ក្រុមមន្ត្រីខេត្តព្រះវិហារបានរារាំងសកម្មជនការពារបរិស្ថានភ្លាមៗមិនឲ្យរៀបចំវេទិកាសាធារណៈដូចការគ្រោងទុកទេកាលពីម្សិលមិញ ដោយក្រុមសកម្មជនអះអាងថា ការរារាំងនេះគឺជាហេតុផលនយោបាយ ហើយមន្ត្រីទាំងនោះនិយាយថា ក្រុមនេះមិនបានធ្វើតាមនីតិវិធីត្រឹមត្រូវឡើយ។
លោក សេង សុខហេង អ្នកសម្របសម្រួលបណ្ដាញកសាងសន្តិភាពសហគមន៍បានមានប្រសាសន៍ថា អភិបាលខេត្ត និងអភិបាលស្រុក បានបិទវេទិកាដែលរៀបចំឡើងនៅខាងក្រៅសាលាស្រុកជ័យសែន ដើម្បីពិភាក្សាពីការកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃឡង់។
លោក សុខហេង បានមានប្រសាសន៍ថា “លោក ថោង សាគឿន អភិបាលស្រុកបានចេញមកនិយាយថា លោកអភិបាលខេត្តបានចេញបញ្ជាមិនអនុញ្ញាតឲ្យរៀបចំវេទិកាសាធារណៈនេះទេ ពីព្រោះលោកបារម្ភថា វេទិកានេះនឹងត្រូវបានប្រើប្រាស់ដើម្បីហេតុផលនយោបាយ”។ លោកបានបន្ថែមថា ” ខ្ញុំគិតថា វាគ្រាន់តែជាលេសរបស់ពួកគេប៉ុណ្ណោះ ពីព្រោះពួកគេចង់គេចវេះមិនដោះស្រាយបញ្ហាពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ ពីព្រោះពួកគេបានឃុបឃិតជាមួយឈ្មួញដើម្បីកាប់ឈើ”។
លោក សុខហេង បានមានប្រសាសន៍ថា វេទិកានេះគឺផ្ដោតលើការសង្ស័យថាមានការកាប់ឈើខុសច្បាប់ និងការជាប់ពាក់ព័ន្ធរបស់ក្រុមហ៊ុនទ្រីភាពក្នុងការកាប់ឈើនេះ។ ប្រជាពលរដ្ឋប្រហែល៣០០នាក់ត្រូវបានរារាំងមិនឲ្យចូលរួមវេទិកានេះទេ។
លោក ថោង សាគឿន អភិបាលស្រុកជ័យសែន បានទទួលស្គាល់ថា លោកបានបិទវេទិកានេះមែន ប៉ុន្តែលោកបានលើកឡើងថា វាមិនទាក់ទងនឹងនយោបាយទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិននិយាយថា យើងហាមឃាត់មិនឲ្យរៀបចំវេទិកាសាធារណៈដោយសារហេតុផលនយោបាយឡើយ។ ខ្ញុំបាននិយាយថា លោកអភិបាលខេត្តបានបញ្ជាឲ្យហាមឃាត់វេទិកានេះ ពីព្រោះមិនមានការស្នើសុំធ្វើត្រឹមត្រូវទេ។
លោក សាគឿន បានមានប្រសាសន៍ថា ក្រុមសកម្មជនបានដាក់សំណើសុំរៀបចំវេទិការយៈពេលមួយថ្ងៃមុនតែប៉ុណ្ណោះ គឺមិនអាចទទួលយកបានឡើយ។ ប៉ុន្តែលោក សុខហេង បានអះអាងថា ឯកសារត្រូវបានដាក់ជូនជាមុនត្រឹមត្រូវហើយ ហើយវេទិកាគ្រោងធ្វើនៅថ្ងៃអង្គារ។
អ្នកស្រី ឈឹម សុខា តំណាងសហគមន៍ស្អាង ក្នុងខេត្តព្រះវិហារ បានមានប្រសាសន៍ថា អាជ្ញាធរមិនអើពើនឹងបទល្មើសព្រៃឈើក្នុងសហគមន៍របស់អ្នកស្រីឡើយ។ អ្នកស្រីបាននិយាយថា ” យើងសង្កេតឃើញថា យ៉ាងហោចណាស់មានរថយន្ត៣០គ្រឿងដឹកឈើចូលទៅក្នុងក្រុមហ៊ុនទ្រីភាព។ យើងមិនបានឃើញអាជ្ញាធរ ឬក្រុមមន្ត្រីរដ្ឋបាលព្រៃឈើណារារាំងសកម្មភាពទាំងនេះឡើយ”។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា ការហាមឃាត់មិនឲ្យរៀបចំវេទិកានេះ គឺជាការរំលោភសេរីភាពនៃការបញ្ចេញមតិដោយសេរី។ លោកបានមានប្រសាសន៍ថា ” ខ្ញុំគិតថា វាជាការបំផ្លាញសេរីភាពនៃការបញ្ចេញមតិ។ សកម្មជនសហគមន៍គ្រាន់តែចង់លើកឡើងនូវកង្វល់ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើ និងស្នើឲ្យរដ្ឋាភិបាលចាត់វិធានការការពារព្រៃឈើតែប៉ុណ្ណោះ”។
លោក អុិត ភូមិរា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារបានដាក់ទូរស័ព្ទចុះនៅពេលអ្នកយកព័ត៌មានទាក់ទង។ លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕ សារុន