​នេះ​ទេ​ ហើយ​នៅតែ​កំពុ​ង​រង​់​ចាំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ជា​អ្នក​ផ្តល់​មូលនិធិ​ដល់​ផ្នែកនេះ​។

លោក​ ហ្គូតូ បាន​មាន​ប្រសាសន៍​ថា “វា​គឺ​ជា​ចំណែក​របស់​កម្ពុជា​នាពេល​ឥឡូវ​នេះ​។ រហូត​មក​ទល់​ពេល​នេះ​ ខាង​កម្ពុជា​មាន​ការ​លំបាក​ផ្នែក​ថវិកា។ យើង​សង្ឃឹម​ថា ពួក​គេ​បាន​​រៀប​ចំ​​គ្រឿង​បំពាក់​​ដែល​នៅ​សល់​ គ្រឿង​​​បំ​ពាក់​ដែល​ចាំ​បាច់​…។ កាន់​តែ​ឆាប់​កាន់​តែ​ល្អ​”។​

លោក ផៃ​ ស៊ី​ផាន​ ជា​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ថា​ លោក​មិន​បាន​ដឹង​​ពី​រឿង​អគារ​នេះ​ទេ​ ហើយ​បាន​បង្វែរ​​សំណួរ​ទាំង​អស់​ទៅ​សាលា​ក្តី​ខ្មែរ​ក្រហម​។​

លោក នេត​ ភក្ត្រា អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា មិន​មាន​មូលនិធិ​សម្រាប​​់​ចាប់​ផ្តើម​​អនុ​វត្ត​គម្រោង​មរតក​យូរ​អង្វែង​នេះ​ទេ​ក្នុង​ពេល​នេះ​។ លោក​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​តុលាការ​នេះ​ បាន​ស្វែង​រក​មូលនិធិ​ពី​ម្ចាស់​ជំនួយ​​អន្តរជាតិ​ សម្រាប់​គម្រោង​មរតក​ផ្សេង​ៗ​​ កាល​ពី​ឆ្នាំ​២០១២​ ក៏​ប៉ុន្តែ​មិន​ទទួល​ជោគ​ជ័យ​ទេ​។

​លោក​បាន​សរសេរ​អុីម៉េល​​​ថា​ “សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ស្វែង​រក​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ពី​ម្ចាស់​ជំនួយ​ សម្រាប់​ធ្វើ​ការ​ងារ​ក្នុង​គម្រោង​មរតក​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ ​ក្នុង​ផែន​ការ​ថវិកា​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១២-២០១៣​ ក៏​ប៉ុន្តែប្រទេស​​ជា​ម្ចាស់​ជំនួយ​​ទាំង​នោះ​បាន​ស្នើ​ឲ្យ​ពន្យា​រពេល​​គម្រោង​​​​​មរតក​នេះ​ ពី​ព្រោះ​អាទិភាព​ផ្តោត​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា មាន​ថវិកា​សម្រាប់​​បំពេញ​មុខ​ងារ​របស់​សាលា​ក្តី​ខ្មែរក្រហម​”។

លោក ភក្ត្រា ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ “​ទាក​់​ទង​ទៅ​នឹង​ការ​ផ្ទេរ​ឯកសារ​ច្បាប​់​ និង​បណ្តាសារ​ គណៈ​គ្រប់​គ្រងនៅ​​សាលា​ក្តី​ខ្មែរ​ក្រហម​​កំពុង​ពិភាក្សា​អំពី​របៀប​ចាត់​ចែង​ និង​ប្រើ​ប្រាស់​អគារ​នេះ​សម្រាប់​ជា​ប្រយោ​ជន៍​សាធារណៈ​”។​

មជ្ឈមណ្ឌល​ឯកសារ​ច្បាប់​មិន​មែនជា​គម្រោងតែ​មួយ​ក្នុង​ចំណោម​គម្រោង​​មរតក​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​​ដែល​ទំនង​ជា​មិន​ជឿន​លឿន​ទៅមុខ​​​ទេ​។ កាល​ពី​ដើម​ឆ្នាំ​២០១០​​សាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​គម្រោង​ដ៏​ធំមួយ​ ដើម្បី​សហ​ការ​ជា​មួយ​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​នៃ​សាកល​​វិទ្យា​កាលី​ហ្វ័រញ៉ា ទី​ក្រុង​ បឺខេឡី (University of California, Berkeley) និង​វិទ្យាស្ថាន​ ហ៊ូវើ​(Hoover Institution) នៅ​​សាកល​វិទ្យា​ល័​យ​ស្តេន​ហ្វត​ (Stanford University) ក្នុង​ការ​អភិ​វឌ្ឍ​គម្រោង​បណ្ណាល័យ​ និង​បណ្តាសារ​អេឡិច​​ត្រូនិក​ (Virtual Tribunal) ដែល​នឹង​រក្សា​សំណុំ​រឿង​បណ្តឹង​ក្នុង​ប្រព័ន្ធ​អុីនធើណិត​។

