The Cambodia Daily Khmer

មានការ​ឆបោក​ឲ្យ​ផ្ទេរលុយ​តាម​វីង​ដើម្បី​ទទួល​បាន​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល

កាលពីម្សិលមិញ ​ខុទ្ទកាល័យ​របស​់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ប្រាប់​មន្ត្រី​រដ្ឋាភិបាល​ទូទាំង​ប្រទេស​អំពី​ការ​ឆបោក​ ឲ្យ​ផ្ទេរ​លុយ​តាម​លេខ​ទូរស័ព្ទ​ជា​ថ្នូរ​នឹ​ង​ការ​​ដំឡើង​បុណ្យស័ក្ដិ​។

យោងតាម​សេចក្ដី​ប្រកាស​មួយ​ដែល​ខុទ្ទកាល័​យនេះ​បា​ន​ចេញ​ឲ្យ​ដឹងថា មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​មនុស្ស​ដែល​អះអាង​ថា ធ្វើការ​នៅ​ខុទ្ទកាល័យ​របស់​លោក ហ៊ុន សែន និង​បាន​ស្នើ​ឲ្យ​ផ្ទេរ​លុយ​តាម​រយៈ​សេវា​ផ្ទេរ​លុយ​វីង ជា​ថ្នូរ​នឹង​ការ​ដំឡើង​បុណ្យ​ស័ក្ដិ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ខ្លី​ដែល​ចុះ​ហត្ថលេខា​ដោយលោក ហូ សិទ្ធី ប្រធាន​ខុទ្ទកាល័យ​នេះ​លើក​ឡើង​ថា “នៅពេល​ថ្មីៗ​នេះ ជន​ល្មើស​បា​ន​ឆបោក​មន្ត្រី​ខេត្ត​ និង​មន្ត្រី​ក្រុង​ ព្រម​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​តាម​រយៈ​ការ​ហៅទូរស័ព្ទ​ ដោយ​និយាយ​ថា ពួកគេ​ធ្វើការ​នៅ​ខុទ្ទកាល័យ​របស់​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី”។ “ បន្ទាប់មក​ពួកគេ​និយាយ​ថា ពួកគេ​អាច​ដំឡើង​តំណែង ឬ​ឋានន្តរស័ក្ដិ​ ប៉ុន្តែ​ត្រូវការ​រៀប​ចំ​ឯកសារ​ ដូច្នេះ​ហើយ​ពួកគេ​បាន​ប្រាប់​ឲ្យ​ផ្ទេរ​លុយ​តាម​វីង”។ “ ខុទ្ទកាល័យ​សូ​មជូន​ដំណឹង​ដល់​មន្ត្រី​ខេត្ត និង​ក្រុង​ ព្រមទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទង្វើទុច្ចរិត​នេះ​។

ប្រសិន​បើ​បង​ប្អូន​ទទួល​ការ​ហៅទូរស័ព្ទ​ពីជន​ណា​ដែល​អះអាង​ថា “ជា​មន្ត្រី​ខុទ្ទកាល័យ និង​ស្នើ​ឲ្យ​ផ្ទេរ​លុយ​សម្រាប់​កិច្ច​ការ​ណាមួយ​នោះ សូ​ម​ទាក់​ទង​មក​ខុទ្ទកាល័​យ​ជាមុន​សិន​”។

សេចក្ដី​ប្រកាស​ព័ត៌មាន​ខ្លីនេះ​មិន​បាន​បញ្ជាក់​ថា ការ​ឆបោក​បែ​ប​នេះ​មាន​រយៈពេល​យូរ​ប៉ុណ្ណា ​​ប្រកាស​ឲ្យ​មន្ត្រី​ដឹង​អំពី​ការ​ឆបោក​នេះ​ដោយ​របៀប​ណា ឬមិន​បញ្ជាក់​ថា​តើ​មាន​មន្ត្រីណា​បាន​បង់​លុយ​ដើម្បី​ទទួល​បាន​ការ​ដំឡើង​ឋានន្តរស័ក្ដិ​នោះទេ។

លោក សុក សំអឿន អ្នក​ជំនាញ​ផ្នែក​ច្បាប់​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមអ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ទោះបីជា​ពួកគេ​គឺ​ជា​ជន​រង​គ្រោះ​ក៏ដោយ ក៏​​អាច​ប្រឈម​ការ​ផ្ដន្ទាទោស​ចំពោះ​ការ​សូក​ប៉ាន់​តាម​ច្បាប់​ប្រឆាំង​​អំពើពុក​រលួយ​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា ” វា​អាស្រ័យ​លើ​គោល​បំណង​”។ លោក​បាន​បន្ថែម​ថា មន្ត្រី​បែប​នេះ​ក៏ជា​ជន​រង​គ្រោះ​ដោយសារ​ប្រព័ន្ធ​នយោបាយ​ ដែល​ពុក​រលួយ​រួច​ហើយ​នេះ​ដែរ​។ ” តាម​ប្រព័ន្ធ​របស់​យើង​ មាន​ការ​ពិបាក​ចោទ​នរណា​ម្នាក់​ពីបទ​​សូក​បា៉ន់​ណាស់”។

កាលពី​ម្សិលមិញ មន្ត្រី​នៅ​ខុទ្ទកាល័យ​របស់​លោក ហ៊ុន សែន បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ ហើយ​មន្ត្រី​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​អាច​ទាក់​ទង​បាន​។

