កាលពីម្សិលមិញ ព្រះសង្ឃនិងសកម្មជនមកពីសហគមន៍បឹងកក់និងបុរីកីឡាបានចូលរួមជាមួយមនុស្សមួយក្រុមមានគ្នា១០០នាក់ដែលដឹកនាំដោយក្រុមយុវជនគណបក្សសង្គ្រោះជាតិចុះទៅខេត្តស្វាយរៀងកន្លែងដែលអ្នកភូមិនៅតាមព្រំដែនវៀតណាមអះអាងថា ការបោះបង្គោលព្រំដែនបានរំលោភយកដីរបស់ពួកគាត់។
លោក ហ៊ីង សុខសាន ប្រធានក្រុមយុវជនគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា អ្នកភូមិ១២គ្រួសារមកពីឃុំថ្នាធ្នង់ ស្រុករំដួលត្អូញត្អែរប្រាប់គណបក្សសង្គ្រោះជាតិថា អាជ្ញាធរវៀតណាមបានបោះបង្គោលព្រំដែនចូលក្នុងព្រំដែនកម្ពុជា ចម្ងាយប្រហែល១៥០ម៉ែត្រដែលស្តែងឲ្យឃើញថា បង្គោលព្រំដែនទាំងនេះធ្វើឲ្យបាត់បង់ដីស្រែរបស់ពួកគាត់ ប្រសិនបើបង្គោលព្រំដែនទាំងនេះក្លាយជាផ្លូវការនោះ។ លោក សុខសាន បានមានប្រសាសន៍ថា “យើងបានចូលរួមជាមួយអ្នកទៅមើលប្រហែល១០០នាក់ នៅពេលយើងបានទៅកាន់តំបន់ព្រំដែននៅក្នុងឃុំថ្នាធ្នង់ និងឃុំតាសួន យើងឃើញថា បង្គោលព្រំដែនចំនួនប្រាំមួយត្រូវបានបោះក្នុងទឹកដីកម្ពុជា”។
លោកបានអះអាងថា អាជ្ញាធរឃុំថ្នាធ្នង់រួមទាំងមន្ត្រីនគរបាលប្រហែល១០០នាក់ស្លៀកពាក់ឯកសណ្ឋានស៊ីវិល បានបិទផ្លូវដើម្បីព្យាយាមរារាំងក្រុមនេះមិនឲ្យចូលទៅតំបន់ព្រំដែន ប៉ុន្តែបានអនុញ្ញាតឲ្យពួកគាត់ឆ្លងកាត់វិញបន្ទាប់ការពិភាក្សារយៈពេលខ្លី។
ការរំលោភយកដីនៅព្រំដែនពីសំណាក់វៀតណាមដូចការអះអាងនេះ ជាការរិះគន់យូរមកហើយរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលបានដឹកនាំការហែក្បួនតវ៉ាទៅព្រំដែនវៀតណាមកាលពីឆ្នាំ២០០៩ ហើយបានដកបង្គោលតម្រុយព្រំដែនដែលលោកបានមានប្រសាសន៍ថា បោះនៅលើដីស្រែរបស់កសិករខ្មែរ។
ហេតុការណ៍នេះបានបណ្តាលឲ្យមានការចោទប្រកាន់ជាច្រើនដែលក្នុងនោះលោក សម រង្ស៊ី ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់ធ្វើឲ្យលោកចាកចេញពីប្រទេសកម្ពុជាអស់រយៈពេលជាងបួនឆ្នាំ។
អ្នកភូមិឈ្មោះ តឹក ឡី អាយុ៥៩ឆ្នាំ បាននិយាយថា ដីរបស់លោកស្ថិតនៅក្នុងឃុំថ្នាធ្នង់ត្រូវបានគំរាមកំហែង ហើយគាត់បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៦៣មក វៀតណាមបានរំកិលបង្គោលព្រំដែនចូលក្នុងប្រទេសកម្ពុជាជម្រៅប្រហែល១៦០ម៉ែត្រ ដែលឥឡូវនេះត្រូវបានកំណត់ដោយការបោះបង្គោលចំនួនប្រាំមួយកាលពីឆ្នាំ២០១២។ លោក ឡី បានមានប្រសាសន៍ថា “យើងមិនអាចទទួលយកបង្គោលព្រំដែនទាំងនេះបានទេ ពីព្រោះនៅពេលបោះរួចរាល់ វាមានន័យថា ដីស្រែរបស់យើងនឹងត្រូវបាត់បង់ទៅប្រទេសវៀតណាម”។
លោក រៀល ខេមរិន្ទ សមាជិកសភាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិមណ្ឌលស្វាយរៀងបានមានប្រសាសន៍ថា លោកបានឃើញសំណល់បង្គោលចាស់ដែលបង្ហាញថា អាជ្ញាធរវៀតណាមបានរំកិលព្រំដែនចូលក្នុងប្រទេសកម្ពុជាជម្រៅពី១៥០ម៉ែត្រទៅ២០០ម៉ែត្រ។
លោក ខេមរិន្ទ បានមានប្រសាសន៍ថា “នៅពេលគណបក្សសង្គ្រោះជាតិដឹកនាំរដ្ឋាភិបាល យើងនឹងពិនិត្យករណីព្រំដែនឡើងវិញតាមច្បាប់អន្តរជាតិ”។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាលបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនដឹងពីការចុះទៅទីនោះដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិទេ ហើយបានបដិសេធការដែលថា ដីនេះត្រូវបានប្រគល់ទៅឲ្យវៀតណាមនោះ។
លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថា ការអះអាងរបស់ពួកគេផ្អែកទៅលើអ្វីនោះទេ ដោយលើកឡើងថា បង្គោលព្រំដែននេះបោះនៅក្នុងទឹកដីកម្ពុជា ឬថា ដីនេះត្រូវបានបាត់បង់ទៅប្រទេសវៀតណាមនោះ វាមិនមែនជាការពិតឡើយ”។ លោក ត្រាន់ វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំរាជធានីភ្នំេពញបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕សារុន