កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប៉ុនប៉ងប្រែក្លាយភាពទាល់ច្រកផ្នែកនយោបាយក្រោយការបោះឆ្នោតឲ្យទៅជាការខ្វែងគំនិតគ្នាមួយពាក់ព័ន្ធនឹងសំណើរបស់គណបក្សសង្គ្រោះជាតិសុំប៉ុស្តិ៍ទូរទស្សន៍ ដោយលើកឡើងថា ឥឡូវនេះវាអាស្រ័យលើការសម្រេចចិត្តរបស់គណបក្សប្រឆាំង។
ថ្លែងនៅឯមជ្ឈមណ្ឌលជនពិការនៅខេត្តកំពត លោក ហ៊ុន សែន បានលើកឡើងថា ការផ្តល់ស្ថានីយទូរទស្សន៍ទៅឲ្យគណបក្សប្រឆាំងកំពុងមានការពិភាក្សាគ្នា ហើយគណបក្សសង្គ្រោះជាតិគ្រាន់តែបើកក្រុមហ៊ុនមួយទទួលបានអាជ្ញាប័ណ្ណនោះហើយ។ ប៉ុន្តែ ប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានលើកឡើងថា ស្ថានីយទូរទស្សន៍តែមួយមុខមិនគ្រប់គ្រាន់សម្រាប់ឲ្យគណបក្សប្រឆាំងបញ្ចប់ការធ្វើពហិការរដ្ឋសភារបស់ខ្លួន និងបំពេញអាសនៈសភានៅទំនេរទាំង៥៥របស់ខ្លួនបានទេ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំបានស្នើឲ្យ [សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ] បង្កើតក្រុមហ៊ុនមួយ ហើយខ្ញុំបានណែនាំគាត់ថា គាត់ត្រូវធ្វើពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ”។ ក្រោយពីបង្កើតក្រុមហ៊ុនរួចហើយ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកបានប្រាប់លោក សម រង្ស៊ី ឲ្យធ្វើសំណើសុំអាជ្ញាប័ណ្ណទូរទស្សន៍ទើបគេផ្តល់ឲ្យ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “លោក សម រង្ស៊ី សន្យាថា គាត់នឹងធ្វើ ហើយខ្ញុំក៏បានសួរលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានថា តើអាចផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍ជាតិឲ្យគាត់បាន ឬទេ”។ “យើងបានអនុញ្ញាត [ឲ្យគណបក្សសង្គ្រោះជាតិបង្កើតស្ថានីយទូរទស្សន៍] ប៉ុន្តែ លោកសម រង្ស៊ី មិនបានធ្វើលិខិតមកខ្ញុំទេ។ ដូច្នេះហើយគាត់គ្មានបំណងដោះស្រាយភាពទាល់ច្រកផ្នែកនយោបាយនេះឡើយ។បើគាត់ចង់ដោះស្រាយបញ្ហានេះមែនឬមិនមែននោះ វាអាស្រ័យលើគាត់”។
លោក ហ៊ុន សែន ក៏បានមានប្រសាសន៍ដែរថា លោកក៏បានយល់ព្រមធ្វើឲ្យ គ.ជ.ប. ដែលគណបក្សសង្គ្រោះជាតិចោទថា បានលួចបន្លំសន្លឹកឆ្នោតនេះក្លាយទៅជាស្ថាប័នធម្មនុញ្ញដូចដែលគណបក្សប្រឆាំងបានទាមទារ។ លោកបានមានប្រសាសន៍ថា “ខ្ញុំុយល់ព្រមដាក់ គ.ជ.ប.ទៅក្នុងជំពូក១៥នៃរដ្ឋធម្មនុញ្ញដើម្បីបន្ថែមជំពូកមួយទៀត ហើយយើងនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ”។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា លោកបានរៀបចំឲ្យមានប្រព័ន្ធឌីជីថលសម្រាប់ទូរទស្សន៍ជាតិកម្ពុជា។ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ទោះបីជាស្ថានីយទូរទស្សន៍ថ្មីនេះមិនអនុញ្ញាតឲ្យមានឈ្មោះគណបក្សក៏ដោយ ក៏អនុញ្ញាតឲ្យទូរទស្សន៍នេះផ្សាយកម្មវិធីរបស់គណបក្សប្រឆាំងស្របតាមច្បាប់ដែរ។