គម្រោង​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​វិធី​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ធានា​មរតក​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ សូម្បី​តែ​ក្រោយ​ពេល​តុលាការ​នេះ​បញ្ចប់​ដំណើរ​ការ​កាត់​ក្តី​របស់​ខ្លួន​ក៏​ដោយ​ហើយ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​បញ្ចូល​​​ក្នុង​គ្រឿង​អេឡិច​ត្រូនិក​នូវ​ឯកសារ​បណ្តាសារ បទ​សម្ភាស​រវាង​បុគ្គលិក​តុលាការ​ជាមួយ​សាក្សី​ ជីវិត​ផ្ទាល​់​ខ្លួន​ក្រោម​​របប​ខ្មែរ​ក្រហម ឯកសារ​សិក្សា​តាម​ប្រព័ន្ធ​អីុនធើណិត​ កម្មវិធី​បង្ហាត់​បង្ហាញ​ពី​ចម្ងាយ​សម្រាប់​អ្នក​ភូមិ​ខ្មែរ​។

​​ក្រៅ​ពី​មុខ​ងារ​រក្សា​ទុក​បណ្តា​សារ​​រូបវន្ត​ អគារ​នៅ​ខណ្ឌ​សែន​សុខ​នេះ​ក៏​ត្រូវ​បាន​រំពឹង​ថា​ នឹង​បំពេញ​មុខ​ងារ​ជា​ទី​ស្នាក់ការ​សម្រាប់​​​គម្រោង​បណ្ណាល័យ​ និង​បណ្តាសារ​អេឡិច​​ត្រូនិក​ផង​ដែរ​​។ ប៉ុន្តែ​គម្រោង​ដែល​ត្រូវ​បាន​ដាក់​ចេញ​កាល​ពី​ឆ្នាំ​២០១១​នេះ​ បច្ចុប្បន្ន​ ត្រូវ​បាន​លុប​ចោល​ទាំង​ស្រុង​ ពោល​គឺ​មិន​បន្ត​ទៅ​មុខ​ទេ​ ដោយ​សារ​តែ​បញ្ហា​ខ្វះ​មូលនិធិ​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក ឡាស អូលសេន​(Lars Olsen) អ្នក​នាំ​ពាក្យ​អន្តរជាតិ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​។

លោក​ស្រី​ ហីុធើ រីយ៉ាន (Heather Ryan) អ្នក​​ត្រួត​ពិនិត្យ​សាលា​ក្តី​ខ្មែរ​ក្រហម​​ មក​ពីអង្គការ​គំនិត​ផ្តួច​ផ្តើម​​យុត្តិ​ធម៌​សង្គម​បើក​ទូ​លាយ​​បាន​លើក​ឡើង​ថា​​ វា​គឺ​ជា​ភាព​អាម៉ាស់​មួយ​ដែល​ឃើញ​មជ្ឈមណ្ឌល​ឯក​សារច្បាប់​មិន​មាន​អ្វី​សោះ​។​ វា​គួរ​តែ​ពេញ​ដោយ​អ្នក​ស្រាវ​ជ្រាវ​។​

លោក​ស្រី​ រីយ៉ាន បាន​មាន​ប្រសាសន៍​ថា “គម្រោង​នានា​ ដូច​ជា​គម្រោង​បណ្ណាល័យ​ និង​បណ្តាសារ​អេឡិច​​ត្រូនិក​ ដែល​ដើម​ឡើយ​ត្រូវ​បាន​រៀប​ចំ​ក្នុង​គម្រោង​ទុក​នៅ​ក្នុង​លំហ​អាកាស​ ជា​ដើម​ មាន​សារ​ៈ​សំខាន​់​សម្រាប់​លើក​កម្ពស់​មរតក​វិជ្ជមាន​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​សម្រាប់​ប្រព័ន្ធ​ច្បាប់​ជាតិ​”។

លោក​ស្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “បរាជ័យ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​ និង​អនុវត្ត​គម្រោង​បែប​នេះ​ គឺ​ជា​សញ្ញា​បង្ហាញ​ពី​បញ្ហា​ខ្វះ​ស្មារតី​ប្តេជ្ញា​របស់​រដ្ឋាភិបាល​ចំពោះ​ការ​កែ​ទម្រង់​នីតិ​រដ្ឋ​ និង​ចំពោះ​ការ​លើក​កម្ពស់​មរតក​វិជ្ជមាន​ទទួល​បាន​ពី​តុលាការ​នេះ​​ សូម្បី​តែ​ក្រោយ​ពេល​មាន​ការ​ឧបត្ថម្ភ​សប្បុរស​​សម្រាប់​ចាប់​ផ្តើម​គម្រោង​ទាំង​នេះ​ក៏​ដោយ​”៕​ សុធា 

(រាយ​ការណ៍​បន្ថែម​ដោយ​ ផាន់ អាណា)

 

Exit mobile version