ក្រសួងការងារបានលើកឡើងកាលពីថ្ងៃសុក្រថា ពលករខ្មែរជាង៤៣.០០០នាក់ត្រូវបានបញ្ជូន ឬភៀសខ្លួនពីប្រទេសថៃមកវិញអំឡុងរដ្ឋាភិបាលយោធាចាត់វិធានការប្រមូលពលករចំណាកស្រុកខុសច្បាប់ ខណៈដែលគណបក្សប្រឆាំងបានបង្ហាញទិន្នន័យថា ពលករខ្មែរ ដែលធ្វើចំណាកស្រុកខុសច្បាប់មានជាងកន្លះលាននាក់ ហើយបានព្រមានថា កម្ពុជា នឹងជួបវិបត្តិសេដ្ឋកិច្ចបង្កឡើយដោយរំហូរយ៉ាងគំហុកនៃពលរដ្ឋគ្មានការងារធ្វើ។
កាលពីថ្ងៃសុក្រដដែល លោក ប៉ាកឌី តូឆាយូត (Pakdi Touchayoot) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានច្រានចោលការអះអាងរបស់អង្គការសិទ្ធិមនុស្សអាដហុក ដែលបានលើកឡើងថា ពលករខ្មែររហូតដល់ទៅប្រាំបួននាក់ត្រូវបានបាញ់ប្រហារអំឡុងប្រតិបត្តិការរបស់យោធា។
លោកមានប្រសាសន៍ថា “យើងបានទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធថៃ រួចហើយ ប៉ុន្តែគ្មានសេចក្តីរាយការណ៍អំពីការស្លាប់របស់ប្រជាជនកម្ពុជា ប្រាំបួននាក់នោះទេ។ ដូច្នេះយើងសូមច្រានចោលរឿងនោះ។ យើងកំពុងស្នើសុំឲ្យអង្គការអាដហុកបញ្ជាក់អំពីការចោទប្រកាន់ទាំងនេះថា តើវាបានកើតឡើងនៅកន្លែងណា និងនៅពេលណា”។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ក៏ទទួលបានសេចក្តីប្រកាសស្រដៀងគ្នាពីរដ្ឋាភិបាលថៃ ដែរ។
ទោះជាយ៉ាងណា លោក ស៊ុម ចាន់គា អ្នកសម្របសម្រួលរបស់អង្គការអាដហុកប្រចាំខេត្តបន្ទាយមានជ័យ បានគាំទ្រព័ត៌មាននេះ ដោយលើកឡើងថា អង្គការរបស់លោកបានធ្វើសម្ភាសន៍សាក្សីដែលបានឃើញហេតុការណ៍បាញ់ប្រហារទាំងនោះ។ លោកមានប្រសាសន៍ថា ” ខ្ញុំមានវីដេអូឃ្លីប និងខ្សែអាត់សំឡេងរបស់សាក្សី នៅពេលខ្ញុំធ្វើសម្ភាសន៍ពួកគាត់។ ប្រសិនបើរដ្ឋាភិបាលរបស់យើងត្រូវការ ខ្ញុំនឹងប្រគល់ឲ្យពួកគេ”។
លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រុងប៉ោយប៉ែតថា ពលករចំណាកស្រុកខ្មែរចំនួន៤៣.៦០០នាក់ត្រូវបានបញ្ជូនត្រឡប់មកវិញឆ្លងកាត់គ្រប់ច្រកព្រំដែនទាំងអស់ចាប់តាំងពីការប្រមូលចាប់ខ្លួនបានចាប់ផ្តើមកាលពីដើមខែនេះមក។
លោកមានប្រសាសន៍ថា ពលករភាគច្រើនជាជនចំណាកស្រុកខុសច្បាប់។ លោកបានមានប្រសាសន៍សំដៅដល់សេចក្តីរាយការណ៍ព្រោងព្រាតអំពីទាហានទាមទារប្រាក់ពីពលករដែលត្រូវបញ្ជូនត្រឡប់មកវិញថា ” យើងបានអំពាវនាវឲ្យអាជ្ញាធរថៃ បញ្ជូនពលករត្រឡប់មកវិញដោយទឹកចិត្តមនុស្សធម៌ កុំកេងចំណេញពីពួកគេ”។
លោកក៏បានមានប្រសាសន៍ដែរថា រដ្ឋាភិបាលកំពុងត្រៀមបង្កើតការងារដើម្បីដោះស្រាយរំហូរពលករយ៉ាងគំហុកនេះ។ លោកបានលើកឡើងទៀតថា ” ប្រសិនបើកម្មករគ្មានជំនាញ ក្រសួងការងារនឹងផ្តល់វគ្គបណ្តុះបណ្តាលដល់ពួកគេសម្រាប់ស្វែងរកការងារល្អធ្វើ”។
នៅឯសន្និសីទកាសែតមួយធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍ថា ការត្រឡប់មកវិញរបស់ពលករយ៉ាងច្រើនបែបនេះ ទំនងជាធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ច ហើយលោកបានបន្ទោសរដ្ឋាភិបាលចំពោះការមិនបង្កើតការងារតាំងពីដំបូង។