លោក ខៀវ កាញារីទ្ធ បានលើកឡើងតាមហ្វេសប៊ុកថា “លោកដឹងច្បាស់ហើយថា នៅក្នុងប្រទេសកម្ពុជាការចាប់ពិរុទ្ធមិនស្របតាមរដ្ឋធម្មនុញ្ញទេ”។ ទាំងលោក ខៀវ កាញារីទ្ធ និងលោក ហ៊ុន សែន បានលើកឡើងថា ការផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍នេះបានពិភាក្សាគ្នាជាងមួយខែមកហើយ។
កាលពីម្សិលមិញ គេមិនអាចទាក់ទងលោក សម រង្ស៊ី សុំការអត្ថាធិប្បាយបានទេ ប៉ុន្តែ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថាអាទិភាពរបស់គណបក្សប្រឆាំងមិនមែនជាអាជ្ញាប័ណ្ណទូរទស្សន៍ដែលបានស្វះស្វែងរកដើម្បីធ្វើឲ្យមានតុល្យភាពចំពោះការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដែលភាគច្រើនគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាទេ។
លោក សុន ឆ័យ បានមានប្រសាសន៍ថា “យើងនឹងមិនធ្វើទេ។ យើងមិនព្រមចំពោះស្ថានីយទូរទស្សន៍ថ្មីនេះទេ លុះត្រាតែមានការដោះស្រាយបញ្ហានយោបាយទាំងអស់រួចរាល់សិន។ វាជាផ្នែកមួយនៃកញ្ចប់”។ លោកបានបន្ថែមថា កំណែទម្រង់ការបោះឆ្នោតនៅតែជាចំណុចសំខាន់ដើម្បីឲ្យគណបក្សប្រឆាំងទទួលយកអាសនៈនៅក្នុងសភារបស់ខ្លួន។
លោក សុន ឆ័យ បានមានប្រសាសន៍ថា “ស្ថានីយទូរទស្សន៍ដែលស្ថិតនៅក្រោមបទប្បញ្ញតិបច្ចុប្បន្នគ្មានន័យទេ រដ្ឋាភិបាលចង់ឲ្យយើងចុះបញ្ជីជាក្រុមហ៊ុនឯកជន ប៉ុន្តែ យើងត្រូវប្រតិបត្តិតាមបទប្បញ្ញតិ្តមិនល្អ ហើយរដ្ឋាភិបាលអាចដកអាជ្ញាប័ណ្ណវិញនៅពេលណាក៏បាន”។
នៅពេលថ្លែងសុន្ទរកថាកាលពីម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីក៏បានរិះគន់ព័ត៌មានក្លែងក្លាយដែលបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍មុនថា គាត់មានស្ថានភាពធ្ងន់ធ្ងរក្រោយពីមានជំងឺដាច់សរសៃឈាមខួរក្បាល ហើយត្រូវបានបញ្ជូនទៅប្រទេសសិង្ហបុរី។
លោក ហ៊ុន សែន បានថ្លែងដោយមិនបញ្ចេញឈ្មោះ លោក សម រង្ស៊ី ថា ប្រធានគណបក្សសង្គ្រោះជាតិបានញុះញង់ប្រជាជនដោយនិយាយថា នាយករដ្ឋមន្ត្រីបានធ្លាក់ខ្លួនឈឺ។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំបានអានកាសែត ខេមបូឌា ដេលី កាលពីថ្ងៃច័ន្ទ ហើយបានដឹងថា ប្រធានគណបក្សមួយបាននិយាយថា គាត់បានទទួលព័ត៌មានថា ខ្ញុំមានជំងឺដាច់សរសៃឈាមខួរក្បាល”។
បន្ទាប់មកលោកបានបដិសេធនឹងគំនិតមួយដែលថា លោក សម រង្ស៊ី ប្រហែលស្នងជានាយករដ្ឋមន្ត្រី ដោយលើកឡើងថា បើលោកស្លាប់អាចនាំឲ្យមានការដណ្តើមអំណាចក្នុងស្រុក។ លោកបានមានប្រសាសន៍ថា “ប្រសិនបើខ្ញុំមានជំងឺដាច់សរសៃឈាមខួរក្បាលមែនលោកឯងគួរតែវេចបង្វិចត្រៀមរត់។ ខ្ញុំនិយាយបែបនេះដោយស្មោះត្រង់ ពីព្រោះមានមនុស្សតែម្នាក់គត់ដែលអាចបញ្ជាកងទ័ព ហើយពួកគេមិនចង់ឲ្យ ហ៊ុន សែន ងាប់ទេ”៕គឹមហឿន