មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្រុមហ៊ែកឃើអនាមិកកម្ពុជា (Anonymous Cambodia) ពីរនាក់ទៀតត្រូវបានចាប់់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីពួកគេបានជ្រៀតចូលគេហទំព័ររបស់អង្គភាពប្រឆាំងអំពើ ពុករលួយ ធ្វើឲ្យវាមិនដំណើរការជាងពីរម៉ោងនោះ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនបុរសពីរនាក់ ហើយពួកគេទាំងពីរត្រូវបានបញ្ជួនមកអង្គភាពប្រឆាំងអំពើពុករលួយ នៅវេលាម៉ោង២រសៀលថ្ងៃនេះហើយ ” ។
លោកបានមានប្រសាសន៍បន្តទៀតថា “យើងប្រមូលបានភ័ស្តុតាងដែលបញ្ជាក់ថាអ្នកទាំងពីរនេះ ពិតជាបានប្រព្រឹត្តសកម្មភាពនេះមែន ហើយយើងនឹងបញ្ជូនពួកគេទៅតុលាការដោយផ្ទាល់ ” ។
លោក ឱម យ៉ិនទៀង បានឲ្យដឹងបន្តទៀតថា ដំបូងពួកគេបាន ជ្រៀតចូលគេហទំព័រអង្គភាពប្រឆាំងអំពើពុករលួយ ដោយប្រើទូរស័ព្ទដៃ កាលពីថ្ងៃពុធ វេលាម៉ោង២រំលងអធ្រាត្រ ក៏ប៉ុន្តែ មិនបានសម្រេចទេ។ នៅវេលាម៉ោង៧ព្រឹក ពួកគេបានប្រើប្រាស់កុំព្យូទ័រធ្វើការជ្រៀតចូលសាជាថ្មីម្តងទៀត បណ្តាលឲ្យវាគាំងដំណើរការប្រហែលពីរម៉ោង។
លោកបានបដិសេធមិនប្រាប់ឈ្មោះ បុរសទាំងពីរនោះទេ ដោយអះអាងថា ពួកគេកំពុងត្រូវបានសួរចម្លើយនៅឡើយ។
លោក ឱម យ៉ិនទៀង បានមានប្រសាសន៍បន្តទៀតថា “បុគ្គលិករបស់យើងទទួលបានការសិក្សាច្បាស់លាស់ផ្នែកព័ត៌មានវិទ្យា ដូច្នេះហើយបុគ្គលិកយើងឆ្លាតជាងក្រុមហ៊ែកឃើទៅទៀត ហើយបុគ្គលិករបស់យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារ និងធ្វើឲ្យគេហទំព័រនេះដំណើរការដូចដើមវិញ ហើយឥឡូវនេះគេហទំព័ររបស់យើងដំណើរការធម្មតាឡើងវិញហើយ”។
នៅ លើគេហទំព័រហ្វេសប៊ុក របស់អនាមិកកម្ពុជា បានប្តេជ្ញាកាលពីថ្ងៃសុក្រសប្តាហ៍មុនថា នឹងបន្តសកម្មភាពជ្រៀតជ្រែកគេហទំព័ររបស់ស្ថាប័ន ដែលគាំទ្ររដ្ឋាភិបាល ហើយពួកគេបានអះអាងថា នឹងវាយប្រហារគេហទំព័ររបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងគេហទំព័ររបស់ Cana Securities Pls ជាក្រុមហ៊ុនធំមួយដែលគ្រប់គ្រងលើធនាគារកាណាឌីយា Canadia Bank Plc។
លោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថា ក្រុមហ៊ែកឃើបានជ្រៀតជ្រែកគេហទំព័ររបស់កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស អស់រយៈពេលប្រហែលជា ១០ ម៉ោង កាលពីថ្ងៃព្រហស្បតិ៍។ លោកបានមានប្រសាសន៍ថា “វាមិនបានធ្វើប៉ះ ពាល់ដល់សន្តិសុខជាតិទេ។ ឥឡូវវាដំណើរការជាធម្មតាវិញហើយ។ ក្រុមហ៊ែកឃើមានបង្ហោះឈ្មោះ និង លេខសម្ងាត់របស់គេហទំព័រ Cana Securities”។