លោក អានថូនី ពើគិន នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​វីង បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​ការ​ឆបោក​ពាក់​ព័ន្ធ​នឹង​ខុទ្ទកាល័​យ​របស់​លោក ហ៊ុន សែន ទេ ប៉ុន្តែ​​ក្រុម​ហ៊ុន​វីង​បាន​ចាត់វិធានការ​ប្រុង​ប្រយ័ត្ន​ជាមុន​រួច​ហើយ​ចំពោះ​អ្នក​ឆបោក​។

លោក​ ពើគិន បាន​មាន​ប្រសាសន៍ថា ” យើង​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​តា​ម​ទូរទស្សន៍ និង​វិទ្យុ ដោយ​មាន​កា​រសម្ភាស​តំណាង​របស់​យើង​ និង​មាន​ការ​ពន្យល់​ប្រាប់​​អំពី​ការ​ឆបោក​។ យើង​បាន​ផ្សព្វ​ផ្សាយ​តាម​អុីន​ធើណិត និង​នៅ​តាម​កន្លែង​ផ្ទេរ​លុយ​​ដើម្បី​ប្រាប់​អតិថិជន​កុំឲ្យ​ផ្ញើ​លុយ​ទៅ​ឲ្យ​មនុស្ស​ដែល​ពួកគាត់​មិន​ស្គាល់​។ “ភ្នាក់​ងារ​វីង ក៏​ត្រូវ​បាន​បណ្ដុះបណ្ដាល​អំពី​របៀប​សួរ​អតិថិជន​អំពី​ការ​ផ្ញើ​លុយ​របស់​ពួកគេ​ និង​របៀប​តាម​ដាន​សកម្មភាព​របស់​ឧក្រិដ្ឋជ​ន​ផង​ដែរ​ ហើយ​នៅ​កន្លែង​ផ្ញើ​លុយ​ក៏មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ដែរ​”។

លោក ពើគិន បាន​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ប្រតិបត្តិ​ការ​ផ្ទេរ​លុយ​ចំនួន​៣​លាន​ប្រតិបត្តិការ​ដែល​ក្រុម​ហ៊ុន​ធ្វើ​ក្នុង​មួយ​ខែ​ មាន​តែ​មួយ​ឬពីរ​ករណី​ប៉ុណ្ណោះ​ដែល​អាច​ជាករណី​ឆបោក។ លោក​បាន​មាន​ប្រសាសន៍ថា ករណីឆបោក​ជាទូទៅ​មាន​ចន្លោះពី​១០​ដុល្លារ​ទៅ​ក្រោម​២.០០០​ដុល្លារ​។ លោក​បាន​ឲ្យ​ដឹ​ង​ទៀត​ថា “ករណី​ឆបោក​មួយ​ដែល​ធំជាង​គេ​ គឺ​មាន​ចំនួន​១.២០០​ដុល្លារ​”​ ការ​អប់​រំ​នៅតែ​ជា​កត្តា​សំខាន់​ក្នុង​ការ​រារាំង​ជន​ឆបោក​។ “ត្រូវ​មានការ​ចំណាយ​ពេល​យូរ​ក្នុង​ការ​អប់រំ​ប្រជាពល​រដ្ឋ​អំពីការ​ឆបោក។ យើង​កំពុង​ប្រឹង​​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ទប់​ស្កាត់​អំពើ​នេះ​ ប៉ុន្តែ​នៅទីបញ្ចប់​នៅពេល​នរណា​ម្នាក់​ចាញ់​បោក​គេ​ហើយ វា​មិន​ងាយ​បាន​លុយ​មក​វិញ​ទេ”។

ការ​ឆបោក​តាម​ទូរស័ព្ទ​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទេរ​លុយ​មិនមែន​ជា​រឿង​ថ្មីទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ កាលពីឆ្នាំមុន បុរស​អាយុ​៤២​ឆ្នាំ​ម្នាក់​មកពីខេត្ត​រតនគិរី​ បាន​ក្លាយ​ជាជន​រង​គ្រោះ​ដោយសារ​គេ​ប្រាប់​ឲ្យ​គាត់​ផ្ទេរ​លុយចំនួន​២​លាន​រៀល​តាម​វីង ដើម្បី​ទទួល​លុយ​ឈ្នះ​ឆ្នោត​ចំនួន​៥.០០០​ដុល្លារ។

នៅពេល​ថ្មីៗ​នេះ កម្មវិធី​មួយ​របស់​​ទូរទស្សន៍ស៊ីធីអិន កាលពី​សប្ដាហ៍មុន​ក៏បាន​ជូន​ដំណឹង​ដល់​ទស្សនិកជន​អំពី​របៀប​រក​ការ​ឆបោក​ ហើយ​បាន​បង្ហាញ​ស្ត្រីម្នាក​់​ដែល​ស្ទើរ​តែ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ដោយសារ​ការ​ឆបោក​តាម​ទូរស័ព្ទ​ ប៉ុន្តែ​បាន​រួច​ផុត​ពីការ​ឆបោក​នោះវិញ បន្ទាប់ព​ី​ប្ដី​របស់​គាត់​ទាមទារ​ជួប​អ្នកហៅ​ទូរស័ព្ទ​នោះ​៕ គឹមហឿន​​​​​​​​

 

Exit mobile version