បួនថ្ងៃបន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានចេញផ្សាយរបាយការណ៍មួយរិះគន់រដ្ឋាភិបាលក្រុងវ៉ាសីុនតោនចំពោះការគាំទ្រដល់ “កងកម្លាំងប្រដាប់អាវុធដែលរំលោភបំពាន” របស់កម្ពុជា ទំព័រហ្វេសប៊ុកមួយដែលមានរូបថតដូចបានលើកឡើងក្នុងរបាយការណ៍នេះ ត្រូវបានលុបចេញពីបណ្តាញអីុនធើណិត។
យោងតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា ” ឆ្មាំអង្គរ២០១៤” (Angkor Sentinel 2014) នេះគ្រប់គ្រងដោយកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាសីុហ្វិក ដែលបានឧបត្ថម្ភគាំទ្រលំហាត់ហ្វឹកហ្វឺនឆ្មាំអង្គរ រយៈពេល១០ថ្ងៃកាលពីខែមុននៅក្នុងខេត្តកំពង់ស្ពឺ។
លំហាត់ហ្វឹកហ្វឺនដែលធ្វើឡើងប្រចាំឆ្នាំនេះត្រូវបានលើកឡើងថា មានគោលបំណងពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការបំពេញបេសកម្មផ្តល់ជំនួយមនុស្សធម៌ ឬគ្រោះមហន្តរាយ។
ទោះជាយ៉ាងណា អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចោទប្រកាន់ថា រូបថតដែលត្រូវបានអាប់ឡូតចូលក្នុងទំព័រហ្វេសប៊ុកឆ្មាំអង្គរ២០១៤ដែលបង្ហាញពីសកម្មភាពទាហានកងយោធពលខេមរភូមិន្ទភ្ជុងកាំភ្លើងវែង អាកា-៤៧បញ្ជាក់ថា មិនមែនលំហាត់ហ្វឹកហ្វឺនទាំងអស់សុទ្ធតែពាក់ព័ន្ធនឹងជំនួយមនុស្សធម៌ ឬគ្រោះមហន្តរាយនោះទេ។
អង្គការនេះបានអះអាងថា នេះគឺជាការបំពានលើសេចក្តីព្រាងច្បាប់មួយដែលលោក បារ៉ាក់ អូបាម៉ា ប្រធានធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខាទទួលស្គាល់កាលពីខែមករា ដើម្បីផ្អាកការផ្តល់ជំនួយផ្ទាល់ទាំងអស់ដល់កម្ពុជា ដែលមិនមែនប្រើប្រាស់សម្រាប់ការបណ្តុះបណ្តាលផ្នែកជំនួយមនុស្សធម៌ ឬសិទ្ធិមនុស្ស។
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានមានប្រសាសន៍ថា ” ខ្ញុំមិនភ្ញាក់ផ្អើលបន្តិចណាសោះឡើយដែលទំព័រនេះត្រូវបានលុបចេញ។ ពួកគេចង់ធ្វើឲ្យប្រាកដថា វាត្រូវបានបិទមុនពេលសភាចាប់ផ្តើមមើលឃើញរូបភាពទាំងនេះ។ វិមានកាពីតូលនឹងសួរសំណួរជាច្រើន”។
កាលពីថ្ងៃសុក្រ កងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាសីុហ្វិក មិនបានឆ្លើយតបនឹងសំណើសុំឆ្លើយបំភ្លឺទេ ប៉ុន្តែ លោក ស៊ាន ម៉ាកគីនតុស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បាននិយាយការពារជាថ្មីម្តងទៀតចំពោះការជួយរបស់សហរដ្ឋអាមេរិកក្នុងការហ្វឹកហ្វឺនកងទ័ពកម្ពុជា។
លោកបានលើកឡើងនៅក្នុងអីុម៉េលមួយថា ” រូបថតដែលយោធាសហរដ្ឋមេរិកបានបង្ហោះតាមហ្វេសប៊ុក បង្ហាញពីទាហានកម្ពុជាទទួលការហ្វឹកហ្វឺនដើម្បីឆ្លើយតបឲ្យបានសមស្របទៅនឹងការគំរាមកំហែងនៃគ្រាប់បែកច្នៃ ដែលជាគ្រោះថ្នាក់មួយកំពុងកើតមាននៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់កម្ពុជានៅទូទាំងពិភពលោក។ ទំព័រហ្វេសប៊ុកនេះគ្រប់គ្រងដោយកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ដូច្នេះខ្ញុំសូមជម្រាបប្រាប់លោកថា អញ្ជើញមើលនីតិវិធីស្តីពីការគ្រប់គ្រងគេហទំព័រនេះទៅ”។
អង្គការនេះ ក៏បានគូសបញ្ជាក់ពីវីដេអូក្នុងគេហទំព័រយូធូបផងដែរ ដែលបង្ហាញពីពិធីបិទវគ្គលំហាត់ហ្វឹកហ្វឺនឆ្មាំអង្គរ ហើយក្នុងនោះគេឃើញទាហានម្នាក់ពាក់មួកបារេក្រហមនៃទ័ពឆត្រយោងកងពលតូចលេខ៩១១នៃកងយោធពលខេមរភូមិន្ទ ដែលរងការចោទប្រកាន់ថា បានរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីម្សិលមិញថា ទាហានមកពីកងពលតូចលេខ៩១១ពិតជាមានវត្តមាននៅក្នុងពិធីបើក និងបិទវគ្គលំហាត់ហ្វឹកហ្វឺនឆ្មាំអង្គរមែន ប៉ុន្តែបានលើកឡើងថា ” ទាហានមកពីទ័ពអាកាស ទ័ពជើងទឹក កងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងកងពលតូចលេខ៩១១មិនបានចូលរួមក្នុងលំហាត់ហ្វឹកហ្វឺនទាំងនេះទេ”។
ទាំងស្ថានទូតសហរដ្ឋអាេមរិក ទាំងមន្ត្រីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទមិនបានលាតត្រដាងថា អង្គភាពណាខ្លះបានចូលរួមក្នុងលំហាត់ហ្វឹកហ្វឺនឆ្មាំអង្គរ២០១៤ទេ៕ សុខុម