លោកមានប្រសាសន៍ថា ” ផ្អែកលើព័ត៌មានដែលខ្ញុំទទួលបាន ពលករខ្មែរយ៉ាងណោចណាស់៥០០.០០០នាក់ត្រូវបានអាជ្ញាធរថៃ បញ្ជូនត្រឡប់មកវិញ។រដ្ឋាភិបាលសេដ្ឋកិច្ចរបស់លោក ហ៊ុន សែន ទន់ខ្សោយ ហើយធ្វើឲ្យប្រជាពលរដ្ឋរបស់ខ្លួនក្រីក្រ។ រដ្ឋាបាលមិនបានបង្កើតការងារទេ ដូច្នេះប្រជាពលរដ្ឋត្រូវបង្ខំចិត្តទៅធ្វើការនៅប្រទេសថៃ។វានឹងក្លាយជាវិបត្តិសេដ្ឋកិច្ច សង្គម នយោបាយ និងជាតិ ហើយវាប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់និងសាច់ញាតិរបស់ពួកគាត់”។
ខណៈដែលគ្មានតួលេខជាក់លាក់សម្រាប់ពលករខ្មែរ ខុសច្បាប់ដែលទៅធ្វើការនៅប្រទេសថៃ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប៉ាន់ប្រមាណថា ពលករខ្មែរចន្លោះពី១៦០.០០០នាក់ទៅ២០០.០០០នាក់ កំពុងធ្វើការដោយខុសច្បាប់ក្នុងប្រទេសថៃ។ អង្គ
ការអាដហុកបានបង្ហាញតួលេខថា មានចំនួនជិត៤០០.០០០នាក់។
គណបក្សសង្គ្រោះជាតិបានជួយជាថវិកាក្នុងម្នាក់ៗ៦០០បាត ឬប្រហែល១៨.៥០ដុល្លារដល់ពលករត្រឡប់មកវិញចំនួន៥១នាក់ ហើយបញ្ជូនពួកគេតាមរថយន្តក្រុងពីក្រុងប៉ោយប៉ែត មកកាន់រាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ដើម្បីឲ្យពួកគេនិយាយអំពីស្ថានភាពនេះជាមួយសារព័ត៌មាន។ ទោះជាយ៉ាងណា មានពលករតិចតួចណាស់ដែលចាប់អារម្មណ៍ចង់និយាយអំពីនយោបាយបក្ស ពីព្រោះក្នុងចិត្តរបស់ពួកគេមានបញ្ហាបន្ទាន់ជាងនេះ។
លោក នីម សំអាត អាយុ៥០ឆ្នាំដែលបានទៅធ្វើការនៅប្រទេសថៃ អស់់រយៈពេលជាងមួយឆ្នាំ និយាយថា ” ខ្ញុំស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរ សូមមេត្តាជួយប្រជាពលរដ្ឋរបស់យើងផង ពីព្រោះពេលនេះយើងត្រឡប់មកវិញគ្មានការងារធ្វើទេ ដូច្នេះយើងគ្មានប្រាក់ចិញ្ចឹមខ្លួនឡើយ។ ខ្ញុំបានសម្រេចចិត្តទៅធ្វើការក្នុងប្រទេសថៃ ដោយសារតែខ្ញុំគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រពន្ធ និងកូនៗរបស់ខ្ញុំ ពីព្រោះតែខ្ញុំក្រ”។
ពលករចំណាកស្រុកម្នាក់ទៀតឈ្មោះ អាវ សុភី អាយុ៥៥ឆ្នាំនិយាយថា គាត់និងខ្មែរ១៩នាក់ទៀតបានចំណាយប្រាក់២.០០០បាត ឬប្រហែល៦២ដុល្លារដើម្បីជួលអ្នកបើកបរម្នាក់ឲ្យជូនពួកគេត្រឡប់មកក្រុងប៉ោយបែ៉តវិញ ដើម្បីរត់គេចពីការចាប់ខ្លួនក្នុងប្រទេសថៃ។
ប៉ុន្តែ ផ្ទុយទៅវិញ អ្នកបើកបរនោះបែរជាចាក់ពួកគេចោលនៅក្នុងព្រៃទៅវិញ ហើយភ្លាមៗនោះ នគរបាលក៏បានមកទទួលពួកគេ ហើយបានទាមទារប្រាក់ក្នុងម្នាក់ៗ២០០បាត ឬប្រហែល៦ដុល្លារ មុនពេលបញ្ជូនពួកគេត្រឡប់មកស្រុកវិញ។ លោក អាវ សុភី និយាយទៀតថា “ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងស្វែងរកការងារឲ្យពួកយើងធ្វើ”៕សុខុម
(រាយការណ៍ដោយបន្ថែមដោយ Colin Meyn )